ជាតិ
សង្គមជាតិ
អ្នកគ្រូ នាង ផល្លា កំពុងធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ
14, Mar 2015 , 2:56 pm        
រូបភាព
ដោយ:


 
ភ្នំពេញ៖ មុននឹង​ចាកចេញ​ដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉េត អារ៉ាប់​រួម នៅ​ថ្ងៃទី១៤ ខែមីនា នេះ អ្នកស្រី នាង ផល្លា បាន​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​បងប្អូន ជនជាតិ​រួម​ជាតិ​ដែល​បោះឆ្នោត​គាំទ្រ​អ្នកគ្រូ​តាមរយៈ​ទំព័រ​ហ្វេ​ស​បុក ដើម្បី​ទទួលបាន​ជ័យ លា​ភី​គ្រូ​ឆ្នើម​ពិភពលោក និង​ប្រជែង​យកប្រាក់​រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize ជាមួយ​គ្រូបង្រៀន៩នាក់​ផ្សេងទៀត។



អ្នកស្រី នាង ផល្លា បាន​សម្តែង​អារម្មណ៍​រីករាយ​នឹង​ការចូលរួម​ក្នុង​កម្មវិធី Global Teacher Prize ដែល​បានរៀបចំ​ការ​ប្រជែង​មួយ​ផ្សេងទៀត តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដែលមាន​ឈ្មោះថា «Most Popular Teacher on Facebook» (គ្រូ​មាន​ប្រជាប្រិយភាព​ជាងគេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក)។

មុននឹង​ចេញដំណើរ​ដើម្បី​ទៅ​ស្តាប់​ការប្រកាស​លទ្ធផល​ជ័យលាភី​គ្រូ​ឆ្នើម​ពិភពលោក នាទី​ក្រុង​ឌូ​ប៉ៃ ប្រទេស​អារ៉ាប់​រួម  ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែមីនា ស្អែក​នេះ អ្នកស្រី ផល្លា បាន​ថ្លែងអំណរគុណ​ជនរួមជាតិ​ក្នុង​ទឹក​រីករាយ​ថា៖«នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បុគ្គលិក​គ្រួសារ​ថ្មី​គ្រប់ផ្នែក​ទាំងអស់ ដែល​បាន​ជួយ​បោះឆ្នោត និង​ជួយ​ជ្រោមជ្រែង ដើម្បី​ពានរង្វាន់​បម្រើ​ការងារ​ក្នុង​អង្គការ។ ពិសេស ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​បោះឆ្នោត​ជូន​នាង​ខ្ញុំ»។

ក្រៅពី​ថ្លែងអំណរគុណ​ជនរួមជាតិ​រួច អ្នកស្រី នាង ផល្លា ដែល​បច្ចុប្បន្ន​ជា​នាយិកា​សាលា​កុមារ​ពិការភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី ដែលជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​ត្រូវ​ប្រជែង​យកប្រាក់ រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize នោះ ក៏បាន​ថ្លែងអំណរគុណ​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន ផងដែរ។

អ្នកស្រី នាង ផល្លា និង​បេក្ខជន៩នាក់​ទៀត មាន លោក Azizullah Royesh (អា​ហ្វ​ហ្គា​នី​ស្ថាន) លោកស្រី Kiran Bir Sethi (ឥណ្ឌា) លោក Guy Etienne (ហៃ​ទី) លោកស្រី Jacqueline Jumbekahura (កេ​ន​យ៉ា) លោកស្រី Nancie Atwell (អាមេរិក) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និង​លោក Madenjit Singh (ម៉ាឡេស៊ី) នឹង​ទទួលបាន​លទ្ធផល​ជ័យលាភី​គ្រូ​ឆ្នើម​ពិភពលោក នាទី​ក្រុង​ឌូ​ប៉ៃ ប្រទេស​អារ៉ាប់​រួម   នៅ​ថ្ងៃទី១៥ ខែមីនា ស្អែក​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com