ជាតិ
សង្គមជាតិ
វិហារ​ឥស្លាម​តម្លៃ​ជាង២លាន​ដុ​លា្ល​រ​គ្រោង​សម្ពោធ​នៅ​ចុងខែ​មិនា​នេះ
09, Mar 2015 , 10:54 am        
រូបភាព
ភ្នំពេញ៖ វិហារ​ឥស្លាម  អាល់​សារ​កាល់​ភ្នំពេញ ឫ​វិហារ​បឹងកក់ ដែលជា​ជំនួយ​របស់​សប្បុរសជន​ប្រទេស​អារ៉ាប់​អេ​មី​រ៉េត គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងខែ​មិនា​នេះហើយ។ វិហារ​ថ្មី ដែល​ប្រើ​ថវិកា​ជាង ២លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺជា​សមិទ្ធិផល​ដ៏​ធំជាងគេ សម្រាប់​សហគមន៍​ខ្មែរឥស្លាម។



ពិធី​សម្ពោធ​វិហារ​ឥស្លាម ឫ​ម៉ា​ជ្ជិ​ត​អាល់​សារ​កាល់ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៧ ខែ​មិនា ឆ្នាំ២០១៥ ។ អ្នករៀបចំ​កម្មវិធី​អះអាងថា មាន​ពលរដ្ឋ​ខ្មែរឥស្លាម​ប្រមាណ  ៨ម៉ឺន​នាក់ គ្រោង​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ។ លោក សុះ មុះ​សិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា ថ្លែងប្រាប់​គេហទំព័រ​ព័ត៌មានថ្មីៗថា វិហារ​ឥស្លាម ដែលមាន​លក្ខណៈ​ស្តង់ដា​នេះ ប្រើ​ថវិកា​របស់​ម្ចាស់ជំនួយ​អស់​ប្រមាណ​ជាង ២លាន​ដុល្លារ​សហរដ្ឋអាមេរិក បើ​គិត​ទាំង​ការលើកលែង​ពន្ធ​ពី​រដ្ឋាភិបាល​ផង (VAT)។

បើតាម​ការបញ្ជាក់​ពី​លោក  សុះ មុះ​សិន ដែលថ្មីៗទទួលបាន វិហារ​ឥស្លាម អាល់​សារ​កាល់ សាងសង់​អស់​រយៈពេល​ជាង២ឆ្នាំ រាប់​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ២០១២ មក។ យ៉ាងណា លោក​ថា មាន​ភាពយឺតយ៉ាវ​បន្តិច​ចំពោះ​ការសាងសង់ ដោយសារ​ខើ​ន​វិហារ​រាង​ទាប ហើយ​ម្ចាស់ជំនួយ តម្រូវ​ឲ្យ​រៀប​សាជាថ្មី។

តាមពិតទៅ លោក អ៊ី​សា ពិន ណា​សៀត គឺជា​ពាណិជ្ជករ​ដ៏​ល្បីល្បាញ​មួយរូប​នៅ​ប្រទេស​អារ៉ាប់​រួម និង​ជា​អ្នក​សាងសង់​វិហារ​ឥស្លាម​អាល់​សារ​កាល់​នេះ  លោក​បាន​ជួយ​ដល់​សហគមន៍​ខ្មែរឥស្លាម​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ទស្សវត្ស​ឆ្នាំ៨០មក​ម្លេះ ដូចជា​តាមរយៈ​ការសាងសង់​សម​ទ្ធិ​ផលផ្សេងៗ និង​ផ្តល់​អាហារ​សម្រាប់​ពិធី​ស្រាល​បួស​ជាដើម។

លោក សុះ មុះ​សិន បាន​បញ្ជាក់ថា វិហារ​ឥស្លាម​អាល់​សារ​កាល់ អាច​ផ្ទុក​មនុស្ស​បាន​ជិត ២ពាន់​នាក់ ក្នុងនោះ​ផ្នែក​ខាងលើ​ជា​កន្លែង​ថ្វាយបង្គំ  ដែល​បែងចែក​កន្លែង​បុរស និង​ស្រី្ត ហើយ​ផ្នែក​ខាងក្រោម សម្រាប់​រៀបចំ​កម្មវិធី​សិក្ខាសាលា ប្រជុំ និង​អាចជា​បន្ទប់​បង្រៀន​បាន​ផងដែរ។ ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​រូបនេះ​បញ្ជាក់ថា ទៅ​ថ្ងៃ​អនាគត​វិហារ​អាល់​សារ​កាល់​ថ្មី​នេះ គ្រោង​នឹង​ប្រែក្លាយជា​តំបន់​ទេសចរណ៍​មួយ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​បរទេស​បាន​សិក្សា និង​ស្វែងយល់​ពី​ប្រវត្តិ​នៃ​ការកកើត​របស់​វិហារ​នេះ។

គួររំលឹកថា ពិធី​សម្ពោធ​វិហារ​ឥស្លាម​អាល់​សារ​កាល់ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកជំទាវ។ វិហារឥស្លាមអាល់សារកាល់ មានទីតាំងនៅតំបន់បឹងកក់ (កន្លែងអភិវឌ្ឍ) ឫក្រោយសណ្ឋាគារភ្នំពេញ។ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា កន្លងមក​ធ្លាប់បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សហគមន៍​ខ្មែរឥស្លាម មានដូចជា​ការអនុញ្ញាត​ឲ្យ​ស្ត្រី អាច​ពាក់​ក្រមា​ក្នុង​គ្រឹះស្ថាន​អប់រំ​ជាដើម ហើយថ្មីៗនេះ​លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស​ដល់​សហគមន៍​ខ្មែរឥស្លាម ជា​រៀងរាល់ឆ្នាំ​ផងដែរ។ យោងតាម​តួលេខ​បាន​បង្ហាញថា មាន​ជនជាតិ​ចាម ឫ​ខ្មែរឥស្លាម​ចន្លោះ​ពី៥០ម៉ឺន ទៅ៧០នាក់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com