ជាតិ
លោក អ៊ូ វីរៈ ទ​ទួ​ច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លាលែង​ចេញពី​តំណែង
12, Mar 2015 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​ឯករាជ្យ លោក អ៊ូ វីរៈ ទ​ទួ​ច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លាលែង​ចេញពី​ដំណែង បន្ទាប់ពី​មាន​ករណី​ឆ្លង​មេរោគ​អេដស៍​នៅ ភូមិ​រកា ខេត្ត​បាត់​ដំបូង​រួចមក។ នេះ​បើ​យោងតាម​ការបង្ហាញ​គំនិត​របស់លោក​នៅលើ​គេហទំព័រ ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មិនទាន់​ប្រតិកម្ម​យ៉ាងណា​នោះទេ។


         
បន្ទាប់ពី​មាន​ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ខេត្តបាត់ដំបង ដែល​ធ្វើ​ឲ្យ​ភូមិ​រាប់រយ​នាក់​ផ្ទុកមេរោគ​អេដស៍ និង​មួយចំនួនទៀត​បាន​ស្លាប់​ជា​បន្តបន្ទាប់ លោក អ៊ូ វីរៈ អ្នកស្រាវជ្រាវ​បញ្ហា​សង្គម បាន​ទ​ទួ​ច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង លាលែង​ចេញពី​តំណែងភ្លាមៗ ដោយ​លោក​យល់ឃើញថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ ពុំមាន​សមត្ថភាព និង​មិនអាច​ដឹកនាំ​ឲ្យ​ទៅរក​ភាព​រីក​ចំ​ម្រើ​ន​បានឡើយ។

ថ្លែងប្រាប់​វិទ្យុ​ស្ត្រី និង​សារព័ត៌មាន​អេ​ឡិច​ត្រូវ​និកថ្មីៗ នៅ​ថ្ងៃ​ពុធ​នេះ លោក អ៊ូ វីរៈ បញ្ជាក់ថា បញ្ហា​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា​នេះ គឺជា​រឿង​ធំ​បំផុត ដែល​សមល្មម​ឲ្យ​លោក ម៉ម ប៊ុនហេង លាលែង​ចេញពី​ដំណែង​បាន​ហើយ។ លោក វីរៈ ចាត់ទុកថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ មិនមាន​សម​ត្ថិ​ភាព គ្រប់គ្រង​បញ្ហា និង​មិន​ទទួលខុសត្រូវ​រាល់​ករណី​ដែល​បាន​កើតឡើង ក្រោម​ការដឹកនាំ​របស់​ខ្លួន​ឡើយ។ លោក អ៊ូ វីរៈ ប្រៀបធៀប​បញ្ហា​នេះ ទៅ​ប្រទេស​មហាអំណាច​មួយចំនួន​នៅលើ​ពិភព លោក​ថា ប្រសិនបើ​មាន​ករណី​កើតឡើង​ដូច​កម្ពុជា​នេះ ថ្នាក់ដឹកនាំ​ប្រទេស​គេ នឹង​លាលែង​ចេញពី​តំណែងភ្លាម។ ដោយឡែក​នៅ​កម្ពុជា​វិញ គេ​មិនទាន់​ឃើញ​មាន​វប្បធម៌​នេះ​នៅឡើយ។ តាម​ការសង្កេត​របស់​លោក អ៊ូ វីរៈ
សព្វថ្ងៃនេះ ក្រសួងសុខាភិបាល​ហាក់​មិនមាន​យន្តការ​ណាមួយ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ធ្វើកំណែទម្រង់​ឲ្យ​មាន​ភាព​រីក​ចំ​ម្រើ​ន​នៅឡើយ​នោះទេ។

ករណី​ពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ស្រុក​សង្កែ​ខេត្តបាត់ដំបង រហូតមកដល់​ពេលនេះ កើនឡើង​ដល់ ២៧៧នាក់​ហើយ និង​មាន​អ្នកស្លាប់ ៦នាក់ ក្នុងនោះ ភាគច្រើន​ជា​មនុស្ស​ចាស់ ដែលមាន​អាយុ​ចាប់ពី ៦០ឡើងទៅ។

ទាក់ទង​បញ្ហា​នេះ សង្គម​ស៊ីវិល​តែងតែ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់ ជាពិសេស​ក្រសួងសុខាភិបាល ដែល​ធ្វើការ​ពាក់ព័ន្ធ​ថា មិនបាន​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ទៅលើ គ្លីនិក​នានា ដែល​គ្មាន​អាជ្ញា​ប័ន ឲ្យ​បាន​ត្រឹមត្រូវ ទើប​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ កើតឡើង។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មិន​ធ្វើការ​អធិប្បាយ​យ៉ាងណា​ទៅលើ​បញ្ហា​នេះឡើយ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មាន​ឆន្ទៈ​ចង់​លាលែង​ពី​តំណែង​ដោយសារ​រឿងនេះ ក៏​ជាការ​ល្អប្រសើរ​ផងដែរ ព្រោះ​ដើម្បី​ទុកជា​បទពិសោធន៍​សម្រាប់​ថ្នាក់ដឹកនាំក្រោយៗទៀត។
នៅ​ថ្ងៃ​ពុធ​ទី១២នេះ គេ​មិនអាច​សុំ​ការឆ្លើយតប​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​នៅឡើយ​ទេ​ដោយ​ឆ្លើយថា លោក​ជាប់រវល់។

នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​បូកសរុប​ការងារ​នៃ​ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ករណី​ឆ្លង​មេរោគ​អេដស៍​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ភូមិ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង។ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកសៅ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​រៀបចំ​វិធានការ​លម្អិត​ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា៕

លោក ទួន សុផល


© រក្សាសិទ្ធិដោយ thmeythmey.com