ជាតិ
សង្គមជាតិ
ក្រសួងអប់រំពន្លឿនអក្ខរកម្មទូទាំងប្រទេសឲ្យបានជាង៨០ភាគរយត្រឹមឆ្នាំ២០១៥
×
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជូនណារ៉ុន បានថ្លែងថា ក្រសួងបានអនុម័តផែនការ ពន្លឿនអក្ខរកម្ម ដើម្បីបំពេញគោលដៅនៃការអប់រំសម្រាប់ទូទាំងប្រទេសឲ្យបានចំនួន ៨៤,៤ភាគរយ នៅត្រឹមឆ្នាំ ២០១៥នេះ។
ពិធីបើកយុទ្ធនាការអក្ខរកម្ម ប្រចាំឆ្នាំ ២០១៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃទី២ ខែមីនា នេះ រដ្ឋមន្ត្រី ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា យុទ្ធនាការអក្ខរកម្មនេះ នឹងផ្តល់ថ្នាក់ អក្ខរកម្មជាង ៤ពាន់ថ្នាក់ និងអ្នកសិក្សាថ្នាក់អក្ខរកម្មជាង ១ម៉ឺននាក់ នៅទូទាំងប្រទេស។ លោកបន្ថែមថា យុទ្ធនាការនេះ មានការចូលរួមពីគ្រូអក្ខរកម្មជាប់កិច្ចសន្យា និងគ្រូបឋមសិក្សា ជាង ៤ពាន់នាក់ ដែលបានទទួលវគ្គតម្រង់ទិសធអំពីរបៀបអនុវត្តថ្នាក់អក្ខរកម្ម កន្លងមក។
យុទ្ធនាការដែលរៀបចំឡើងដោយក្រសួងអប់រំ ដោយសហការជាមួយអង្គការយូណេស្កូ (UNESCO) នេះគឺផ្តោតគោលដៅលើថ្នាក់អក្ខរកម្ម និងផ្តល់ការណែនាំអំពីដំណើរការអនុវត្ត យុទ្ធនាការអក្ខរកម្មជាតិ។
ដូច្នេះ ដើម្បីបំពេញតាមគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាឲ្យបានជាង ៨០ភាគរយ ត្រឹមឆ្នាំ ២០១៥ នេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ក្រសួងអប់រំបានអនុម័តផែនការពន្លឿនអក្ខរ កម្មប្រចាំប្រទេស... ដោយផ្តោតគោលដៅលើថ្នាក់អក្ខរកម្ម»។
បើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី អត្រាអនក្ខរកម្មនៅតាមតំបន់ជនបទ នៅតែមានកម្រិត ខ្ពស់ជាងតំបន់ប្រជុំជន ក្នុងនោះចំនួនស្ត្រីអនក្ខរកម្មមានកម្រិតខ្ពស់ជាងបុរសអនក្ខរកម្ម។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានអំពាវនាវដល់ស្ថាប័នទាំងរដ្ឋ និងឯកជនចូលរួមលើកកម្ពស់អក្ខរកម្មដល់ប្រជាជនពិសេសកម្មករនៅតាមរោងចក្រសហគ្រាស តាមរយៈការផ្សព្វផ្សាយនិងការស្ម័គ្រចិត្តចុះអប់រំដល់មូលដ្ឋាន ដែលមានអក្ខរជន រស់នៅនោះដែរ។
តាមការធ្វើជំរឿនប្រជាសាស្ត្ររបស់ក្រសួងផែនការ នៅក្នុងឆ្នាំ ២០១៣ អត្រាអក្ខរកម្មរបស់ យុវជន អាយុចាប់ពី ១៥ ដល់២៤ឆ្នាំ កើនឡើងដល់ ៩៣ភាគរយ ខណៈពេលដែលអត្រាអក្ខរ កម្មមនុស្សពេញវ័យមានចំនួន ៨០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com