ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មា​ជ សុវណ្ណ​រ៉ា នៅតែ​ទទូច​ឲ្យ​លោក សម រង្ស៊ី​ជួប​ជាមួយ​លោក ហ៊ុន សែន
11, Mar 2015 , 11:24 am        
រូបភាព

 
ភ្នំពេញ៖ លោក មា​ជ សុវណ្ណារ៉ា នៅតែ​ទទូច​ស្នើ​ឲ្យ​មាន​ជំនួប​ថ្នាក់​កំពូល​រវាង​លោក សម រង្ស៊ី និង​លោក​ហ៊ុន សែន ក្នុងការ​អន្តរាគមន៍​ដោះលែង​រូបលោក។ នៅ​ថ្ងៃទី១១មីនា​នេះ តុលាការ​កំពូល​ប្រកាស​សាលដីកា​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ បណ្តោះអាសន្ន​របស់លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ​លោក អ៊ុក ពេជ្រ​សំណាង ។



បន្ទាប់​បើកសវនាការ​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី៤ ខែមីនា​កន្លងមក​នៅ​ថ្ងៃទី១១ មីនា​នេះ តុលាការ​កំពូល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ាជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​នេះ នៅក្រៅ​ឃុំ​ឡើយ។ តុលាការ​កំពូល​បានសម្រេច​ដាក់​ឲ្យ​ពួកគេ បន្ត​នៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដដែល។

ចំពោះ​ការសម្រេច​នេះ​លោក មា​ជ សុវណ្ណារ៉ា ថ្លែងថា​មានតែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ជួប​ជាមួយ​លោក ហ៊ុន សែន​ទេ ដែល​អាច​អន្តរាគមន៍​ជួយ​ឲ្យ​រូបលោក​នៅក្រៅ​ឃុំ​បាន  «រឿង​នយោបាយ​គឺមាន​អ្នកនយោបាយ​ទេ ដែល​អាច​ដោះស្រាយបាន ។ បើ​លោក​សម រង្ស៊ី មិន​ជួប​ជាមួយ​លោក ហ៊ុន សែន​ទេ រូបលោក​គឺ​គ្មាន​សង្ឃឹម​បានចេញ​ឡើយ » ។ នេះ​ជាការ​ទទូច​របស់លោក មា​ជ សុវណ្ណារ៉ា ។

ជុំវិញ​សេចក្ដីសម្រេច​នេះ​មេធាវី​ការពារ​រឿងក្តី​លោក មា​ជ សុវណ្ណារ៉ា គឺ​លោក ជូ​ង ជូ​ងី បាន​ហៅ​ការសម្រេច​បន្ត​ឃុំខ្លួន​កូនក្តី​របស់លោក​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​មិនមាន​ភស្តុតាង​ដាក់បន្ទុក​ច្បាស់លាស់​នោះទេ ។ ហើយ​លោក​យល់ថា ការសម្រេច​នេះ ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ​ពិតមែន ។

មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​លោក​អ៊ុក ពេជ្រ​សំណាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com