ជាតិ
សង្គមជាតិ
ខែកុម្ភៈ​មាន​កុមារ​និង​ស្ត្រី​ជិត៣ម៉ឺន​នាក់​ទទួល​សេវា​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា-អង្គរ
02, Mar 2015 , 4:24 pm        
រូបភាព
សៀមរាប៖ អ្នកជំងឺ​បាន​កើនឡើង​ចំនួន១០ភាគរយ ដែល​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា-អង្គរ ឬ​ហៅ​មន្ទីរពេទ្យ​ជ័យ​វ​រ័​ន្ម​ទី៧ ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៥ ហើយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ ។ អ្នកជំងឺ​សរុប​ជិត៣ម៉ឺន​នាក់ ដែលមាន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ និង​សម្រាលកូន។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធរ​បុប្ផា ក្នុង​ខែកុម្ភៈ​កន្លងទៅថ្មីៗនេះ មាន​កុមារ​ឈឺ​ធម្មតា​ចំនួន ១៨,៧១៨នាក់ ជំងឺ​ធ្ងន់ ៤,៨៣១នាក់ ដែល​ត្រូវដាក់​ឲ្យ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ។ ក្រៅពីនោះ​មានការ​វះកាត់​ទូទៅ ៧០៧ករណី ដែលមាន​ការវះកាត់​បេះដូង២៤ ករណី​ផង។ ដោយឡែក​កុមារ​ចំនួន ៤,៤៥៨ នាក់ ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន។

ចំណែក​ផ្នែក​ស្ត្រី​វិញ ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៥ មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៩,០៩២ នាក់ បានមក​ទទួល​ការពិនិត្យ​តាមដាន​ផ្ទៃពោះ និង​មានការ​សម្រាលកូន​ចំនួន ១,៤២១ នាក់។ លោក​វេជ្ជបណ្ឌិត បៀត រី​ស​ណឺ បានបញ្ជាក់​ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​ថា មាន​កុមារ​ចំនួន ១២៦នាក់ បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ផងដែរ។

ក្រោយពី​អបអរ​ពី​ភាព​ជោគ និង​លើក​ពី​គុណសម្បត្តិ​ក្រុមគ្រូពេទ្យ​ហើយ​នោះ លោក រី​ស​ណឺ រំពឹងថា នៅ​ដើមឆ្នាំ២០១៦ មន្ទីរពេទ្យ​របស់លោក អាច​នឹងមាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺគ្រុនឈាម ក្រោយ​អ្នកវិទ្យាសាស្ត្រ​ទើប​រកឃើញ។ លោក​ថា វ៉ាក់សាំង​ថ្មី​នេះ អាច​នឹង​ជួយ​កាត់បន្ថយ​អាត្រា​ឆ្លង និង​ពិសេស​អាត្រា​ស្លាប់​កុមារ​កម្ពុជា​ជាច្រើន៕


© រក្សាសិទ្ធិដោយ thmeythmey.com