ជាតិ
សង្គមជាតិ
កម្ពុជាធ្វើ​អន្សម​យក្ស​ទម្ងន់​ជាង ៣ តោន ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក
04, Mar 2015 , 3:33 pm        
រូបភាព
នំអន្សមយក្ស ក្នុងពេលអង្គរសង្គ្រាន្ត កាលពីឆ្នាំ ២០១៤
នំអន្សមយក្ស ក្នុងពេលអង្គរសង្គ្រាន្ត កាលពីឆ្នាំ ២០១៤
ដោយ:

ភ្នំពេញ៖ កម្ពុជា​គ្រោង​នឹង​ផលិត​នំអន្សម​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែលមាន​ទម្ងន់​រហូត ដល់​ទៅ​ជាង ៣ តោន ដើម្បី​ចូលរួម​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ។ ទ​នឹ្ទ​ម​នឹង​នេះ អ្នករៀបចំ​ក៏​គ្រោង​នឹងដាក់​ប្រកួតក្នុង​កំណត់ត្រា​ពិភពលោក ( World record) ទៀតផង។



នៅក្នុង​ព្រឹត្តិ​កាណ៍​អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រារព្ធ​ជា​លើក​ទី​បី នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​នោះ សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs’ Association) គ្រោង​នឹងធ្វើ​នំអន្សម​យក្ស ទម្ងន់​ជាង ៣តោន ដោយ​ចំណាយ​អង្ករ​ផលិត​អស់​ជាង ១តោន ។ អន្សម​យក្ស​នេះ អ្នករៀបចំ ក៏គ្រោងដាក់ប្រកួត​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ផងដែរ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​នំអន្សម​យក្ស​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០១៥ ខាងមុខនេះ លោក ចាន់ សុភា អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​ចុងភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា សមាគម​ចុងភៅ​នឹង​ផលិត​នំអន្សម​កាន់តែ​ពិសេស​ជាងឆ្នាំមុន ដោយមាន​ទំហំ​ធំ​ទ្វេដង និង​រសជាតិ​ពិសេស​ជាង​មុន។ លោក ចាន់ សុភា នៅ​មិនទាន់​ហ៊ាន​អះអាងថា នំអន្សម​យក្ស​នេះ នឹង​អាច​ជាប់​កំណត់ត្រា​ពិភពលោក​ឬ​យ៉ាងណា​នោះទេ ។ លោក​ បញ្ជាក់ដូច្នេះថា ៖«នំអន្សម​យក្ស​លើក​ទី ២ នេះ មិនទាន់​ប្រាកដថា ចំណាយ​អស់​ប៉ុន្មាន ដើម្បី​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិភពលោក​នោះទេ ចាំមើល​តាម​សភាព​ជាក់ស្តែង។ ប៉ុន្តែ យើង​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា»។

ដោយសារ​អង្កត់ផ្ចិត​នំអន្សម​យក្ស​មាន​ទំហំ​ធំ​ជាង​មុន រហូតដល់​ប្រវែង ១ ម៉ែត្រ និង​បណ្តោយ ប្រវែង ៥ម៉ែត្រ​នោះ ប្រធាន​សមាគម​ចុងភៅ​រូបនេះ បញ្ជាក់ថា សមាគម​គ្រោង​នឹង​បន្ថែម​មេ​ចុង ភៅ និង​កូនកាំបិត​រហូតដល់​ទៅ ១០០នាក់ និង​ប្រើ​ទាំង​ឡ​ចម្អិន និង​ឆ្នាំង​ចម្អិន​ប្រវែង ៧ម៉ែត្រ ថែម​ទៀតផង។ បើតាម លោក សុភា នំអន្សម​យក្ស​ដែល​ត្រូវបាន​សហការ​រៀបចំឡើង​ដោយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ក្រសួងពាណិជ្ជកម្ម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សមាគម​ចុងភៅ កម្ពុជា​នេះ នឹង​ចែកជូន​អ្នកចូលរួម ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ញ៉ាំ​ដោយ​ឥតគិតថ្លៃ ផងដែរ។

គួររម្លឹកថា កាលពី​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​ឆ្នាំ ២០១៤ កន្លងមក ចុងភៅ និង​បុគ្គលិក​ជាង ៥០នាក់ នៃ​សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs’ Association) បាន​ផលិត​នំអន្សមជ្រូក​យក្ស​ធ្វើ​ពី អង្ករដំណើប​ទម្ងន់​ជាង ១តោន ដោយបាន​ចំណាយ​ថវិកា​ជាង ៧ពាន់​ដុល្លារ​អាមេរិក។ នំអន្សម​យក្ស​នោះ ត្រូវ​បានដាក់​ដង្ហែ និង​តាំង​បង្ហាញ​នៅខាងមុខ​រមណី​ដ្ឋា​ន​អង្គ​វត្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com