ជាតិ
សង្គម​ស៊ីវិល​ត្រៀម​លើក​ពី​កង្វល់​របស់​ខ្លួន នៅ​ថ្ងៃ​សិក្ខាសាលា​ស្តីពី​សេចក្តីស្នើ​ច្បាប់បោះឆ្នោត
04, Mar 2015 , 5:05 pm        
រូបភាព

 
ភ្នំពេញ៖ សង្គម​ស៊ីវិល ត្រៀម​លើកយក​បញ្ហា​មួយចំនួន​ទាក់ទង​នឹង ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​ផ្ដល់​មតិយោបល់​ពី​កង្វល់​របស់​ពួកគេ ទៅកាន់​គណបក្សនយោបាយ​ជាប់ឆ្នោត នៅក្នុង​សិក្ខាសាលា ស្តីពី​សេចក្តីស្នើច្បាប់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។



លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​និ​ច​ហ្វិ​ច មានប្រសាសន៍ថា លោក​នឹង​លើក​បញ្ញត្តិថ្មី​ចំនួន២ចំណុច ដែល​ទាក់ទង​នឹង​ការអនុញ្ញាត​ឲ្យ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ តុលាការ​ចូលរួម​ឃោសនាបោះឆ្នោត និង​ការហាម​សង្គម​ស៊ីវិល ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។ ជាមួយគ្នានេះ​លោក​យល់ឃើញថា ការរៀបចំ​សិក្ខាសាលា​របស់​ក្រុមការងារ​កំណែទម្រង់​បោះឆ្នោត​នាពេលនេះ គឺធ្វើឡើង​ក្រោមរូបភាព​បំភាន់​ភ្នែក ដើម្បី​បង្ហាញថា ពួកគេ​បាន​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល និង​សាធារណៈជន​ប៉ុណ្ណោះ។ «ខ្ញុំ​យល់ថា​អ​ព្យា​ក្រិត​ភាព​កងកម្លាំងប្រដាប់អាវុធ តុលាការ មន្ត្រីរាជការ គួរតែ​នៅ​ឆ្ងាយ​ពី​ការឃោសនាបោះឆ្នោត មិនត្រូវ​ឲ្យ​ចូលរួម​នោះទេ កុំ​ឲ្យ​ប៉ះពាល់​ការបោះឆ្នោត។ ចំណែក​បញ្ញត្ត​ហាម​មិន​ឲ្យ​ចូលរួម​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត​គឺជា​ការកាត់បន្ថយ​ការងារ​សង្គម​ស៊ីវិល និង​បិទ​សិទ្ធិ​សេរី​បញ្ចេញមតិ​សង្គម​ស៊ីវិល។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា។

ទាក់ទង​នឹង​បញ្ហា​នេះ​នាយក​ប្រតិបត្តិ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា កំណែទម្រង់​ច្បាប់បោះឆ្នោត​ថ្មី​ហាក់ដូចជា​មិនទាន់​បង្ហាញ​ពី​ឯករាជ្យភាព​ច្បាស់លាស់​នោះទេ ។ ហើយ​រូបលោក​ក៏​ទាមទារ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​កា​របោះ​ឆ្នោត​នេះ ផ្ដល់​ព័ត​មាន​លំអិត​អំពី​គុណភាព​និង​អត្ថន័យ​ក្នុង​ច្បាប់​នេះ ឲ្យ​បានច្បាស់លាស់​បន្ថែម​នៅក្នុង​យុទ្ធនា​ការបោះឆ្នោត នៅ​ថ្ងៃ​បើក​សិក្ខាសាលា​ស្តីពី​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ ។

ក្រុមការងារ​កំណែទម្រង់​ការបោះឆ្នោត​មកពី​គណបក្ស​ទាំង​ពីរបាន​ជួបពិភាក្សា​គ្នា សម្រួល​ពាក្យពេចន៍ និង​បានបញ្ចប់​ការងារ​លើ​ការខ្វែងគំនិត​គ្នា ១៥ ចំណុច​ក្រោយពី​មានការ​ឯកភាព​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក ស ខេង ។

ច្បាប់បោះឆ្នោត​ថ្មី បានសម្រេច​បង្កើន​ចំនួន​អាសនៈ​ពី ១២៣ ដល់ ១២៥ ចំនួន​អាសនៈ។ ខេត្ត​ព្រះសីហនុ ត្រូវបាន បង្កើន​ពី ១អាសនៈ ទៅ៣អាសនៈ ខេត្តកំពង់ចាម​មាន ១០អាសនៈ និង​ខេត្ត​ត្បូងឃ្មុំ​មាន ៨អាសនៈ។សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ត្រូវបាន​កាត់បន្ថយ​ពី៣០ថ្ងៃ មក​នៅត្រឹម ២១ថ្ងៃ ហើយ​ការ​ដង្ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ មាន​ត្រឹមតែ៤ថ្ងៃ​ប៉ុណ្ណោះ ទាំង​នៅ​រាជធានី-ខេត្ត ស្រុក ខណ្ឌ ហើយ​បើ​លើ​ការកំណត់​និង​ពិន័យ​តាមច្បាប់។មន្ត្រី​កងកម្លាំង ប្រដាប់អាវុធ តុលាការ អាច​បន្តធ្វើ​យុទ្ធនា​ការឃោសនា រក​សំឡេងឆ្នោត តែ​មិនត្រូវ​បង្ហាញ​បុណ្យ​សក្តិ ស្លៀកពាក់ ឯកសណ្ឋាន ឬ​មានការ​គំរាមកំហែង​នោះឡើយ។

សម្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​វិញ មិនអាច​ចូលរួម​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត​នោះទេ ហើយ​ប្រសិនបើ​ធ្វើ​ខុស​នឹង​ច្បាប់បោះឆ្នោត​នឹងត្រូវ​ផាកពិន័យ​ពី ១០លាន ទៅ២០លាន​រៀល ។ហើយ​ច្បាប់​ទាំងនេះ​គណបក្ស​ទាំងពីរ នឹង​កំណត់​យក​សប្តាហ៍​ក្រោយ​ធ្វើ​សិក្ខាសាលា​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​សុំ​យោបល់​កែសម្រួល​បន្ថែម​លើ​ច្បាប់បោះឆ្នោត​ថ្មី​នេះ។
គួរ​បញ្ជាក់ថា ច្បាប់បោះឆ្នោត​ថ្មី មាន​ចំនួន ១២ជំពូក ស្មើ​និង ១៧០មាត្រា៕


© រក្សាសិទ្ធិដោយ thmeythmey.com