ជាតិ
សង្គមជាតិ
មួក​ត្នោត​ទំហំ៥ម៉ែត្រ​កម្ពស់​ជិត២ម៉ែត្រ​នឹងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
11, Mar 2015 , 3:07 pm        
រូបភាព
សៀមរាប៖ មួក​ត្នោត​ដែលមាន​ទំហំ៥ម៉ែត្រ​មិន​ធ្លាប់មាន គ្រោង​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០១៥នេះ។ មួក​ត្នោត ដែលជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ត្រូវបាន​ក្រុម​ជាង​ក្នុងភូមិ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី កំពុង​សម្រិតសម្រាំង​ធ្វើ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។



មួក​ត្នោត​ដែលមាន​ទំហំ៥ ម៉ែត្រ កម្ពស់១,៨ ម៉ែត្រ អាច​នឹង​រួចរាល់​នៅ២ថ្ងៃ​ទៀត​នេះហើយ។ ក្រុម​ជាង​នៅ​ភូមិ​ព្រះ​ដាក់ បាន​ឲ្យ​ដឹងថា មួក​ត្នោត​នេះ គ្រោង​នឹង​រួចរាល់​ប្រមាណ២ថ្ងៃ​ទៀត។

ថ្លែង​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី១១ ខែ​មិនា​នេះ លោក ឡឹ​ក វន់ មេភូមិ​ព្រះ​ដាក់ និង​ជា​តំណាង​ក្រុម​ជាង បាន​ឲ្យ​ដឹងថា គម្រោង​ធ្វើ​មួក​ត្នោត​ដែលមាន​ទំហំ ៥ម្រ៉ែ​ត​នេះ បាន​ពេល​ជិត​មួយខែ រាប់​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ​មក។ លោក ឡឹ​ក វន់ បាន​ថ្លែង​ពី​ការ​បញ្ហា​ដែល​ជួបប្រទះ​អំឡុងពេល​ធ្វើ​មួក​នេះ​ថា៖« ការធ្វើ​ឆ្អឹង និង​កាច់រាង​វា រៀង​ពិបាក​បន្តិច​ដែរ តែ​យូរ​ត្រង់​ដេរ​ស្លឹក»។

តាមពិតទៅ អ្នកភូមិ​ព្រះ​ដាក់ បានទទួល​គម្រោង​ធ្វើ​មួក​ត្នោត និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​ពី​អ្នករៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ប្រចាំ​នៅ​ខេត្តសៀមរាប។ សម្រាប់​មួក​ត្នោត​នេះ អ្នកភូមិ​ទទួលបាន​ថ្លៃឈ្នួល​ចំនួន ៧០០ដុល្លារ​ពី​ម្ចាស់​គម្រោង។ យ៉ាងណា អ្នកភូមិ​ព្រះ​ដាក់ យល់ថា​តម្លៃ​នេះ​រៀង​ទាប​បន្តិច ព្រោះ​វា​មានការ​លំបាក​ទាំង​ការរក​សរសៃ ចាប់​រាង និង​ដេរ​ស្លឹកត្នោត​ជាដើម។

ក្រោយពី​បញ្ចប់​ជា​ស្ថាពរ មួក​ត្នោត​យក្ស គ្រោង​នឹង​ដឹក​ទៅ​ដាក់​ក្នុង​បុរី​រដ្ឋបាល​នៃ​អាជ្ញាធរ​អប្សរា ហើយ​បន្ទាប់មក គ្រោង​នឹង​យកទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ៕






© រក្សាសិទ្ធិដោយ thmeythmey.com