ជាតិ
សិក្ខាសាលាស្តីពី «ស្ត្រីកម្ពុជាផ្លាស់ប្តូរដើម្បីសន្តិភាព និងការអភិវឌ្ឍ» ជំរុញឲ្យគោរពសិទ្ធិស្ត្រី
× ដោយសង្កេតឃើញថា ស្ត្រីកម្ពុជា នៅតែទទួលរងនូវអំពើហិង្សា ការរើសអើងក្នុងចូលរួមក្នុងវិស័យនយោបាយ និងការរំលោភបំពាននានា អង្គការសង្គមស៊ីវិលចំនួន១៦ ដែលធ្វើការពាក់ព័ន្ធជាមួយស្ត្រីនឹងរៀបចំសិក្ខាសាលាមួយស្តីពី«ស្ត្រីកម្ពុជាផ្លាស់ប្តូរដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅថ្ងៃទី ៥មិនាស្អែកនេះ នៅមជ្ឈមណ្ឌលលីឡា។
សិក្ខាសាលានេះ ក៏ជាផ្នែកមួយនៃសេចក្តីព្រាងកម្មវិធី ទិវានារីអន្តរជាតិ លើកទី១០៤ នៅក្នុងឆ្នាំ២០១៥នេះផងដែរ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើបញ្ហាស្ត្រី និងការរីកចម្រើនកាលពី១ឆ្នាំកន្លងទៅ បង្កើតឱកាសដល់ស្ត្រីមកពីគ្រប់ទីកន្លែង និងគ្រប់ផ្នែក ក្នុងការចែករំលែកពីការព្រួបារម្ភពី បញ្ហាអាទិភាព និងភាពរឹងមាំរបស់គាត់ និងកសាងសាមគ្គីភាពរវាងស្ត្រី គ្រប់ផ្នែកក្នុងការតស៊ូមតិដើម្បីធ្វើការផ្លាស់ប្តូរគោលនយោបាយ និងផ្សាភ្ជាប់សំឡេងស្ត្រីនៅទីសាធារណៈ។
កម្មវិធីនៅ ក្នុងសិក្ខាសាលាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ក៏មានការរាំសាមគ្គី ជាមួយនឹងបទស្ត្រីចំនួន៥បទផងដែរ ដែលរួមមានចង្វាក់ឆាឆា ម៉ាឌីហ្សុន កន្ទ្រឹម សារ៉ាវ៉ាន់ និងរាំងរង់។ ដោយឡែកនៅពេលល្ងាច ក៏មានការជួបជុំគ្នារាំទីសាធារណៈចំនួន៥កន្លែងផ្សេងគ្នា នៅរាជធានីភ្នំពេញ រួមមាន សួនច្បារវត្តបទុមវត្តី សួនច្បារមាត់ទន្លេ នៅផ្សាររាត្រីសម្មត្តិទន្លេបាសាក់ ស្តាតអូឡាំពិក និងនៅសួនច្បារដេអិន។
នៅឆ្នាំ២០១៥នេះ ក្រសួងកិច្ចការនារី នឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មិនា ក្រោមប្រធានបទ«ដំណើរឆ្ពោះទៅមុខ៖ស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ១៩៩៥»។
ការកំណត់ប្រធានបទនៃទិវាសិទ្ធិនារីអន្តរជាតិ៨មិនា នៅឆ្នាំនេះ គឺដើម្បីរំលឹកពីការតស៊ូរបស់នារីពលករទូទាំងពិភពលោកក្នុងការទាមទារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី ក៏ដូចជាពិនិត្យឡើងវិញ សមិទ្ធផលនានាដែលកើតមានក្នុងរយៈពេល២០ឆ្នាំ ក្រោយពីសន្និសីទស្ត្រីពិភពលោកឆ្នាំ១៩៩៥ និងធ្វើការបំផុស ព្រមទាំងកៀងគរប្រជាពលរដ្ឋកម្ពុជា ឲ្យធ្វើការរួមគ្នាដើម្បីសម្រេចនូវសមភាពដ៏ពិតប្រាកដរវាងបុរស និងស្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com