ជាតិ
សង្គមជាតិ
សម្ពោធ​ភូមិ​គំរូ​ទី២នៅ​ព្រៃវែង​ផ្តល់​ផ្ទះ៤៣ខ្នង​ជូន​ពលរដ្ឋ​ក្រីក្រ
09, Mar 2015 , 5:37 pm        
រូបភាព
ព្រៃវែង៖ ផ្ទះ៤៣ខ្នង ក្នុងភូមិ​គំរូ​ទី២ របស់​សមាគម​សម្របសម្រួល និង​អភិវឌ្ឍន៍​សង្គម សហការ​ជាមួយ​សមាគម​ពិភពលោក​នៃ​ក្តីមេត្តា និង​សម្របសម្រួល​សង្គម​នៃ​រដ្ឋ​គុយ​វ៉ែត បានដាក់​សម្ពោធ​ជា​ផ្ទះការ​ហើយ ក្រោយពី​គម្រោង​នេះ បាន​ប្រើពេល​អស់​ជិត​មួយឆ្នាំ​រួចមក។ ពលរដ្ឋ​ក្រីក្រ ដែល​ទទួលបាន​សមិទ្ធិ​ផល​ថ្មី​នេះ គឺជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ធ្វើ​ផ្ទះ​ដោយ​ខ្លួនឯង ហើយ​ភាគច្រើន​រស់នៅ​លើ​ទូក​នេសាទ។



តំណាង​សមាគម​សម្របសម្រួល និង​អភិវឌ្ឍន៍​សង្គម លោក សុះ សៅ​អ៊ី បាន​ឲ្យ​ដឹងថា ភូមិ​គំរូ​ទី២ គឺមាន​ទីតាំងនៅ​ភូមិ​រកា​ធំ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។ លោក​បន្តថា គម្រោង​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​ប្រទេស កាតា តាមរយៈ​សមាគម​លោក ដែល​សហការ​នឹង​សមាគម​ក្នុងប្រទេស​កម្ពុជា។ លោក សុះ សៅ​អ៊ី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នៅ​ព្រឹក​ថ្ងៃទី៩ ខែ​មិនា​ថា ភូមិ​គំរូ​នេះ​ប្រើ​ថវិកា​អស់ ៣៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង​ប្រើ​រយៈពេល​ជិត​មួយឆ្នាំ។

ផ្ទះ​នៅ​ភូមិ​គំរូ ក្នុង​ខេត្តព្រៃវែង មាន​ចំនួន៤៣ខ្នង ដែល​ក្នុង​មួយ​ខ្នង​ទំហំ ៣៥ម៉ែត្រការ៉េ សង់​អំពី​ឈើ ប្រក់​ស័ង្កសី កម្ពស់​ផុតពី​ដី ២,៥ម៉ែត្រ និង​មាន​បន្ទប់​គេង​ចំនួន២ និង​បន្ទប់​អនាម័យ ដែល​សង់​នៅលើ​ផ្ទៃដី​ទំហំ ៧២ម៉ែត្រការ៉េ។ ក្នុងភូមិ​គំរូ​នេះ មាន​អណ្តូង​ទឹកស្អាត​ចំនួន៤ ហើយ​គម្រោង​នេះ ក៏មាន​ការផ្តល់​ដើមទុន​ដើម្បី​បង្កើត​អាជីវកម្ម ដល់​ពលរដ្ឋ​ទាំង៤៣ គ្រួសារ​ផងដែរ ដែលមាន​ដូចជា​ការផ្តល់​ជូន​ជា ម៉ូតូឌុប ទូក​នេសាទ និង​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ផងដែរ។


លោក សុះ សៅ​អ៊ី មាន​សុទិដ្ឋិនិយម​ថា គម្រោង​នេះ​ពិតជា​រួមចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា បាន​មួយចំណែក​ធំ។ លោក​ថា សមាគម​របស់លោក នឹង​បន្ត​ជួយ​ដល់​សហគមន៍​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា ជា​បន្តទៀត។ លោក​ក៏បាន​ថ្លែង​កោតសរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​តែង​ផ្តល់​ភាពងាយស្រួល​ចំពោះ​គម្រោង​អភិវឌ្ឍ​នានា​របស់​សមាគម​លោក ក៏ដូចជា​អង្គការ និង​សមាគម​ក្នុងស្រុក​ដទៃទៀត។

គួររម្លឹកថា ភូមិ​គំរូ​ទី១ របស់​សមាគម​ខាងលើ មាន​ទីតាំងនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវ​បានដាក់​សម្ពោធ​កាលពី​ឆ្នាំ២០១២ ហើយ​គម្រោង​ភូមិ​គំរូ​ទី៣ នៅ​ខេត្តតាកែវ កំពុង​សាងសង់​ផ្ទះ៤៨ ខ្នង។ ក្នុង​ពិធី​សម្ពោធ​ដែលមាន​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក អូស្មាន ហាស្សាន់  រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តព្រៃវែង​កាលពី​ព្រឹក​មិញ លោក សុះ សៅ​អ៊ី បាន​រម្លឹក​ពីស​មិ​ទិ្ធ​ផល​មួយចំនួន ដែល​សមាគម​របស់លោក​បាន​ជួយ​ដល់​សហគមន៍​ក្នុងប្រទេស​កម្ពុជា​នាពេល​កន្លងមក ដែលមាន​ដូចជា ជួយ​ជនក្រីក្រ ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​នៅ​ថ្នាក់​បរិញ្ញាបត្រ អណ្តូងទឹក បង្គន់​អនាម័យ ឧបត្ថម្ភ​ក្មេង​កំព្រា បង្កើត​មុខរបរ​ដល់​ពលរដ្ឋ​ក្រីក្រ។ល។ ដែល​សរុប​ថវិកា​ប្រមាណ ១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com