ជាតិ
កៅស៊ូ​ធ្លាក់​ថ្លៃ កាប់​ដើម​កៅស៊ូ​ចោល ដាំ​ដើម​ស្វាយចន្ទី
10, Mar 2015 , 9:15 am        
រូបភាព
ខេត្ត​ត្បូងឃ្មុំ-ស្រុកត្បូងឃ្មុំ៖ ចាប់តាំងពី​ជ័រកៅស៊ូ​ធ្លាក់​ថ្ងៃ​មក ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ត្បូងឃ្មុំ​មួយចំនួន​ចាប់​ផើ្ត​ម​កាប់​ដើម​កៅស៊ូ​ចោល ហើយ​បែរ​ទៅ​ដាំ​ដើម​ស្វាយចន្ទី ឬ​ដើម​ផ្កាចំប៉ី​វិញ។ ជ័រកៅស៊ូ​ធ្លាប់​មានតម្លៃ​ដល់​ជិត៥ពាន់​ដុល្លារ​ក្នុង​មួយ​តោន តែ​បច្ចុប្បន្ននេះ តម្លៃ​បាន​ធ្លាក់​មក​នៅត្រឹមតែ​ជាង១ពាន់​ដុល្លារ​ប៉ុណ្ណោះ។



អ្ន​កវិន​យោគ ក្នុង​វិស័យ​កសិកម្ម ជាពិសេស ក្នុង​ដំណាំ​កៅស៊ូ ទទួលរង​ការបាក់​ទឹកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​តម្លៃ​កៅស៊ូ​បាន​ដាំ​ក្បាល​ចុះ​អស់​រយៈពេល​ជិត២ឆ្នាំ​មកហើយ។ ជ័រកៅស៊ូ​ធ្លាប់​មានតម្លៃ​ដល់​ជិត៥ពាន់​ដុល្លារ​ក្នុង​មួយ​តោន តែ​បច្ចុប្បន្ននេះ តម្លៃ​បាន​ធ្លាក់​មក​នៅត្រឹមតែ​ជាង១ពាន់​ដុល្លារ​ប៉ុណ្ណោះ។

អ្នកវិនិយោគ​ដំណាំ​កៅស៊ូ​ស្ទើរ​គ្រប់គ្នា​គ្រវី​តែ​ក្បាល ហើយ​មិនដឹងថា តើ​នៅពេលណា​ទេ ទើប​តម្លៃ​វា​នឹង​កើន​ឡើងវិញ។ អ្នកជំនួញ​ដំណាំ​កៅស៊ូ​នៅក្នុង​ខេត្តកំពង់ចាម ព្រះវិហារ និង​ខេត្ត​ត្បូងឃ្មុំ​បានអោយដឹងថា តម្លៃ​ជ័រកៅស៊ូ​ដែល​លក់បាន​ជាង១ពាន់​ដុល្លារ​ក្នុង១តោន​នៅពេលនេះ គឺ​គ្រាន់តែ​សម្រាប់​ចំណាយ​ទៅវិញ​លើ​ប្រាក់ខែ​កម្មករ និង​លើ​សេវា​ដឹកជញ្ជូន​តែប៉ុណ្ណោះ។

ដោយសារ​មិនដឹងថា តើ​តម្លៃ​ជ័រកៅស៊ូ​វា​នឹង​ងើបក្បាលឡើង​វិញ​ថ្ងៃ​ណា​នោះ អ្នកជំនួញ​ដំណាំ​កៅស៊ូ​តូចតាច និង​មធ្យម​មួយចំនួន ចាប់ផ្តើម​កាប់​ដើម​កៅស៊ូ​របស់ខ្លួន​ចោល ហើយ​បែរមក​ដាំ​ដើម​ស្វាយចន្ទី ឬ​ដើម​ផ្កាចំប៉ី​ឡើងវិញ។ លោក សំរិទ្ធ អាយុ​ជាង៣០ឆ្នាំ​រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​កាប់​ដើម​កៅស៊ូ​របស់ខ្លួន​ដែលមាន​អាយុ២ឆ្នាំ​ចោល​នោះ បាន​និយាយថា៖«តាំងពី​ដាំ​មក សរុប​ទាំងអស់ ខ្ញុំ​ចំណាយ​អស់​ប្រមាណ​ជា​ពី៥ទៅ៧ពាន់​ដុល្លារ​ក្នុង​រយៈពេល២ឆ្នាំនេះ។ ឥឡូវ ខ្ញុំ​កាប់​ចោល ហើយ​ដាំ​ស្វាយចន្ទី​វិញ ពីព្រោះ​គ្រាប់ស្វាយចន្ទី​មានតម្លៃ​ថ្លៃ»។ ចុះបើ​ទម្រាំ​បាន​ផល ហើយ​គ្រាប់ស្វាយចន្ទី​ធ្លាក់​ថ្លៃ​វិញ តើ​លោក​គិត​យ៉ាងដូចម្តេច​ដែរ?

លោក សំរិទ្ធ បាន​ឆ្លើយ​មកវិញ​ថា ដោយសារតែ​តម្លៃ​ដំណាំ​កសិកម្ម​ឡើងចុះៗដោយ​គ្មាន​នរណា​ដឹង​ដូច្នេះ ទើ​គាត់​សម្រេចចិត្ត​ដាំ​ដំណាំ​បី​មុខសំខាន់ៗសម្រាប់​ទីផ្សារ​បច្ចុប្បន្ន។ ទី១ ផ្កាចំប៉ី។ ផ្កាចំប៉ី កំពុង​ត្រូវប៉ាន់​ជាមួយ​ទីផ្សារ​ចិន។ ទី២ ស្វាយចន្ទី និង​ទី៣ ដំណាំ​កៅស៊ូ។ «ខ្ញុំ​ស​ម្រេ​ចិត្ត​ដាំ​គ្រប់មុខ ដើម្បី​ចៀសវាង​ការធ្លាក់​ថ្លៃ។ បើ​ធ្លាក់​ថ្លៃ​មួយ​មុខ នៅសល់​ពីរ​មុខ​ទៀត។ កាលពីមុន ខ្ញុំ​ដាំ​មួយ​មុខ បើ​ធ្លាក់​ថ្លៃ​ហើយ ចប់​តែម្តង»។ នេះ គឺជា​ការបញ្ជាក់​របស់​លោក សំរិទ្ធ ឈរ​នៅក្បែរ​ដើម​កៅស៊ូ​ដែល​កំពុង​កាប់​ចោល។

ចរន្ត​កាប់​ដើម​កៅស៊ូ​ចោល ហើយ​ដាំ​ដំណាំផ្សេងៗនោះ មិនមែន​កើតឡើង​ចំពោះតែ​លោក សំរិទ្ធ ទេ។ អ្នកជំនួញ​តូច និង​មធ្យម​ផ្សេងទៀត បាននាំគ្នា​កាប់​ដើម​កៅស៊ូ​ចោល ហើយ​បែរ​ទៅ​ដាំ​ដំណាំ​ផ្សេងទៀត ដូចជា ស្វាយចន្ទី ផ្កាចំប៉ី។ល។ អ្នកជំនួញ​ដំណាំ​កសិកម្ម​ខ្មែរ​ត្រូវបាន​គេ​មើលឃើញថា ធ្វើ​កសិកម្ម​ដោយ​ប្រែប្រួល​ទៅតាម​តម្លៃ មានន័យថា ប្រសិនបើ​ឃើញ​ស្វាយចន្ទី​ឡើងថ្លៃ ពួកគេ​នាំគ្នា​កាប់​ដើម​កៅស៊ូ ឬ​កាហ្វេ​ចោល។ ប្រសិនបើ​កៅស៊ូ ឬ​ម្រេច​ឡើងថ្លៃ ពួកគេ កាប់​ដើម​កាហ្វេ ឬ​ស្វាយចន្ទី​ចោល​វិញ។

សូមបញ្ជាក់ថា បើទោះបីជា​អ្នកជំនួញ​តូច និង​មធ្យម មួយចំនួន​ចាប់ផ្តើម​កាប់​ដើម​កៅស៊ូ​ចោល​ក៏ដោយ​ក្តី ក៏​អ្នកជំនួញ​ដំណាំ​កៅស៊ូ​ខ្នាត​ធំ​ដែល​បាន​ដាំ​រាប់រយ និង​រាប់ពាន់​ហិកតា​មិនទាន់​កាប់​ចោល​នៅឡើយ​ទេ។ ក្តី​រំពឹង​របស់​ពួកគេ គឺថា តម្លៃ​វា​ត្រូវតែ​រើប​ឡើងវិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន៕





© រក្សាសិទ្ធិដោយ thmeythmey.com