ជាតិ
ប៉ូលីស​អន្តោប្រវេសន៍​បណ្តេញ​វៀតណាម​ខុសច្បាប់​ចំនួន ៥០នាក់
03, Mar 2015 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ នៅ​ថ្ងៃទី២ មីនា ម្សិលមិញ​នេះ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង មហាផ្ទៃ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ៥០នាក់ ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់ និង​ស្នាក់នៅ​ធ្វើការ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ។



យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ប៉ូលីស​អន្តោប្រវេសន៍ បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដែល​ស្នាក់នៅ​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ចំនួន ៥០នាក់ ក្នុងនោះ មាន​ស្រី​ចំនួន២៦នាក់។

ប្រភព​ខាងលើ​បញ្ជាក់ថា ជនបរទេស​ទាំងនេះ ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា តាម​ប្រកាស របស់​ក្រសួងមហាផ្ទៃ ដោយសារ​ពួកគេ​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ខុស​ទិសដៅ ក្នុង​នោះបាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់។

បើតាម​ការផ្សាយ​ដដែល ចាប់ពី​ខែកក្កដា ដល់​ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក កម្លាំង​នគរបាល អន្តោប្រវេសន៍ បាន​ចា​ប់ប​ញ្ចួ​ន​ជនបរទេស​ខុសច្បាប់​ទៅ​ស្រុកកំណើត​ពួកគេ​វិញ ចំនួន ១១៦៨នាក់។ ជនបរទេស​ទាំងនោះ  រួមមាន ២៥សញ្ជាតិ ដូចជា ជនជាតិ​វៀតណាម ចិន ថៃ ឡាវ ហ្វីលីពីន កូរ៉េ អាមេរិក ជប៉ុន និង​ម៉ាឡេស៊ី ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com