ជាតិ
គ្មាន​ការប្រឡង​បាក់​ឌុប​លើក​ទី២ទេ សម្រាប់​ឆ្នាំនេះ
09, Mar 2015 , 4:50 pm        
រូបភាព
 
ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាសថា មិនចាំបាច់​រៀបចំ​ឲ្យ​មានការ​ប្រឡង សញ្ញាបត្រ​មធ្យ​ប​សិក្សា​ទុតិយភូមិ(បាក់​ឌុប)លើក​ទី២ទេ នៅ​ឆ្នាំ​សិក្សា២០១៤-២០១៥នេះ លើកលែង​តែមាន​ករណី​ប្រធាន​សក្តិ។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចេញផ្សាយ​នៅ​ថ្ងៃទី៩ខែមីនា​នេះ ក្រសួង​បានកំណត់​យក​ថ្ងៃទី២៤ ខែសីហា ជា​ថ្ងៃ​ប្រឡង បាក់​ឌុប ដោយ​បន្ត​ការពង្រឹង​ការអនុវត្ត​តាម​គោលការណ៍​កំណែទម្រង់រ​បស់​ខ្លួន​ដូច​ឆ្នាំ២០១៤កន្លងទៅ ប៉ុន្តែ​កែលំអរ​ចំណុច​ខ្វះខាត​ផ្នែក​បច្ចេកទេស​មួយចំនួន។

«បន្ត​ប្រគល់​សិទ្ធិអំណាច ការទទួលខុសត្រូវ​ជូន​គ្រូបង្រៀន​ដឹកនាំ​ការប្រឡង​តាម​ថ្នាក់ និង​តាម​មុខវិជ្ជា​ដែល​ខ្លួន​បាន​បង្រៀន និង​មិន​យក​ពិន្ទុ​ប្រឡង​ឆមាស ទៅ​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ថ្នាក់ជាតិ​ទេ ប៉ុន្តែ​យក​ជា​បេក្ខភាព​ប្រឡង ចំពោះ​បេក្ខជន​ដែលមាន​ពិន្ទុ​ប្រចាំឆ្នាំ​ធ្លាក់​មធ្យមភាគ​មិនចាំបាច់​ប្រឡង​ឡើងវិញ​ទេ។ មណ្ឌល​ប្រឡង​ត្រូវ​ប្រមូលផ្តុំ​នៅ​ទី​រួម​ខេត្ត-រាជធានី ដោយ​យក​គ្រិះ​ស្ថាន​ទាំង​សាធារណៈ និង​ឯកជន ចាប់ពី​កម្រិត​បឋមសិក្សា ធ្វើជា​មណ្ឌល​ប្រឡង ក្នុងករណី​ណា​ខេត្ត​ណា​ដែល​មិនអាច​អនុវត្តន៍​បាន ត្រូវ​ប្រមូលផ្តុំ​នៅ​ទីរួមស្រុក ដែល​នៅ​ជិត​ទីរួមស្រុក​ជាងគេ។

បន្ត​រៀបចំ​ប្រធាន​វិញ្ញាសា​ចំនួន៧មុខ និង​មាន២ទម្រង់ គឺ​ទម្រង់​ចែកជូន​បេក្ខជន និង​ទម្រង់​កត់​លើ​ក្តារខៀន ហើយ​បេក្ខជន​ម្នាក់​ត្រូវបាន​ចែកជូន​ក្រដាស​ប្រឡង​ឲ្យ ដើម្បី​សរសេរ​ចម្លើយ។ បន្ត​ស្នើសុំ​ការសហការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ចូលរួម​អង្កេត​ការណ៍​ដំណើរ​ការប្រឡង ចាប់ពី​ដំណើរការ​សំណេរ​រហូតដល់​ចេញ​លទ្ធផល​ប្រឡង និង​ធ្វើការ​កែសម្រួល​សមភាព​និយាម​ប្រើប្រាស់​គណៈមេប្រយោគ​មួយចំនួន និង​ស្នើសុំ​គោលការណ៍​ឧបត្ថម្ភ​មេ​ប្រយោគ​យ៉ាងតិច​ឲ្យ​បាន​ស្មើ​ឆ្នាំមុន»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដដែល។

ដើម្បី​ឲ្យ​ការប្រឡង​នេះ​ប្រព្រឹត្តទៅ​ក្រ​កប​ដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ក្រសួង ក៏បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី១២ទាំងអស់​ខិតខំ​រៀនសូត្រ និង​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ដើម្បី​ទទួលបាន​លទ្ធផល​នៅពេល​ប្រឡង​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែសីហា​ឆ្នាំ២០១៥ខាងមុខ។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ២០១៤ ក្រសួង​អប់រំ​យុវជន និង​កីឡា បានរៀបចំ​ឲ្យ​មានកា​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន២លើក។ ការប្រឡង​បាក់​ឌុប​ទាំង២លើក មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន៣៣,៧៩៩នាក់ ត្រូវជា៤០.៦៧ភាគរយ ក្នុងនោះ​ការប្រឡង​លើក​ទី១ មាន​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន២៣,១២៦នាក់​ត្រូវជា២៥.៧២ភាគរយ ក្នុងចំណោម​បេក្ខជន​ប្រឡង​ចំនួន៨៩,៩៣៧នាក់ និង​ការប្រឡង​លើក​ទី២ មាន​បេក្ខជន​ជាប់​ចំនួន១០,៨៧១នាក់ ដែល​ស្មើនឹង១៧.៩៤ភាគរយ ក្នុងចំណោម​បេក្ខជន​ប្រឡង​ចំនួន៦៦,៨១១នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com