ជាតិ
សង្គមជាតិ
ប្រទេស​អភិវឌ្ឍ​តិចតួច​ជួបពិភាក្សា​គ្នា​រក​វិធី​កាត់បន្ថយ​ភាពក្រីក្រ
04, Mar 2015 , 3:26 pm        
រូបភាព
សៀមរាប៖ ប្រទេស​អភិវឌ្ឍ​តិចតួច នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ជួប​ពិភាក្សាគ្នា​រយៈពេល៣ថ្ងៃ ដើម្បី​រក​វិធានការ​កាត់បន្ថយ​ភាពក្រីក្រ និង​បញ្ហា​ប្រឈមផ្សេងៗ ដែល​កំពុង​កើត​ក្នុង​តំបន់​ប្រទេស​ទាំងនោះ។



ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ចំនួន១៣នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បាន​បើក​កិច្ចប្រជុំ​ថ្នាក់​តំបន់​មួយ ដោយនិយាយ​ពី​បញ្ហា​ប្រឈម និង​ភាពជោគជ័យ ដែល​ប្រទេស​ទាំងនោះ​សម្រេចបាន ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ។ កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង រក​វិធានការ​ដោះស្រាយ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​ប្រទេស​ក្រីក្រ និង​ឈានដល់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​នៅក្នុង​ឆ្នាំ២០២០ ។

លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ មានប្រសាសន៍ថា កិច្ចប្រជុំ​កម្រិត​ខ្ពស់​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​ការរីកចម្រើន ដែល​ប្រទេស​អភិវឌ្ឍ​តិចតួច​បានធ្វើ​នាពេល​កន្លងមក បញ្ហា​ប្រឈម និង​ឧបសគ្គផ្សេងៗ ។ កិច្ចប្រជុំ​នេះដែរ ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​ផែនការ​សកម្មភាព Istanbul ដោយ​កំណត់​នូវ​ការងារ​អទិភាព​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បន្ថែម សម្រាប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច។

ក្រោយពី​បញ្ចប់​នូវ​កិច្ចប្រជុំ​ខាងលើ រដ្ឋាភិបាល​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏​គ្រោង​នឹងដាក់​លទ្ធផល​នៃ​កិច្ចប្រជុំ ជូន​ក្រុម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ប្រទេស​កំពុង​អភិវឌ្ឍ​គ្មាន​ដែនសមុទ្រ និង​ប្រទេស​ដែន​កោះតូចៗ ក្នុង​កិច្ចប្រជុំ​លើក​ទី៧១ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក សម្រាប់​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព Istanbul។ ហើយ​កម្ពុជា​គ្រោង​ស្នើ​ដាក់ឈ្មោះ​ឯកសារ​នោះ​ថា «ឯកសារ​លទ្ធផល​សៀមរាប-អង្គរ»។

ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ មានការ​អភិវឌ្ឍ​ខ្ពស់​ជាងគេ ក្នុងចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច។ នេះ​ជាការ​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី លី ធុជ ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច សង្គមកិច្ច តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា Escap ។ តាម​ការបញ្ជាក់​ពី​លោក​ប្រធាន Escap រយៈពេល​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា មានការ​អភិវឌ្ឍ​រហ័ស ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់។ លោក លី ធុជ បាន​ឲ្យ​ដឹងថា៖« យើង​ទើប​ងើប​ពី​សង្គ្រាម តែ​ការអភិវឌ្ឍ​របស់​យើង​លឿន ធ្វើ​ឲ្យ​អន្តរជាតិ​សរសើរ ហើយ​មាន​ប្រទេស​ក្នុង​តំបន់​ចង់​រៀនសូត្រ​ពី​យើង»។ លោក​ទេសរដ្ឋមន្ត្រី​បន្ថែមថា វិស័យ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​កម្ពុជា​ច្រើន មាន​វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម​និង​ជាពិសេស​វិស័យ​ទេសចរណ៍ ដែលមាន​កំណើន​ជា​រៀងរាល់ឆ្នាំ។

លោកស្រី Shamshad Akhtar (សាម​សាត អា​កតា) អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​លេខា​ប្រតិបត្តិ UN-Escap បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មាន​ប្រជាជន​ប្រមាណ ២៩,០០០លាន​នាក់​កំពុង​រស់នៅ​ក្នុងប្រទេស​មានការ​អភិវឌ្ឍ​តិចតួច រាប់រយ​លាន​នាក់ កំពុង​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ និង​ប្រមាណ ១៣០លាន​នាក់ ដែល​មិន​ទទួលបាន​ការអប់រំ ទាំង​សុខភាព និង​សេវាផ្សេងៗទៀត។ លោកស្រី សាម​សាត បាន​បេ្ត​ជ្ញា​ចិត្ត​ថា នៅក្នុង​អាណត្តិ​របស់លោក​ស្រី នឹងធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ប្រទេស​ខាងលើ ឆ្លង​ផុតពី​ភាពក្រីក្រ និង​ឈានទៅរក​ប្រទេស​ដែលមាន​ការអភិវឌ្ឍ។

កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព Istanbul សម្រាប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ធ្វើឡើង​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៦ ខែ​មិនា ឆ្នាំ២០១៥ នៅ​ខេត្តសៀមរាប។ កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​ពាក់កណ្តាល​អាណ​ត្តិ​របស់ខ្លួន ពី​ឆ្នាំ២០១១-២០២០ ៕



© រក្សាសិទ្ធិដោយ thmeythmey.com