ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី កែ សុវណ្ណ​រតន៍ សាទរ​វត្តមាន លោក សម រង្ស៊ី-កឹម សុខា ដោះស្រាយ​បញ្ហា​ខ្លួន
02, Mar 2015 , 2:37 pm        
រូបភាព

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប អ្នកស្រី កែ សុវណ្ណ​រតន៍ បាន​ស្វាគមន៍​ការចុះទៅ​ត្រួតពិនិត្យ​របស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងករណី​ដែល​សមាជិក​បក្ស​ចោទប្រកាន់​អ្នកស្រី​ថា រំលោភបំពាន​អំណាច​ក្នុង​បក្ស។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ខេត្តសៀមរាប​ប្រមាណ ៥០ នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ទីស្នាក់ការ​បក្ស​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​អ្នកស្រី កែ សុវណ្ណ​រតន៍ ចុះ​ចេញពី​តំណែង។



មិនមាន​អ្វី​ជា​កង្វល់​នោះឡើយ​សម្រាប់​អ្នកស្រី កែ សុវណ្ណ​រតន៍ នៅពេល​ខ្លួន​ទទួលដំណឹង​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចុះ​ទៅរក​ខុសត្រូវ​ដល់​ស្នាក់ការ​បក្ស​ខេត្តសៀមរាប ក្រោយពី​សកម្មជន​ខេត្ត​នេះ ៥០ នាក់ តវ៉ា​ទាមទារ​ឲ្យ​អ្នកស្រី​ចុះ​ចេញពី​តំណែង​ប្រធាន​បក្ស​ខេត្តសៀមរាប។ អ្នកស្រី កែ សុវណ្ណ​រតន៍ អះអាងថា ខ្លួន​ស្វាគមន៍​ចំពោះ​ការចុះទៅ​ត្រួតពិនិត្យ​របស់លោក សម រង្ស៊ី និង លោក កឹម សុខា ព្រោះ​មានតែ​ថ្នាក់ដឹកនាំ​ទាំងពីរ​ទេ ដែល​អាច​រក​ខុសត្រូវ​ក្នុង​បញ្ហា​នេះ​បាន។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកស្រី បន្ថែម​ដោយ​បដិសេធ​ដូច្នេះ​ថា៖ «ខ្ញុំ​គ្មាន​សិទ្ធិ​ឯណា​ទៅ​រំលោភបំពាន​អំណាច​ទៅលើ​សកម្មជន ក្រុមការងារ​របស់​ប​ក្ស ដូចជា​ការចោទប្រកាន់​នោះទេ។ ដូចនេះ​មានតែ​ប្រធាន​បក្ស​ទាំងពីរ​ទេ ដែល​អាច​ស្វែងរក​ការពិត សួរនាំ​តាម​រចនាសម្ព័ន​សកម្ម​ជន​នៅក្នុង​មូលដ្ឋាន ស៊ើបរក​ការពិត​ក្នុងករណីនេះ»។

ថ្លែង​ចំពោះមុខ​សកម្មជន និង​សមាជិក​បក្ស ដែល​បាននាំគ្នា​មក​តវ៉ា​នៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស ជាង៥០នាក់  នៅថ្ងៃនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា រូបលោក និង​លោក កឹម សុខា នឹង​ចុះ​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅ​ថ្ងៃ ០៤ មីនា នៅ​ទីស្នាក់ការ​គណបក្ស​ខេត្តសៀមរាប ដើម្បី​ស្ដាប់​មតិយោបល់​របស់​ពួកគេ មុននឹង​សម្រេចចិត្ត​ធ្វើ​ការដក​លោកស្រី កែ សុវណ្ណ​រតន៍ ចេញពី​ប្រធាន​បក្ស​ខេត្តសៀមរាប ។ « មុន​នឹងធ្វើ​សេចក្ដីសម្រេច លុះត្រាតែ​យើង​ស្ដាប់​ទាំងសងខាង ហើយ​យកមក​ថ្លឹងថ្លែង​ជាមួយគ្នា។ នេះ​ជា​ការណ៍​ល្អ​ក្នុង​ការសម្ដែង​មតិ ដែល​សមាជិក​មានចិត្ត​ក្លាហាន សម្ដែង​មតិ តវ៉ា » ។ នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី។ លោក​ប្រមុខ​បក្សប្រឆាំង​រូបនេះ ថែម​ទាំង​ជំរុញ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​តវ៉ា នៅពេលដែល​ខ្លួន​មិន​ពេញ​ចិត្តនឹង​សកម្មភាព​របស់​មន្ត្រី​បក្ស ឬ​ថ្នាក់ដឹកនាំ​ណាមួយ។

សកម្មជន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​តវ៉ា​ដោយ​លោក គង់ សឿន អនុប្រធាន​ប្រតិបត្តិ​ខេត្តសៀមរាប នៅ​ព្រឹក​នេះ បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ដក​អ្នកស្រី កែ សុវណ្ណ​រតន៍ ចេញពី​តួនាទី​បក្ស​ខេត្តសៀមរាប ក្រោម​ហេតុផល​ថា ការដឹកនាំ​របស់​តំណាងរាស្ត្រ​រូបនេះ​កន្លងមក ដឹកនាំ​បែប​លក្ខណៈ​អត្តនោម័ត មិនមាន​ការរីកចម្រើន​ដល់​គណបក្ស និង​មាន​បក្សពួកនិយម អំណាច​ប្រមូលផ្ដុំ​ជាដើម ។ ទន្ទឹមនឹងនេះ​សកម្មជន​បក្សប្រឆាំង​ទាំងនោះ​ប្រកាស​ទៀតថា បើសិនជា​គណបក្ស​នៅតែ​មិន​ផ្លាស់ប្ដូរ​អ្នកស្រី កែ សុវណ្ណ​រតន៍ ចេញពី​តួនាទី​បក្ស​ខេត្តសៀមរាប​នោះទេ ពួកគេ​នឹង​ដឹកនាំ​សកម្មជន អ្នកគាំទ្រ ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅក្នុង​ខេត្តសៀមរាប​នេះ​ជាក់​ជាមិនខាន។

លិខិត​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប ចុះ​ថ្ងៃទី២៨កុម្ភៈ​មាន​ស្នាម​មេដៃ​សកម្មជន​បក្ស​ជាង២០០នាក់ ដាក់​ស្នើសុំ​ឲ្យ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្លាស់ប្ដូរ​អ្នកស្រី កែ សុវណ្ណ​រតន៍ ចេញពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប ។ ក្នុង​លិខិត​ដដែល​នោះបាន​បញ្ជាក់ថា ការតវ៉ា​នេះ​មិនមែនជា​ការបំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ ទី២ ថា​ការតវ៉ា​នេះ​មិន​ជំទាស់​ដណ្ដើម​អំណាច​គ្នា​ទេ និង​ទី៣ ថា​ ការតវ៉ា​នេះ​គ្មាន​បុគ្គល​ណា ក្រុម​ណា ឬ​បក្ស​ណា​នៅ​ពីក្រោយ​នោះឡើយ ៕



© រក្សាសិទ្ធិដោយ thmeythmey.com