ជាតិ
សង្គមជាតិ
មនុស្ស​ជាង១០០នាក់​បាន​ហែរ​ក្បួន​ដើម្បី​អបអរ​ថ្ងៃ​ទិវា​សិ​ទិ្ធ​ស្ត្រី៨មិនា​លើក​ទី១០៤
09, Mar 2015 , 1:14 pm        
រូបភាព
ដោយ:
បាត់ដំបង៖ មនុស្ស​ជាង១០០នាក់​បាន​ហែរ​ក្បួន​ដើម្បី​អបអរ​ថ្ងៃ​ទិវា​សិ​ទិ្ធ​ស្ត្រី៨មិនា លើក​ទី១០៤នៅក្នុង​ក្រុង​បាត់ដំបង។ ក្នុងនោះ​មាន​យុវជន ព្រះសង្ឃ និង​សង្គម​ស៊ីវិល​នានា​មក​ចូលរួម​ផងដែរ។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំ​នៅ​ខេត្តបាត់ដំបង។


យុវតី អ៊ូ វួ​ចណៃ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​ថ្ងៃអាទិត្យ​ម្សិលមិញ​ដែរ​នោះបាន​ពន្យល់ថា ការចូលរួម​របស់​ក​ញ្ញា​ទៅក្នុង​ព្រឹត្តិការណ៍​សិទ្ធិនារី គឺជា​ការបង្ហាញ​អំពី​លើកទឹកចិត្ត​ខ្លួនឯង និង​លើកស្ទួយ​ខ្លួនឯង​នៅ​ចំពោះមុខ​បុរស។ វួ​ចណៃ យល់ថា ស្ត្រី​ត្រូវ​ចូលរួម​ក្នុង​រាល់​សកម្មភាព​សង្គម សហគមន៍ ឬ​សកម្មភាពផ្សេងៗទៀត ដើម្បី​អាច​បង្ហាញ​សមត្ថភាព​របស់ខ្លួន​បាន មុននឹង​ឲ្យបុរសៗ លើក​តម្កើង​​ស្ត្រី។

យុវជន រៀន សុធា បាន​ប្រាប់​អ្នកយក​សារព័ត៌ថ្មីៗថា វត្តមាន​របស់លោក​ក្នុង​ក្បួន​ដង្ហែ​សិទ្ធិ​គឺ​បង្ហាញ​ពី​ការគាំទ្រ​របស់លោក​ចំពោះ​ស្ត្រី។ ផ្ទុយទៅវិញ សុធា បាន​អំពាវនាវ​ដល់​បុរស​គ្រប់រូប​ថា ការលើកស្ទួយ​សិទ្ធិ​ស្ត្រី ក៏​មិនត្រូវ​ស្តែងចេញ​តែ​តាមរយៈ​ការចូលរួម​ថ្ងៃ​សិទ្ធិនារី៨មីនា​នោះឡើយ។ សុធា ចង់​ប្រាប់​ទៅបុរសៗឲ្យ​ពួកគេ​ត្រូវ​គាំទ្រ​នារី​គ្រប់ពេលវេលា និង​គ្រប់​សកម្មភាព។

អនុប្រធាន​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សម ឡុង បាន​ប្តេជ្ញាចិត្ត​ហើយ​ថា​លោក​នឹង​រៀបចំ​កម្មវិធី​ដូចនេះ នៅ​ឆ្នាំក្រោយ​ទៀត។ សម្រាប់ លោក សម ឡុង ក្បួន​ដង្ហែ​មិនា​នេះ មិន​សំដៅ​តែ​ទៅលើ​ការគោរព​សិទ្ធិនារី​ក្នុង​ថ្ងៃ៨មិនា​នោះទេ។ តាមរយៈ​ក្បួន​ដង្ហែ​នេះ លោក​អំពាវនាវ​ដល់​បុរស​ឲ្យ​បញ្ឈប់​អំពើហិង្សា​គ្រប់​ទម្រង់​ទៅលើ​ស្ត្រី។ ពីព្រោះ ចំពោះ​លោក ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com