ជាតិ
សង្គមជាតិ
យុវជន​ជិត១០០នាក់​ជិះ​កង់​ផ្សព្វផ្សាយ​បរិស្ថាន​ភ្ជាប់​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
15, Mar 2015 , 3:01 pm        
រូបភាព
សៀមរាប៖ យុវជន​ប្រមាណ​ជិត១០០នាក់ បាននាំគ្នា​ជិះ​កង់ ក្រោម​ពាក្យស្លោក «សៀមរាប​ស្អាត អង្គរ​សង្ក្រាន្ត​អស្ចារ្យ»។ ការ​ជិះ​កង់​របស់​យុវជន ក្រៅពី​គោលបំណង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ខេត្តសៀមរាប​ហើយ​នោះ ក្នុងនោះ​ក៏​ដើម្បី​ផ្សព្វផ្សាយ និង​ពញ្ញាក់​អារម្មណ៍​ដល់​ភ្ញៀវទេសចរ​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ នឹង​ឈានចូល​មកដល់ឆាប់ៗនេះហើយ។



យុវជន​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជិត១០០ នាក់ បាន​ជួបជុំគ្នា​ជិះ​កង់ ក្នុង​បំណង​លើកកម្ពស់​បរិស្ថាន និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី៣ នៅ​ខេត្តសៀមរាប។ ក្បួន​ជិះ​កង់ បាន​ចេញពី​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះ​ចម ខ្ពស់​ទៅ​គោលដៅ​ប្រាសាទអង្គរវត្ត និង​បន្ត​រហូតដល់​លានជល់ដំរី ដែលជា​គោលដៅ​ចុងក្រោយ។

លោក សោម រតនា ដែល​ដឹកនាំ​ក្បួន​ជិះ​កង់ បាន​ឲ្យ​ដឹងថា ការរៀបចំ​ឲ្យ​មានការ​ជិះ​កង់​របស់​យុវជន​នៅពេលនេះ គឺមាន​សារសំខាន់​ណាស់ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ការការពារ​បរិស្ថាន និង​សុខភាព។ អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រូបនេះ បាន​បន្តថា៖« យើង​ចង់​ឲ្យ​ភ្ញៀវទេសចរ​ទាំងអស់​ដឹង​ថា ក្រៅពី​ពួកគេ​ចាប់អារម្មណ៍​សៀមរាប​ហើយ ក៏ត្រូវ​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ»។

ការ​ជិះ​កង់​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់ផ្តើម​នៅ​ម៉ោង៧ព្រឹក និង​បញ្ចប់​ត្រឹម​ម៉ោងជាង១០ ថ្ងៃទី១៤ ខែ​មិនា។ កម្មវិធី​នេះ ក៏មាន​ឈប់​លេងល្បែង​ប្រជាប្រិយ​នៅមុខ​ប្រាសាទអង្គរវត្ត​ផង ទើប​បន្តដំណើរ​ទៅ​បញ្ចប់​កម្មវិធី​នៅ​លានជល់ដំរី។ ក្នុង​កម្មវិធី​នេះដែរ ក្រុមយុវជន ក៏បាន​បង្ហាញ​រូបភាព ការនាំគ្នា​ជួយ​សម្អាត​បរិស្ថាន​ផងដែរ។

លោក សោម រតនា បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ​មានការ​បន្ថែម​កំលាំង​សម្រាប់​បញ្ហា​អនាម័យ។ លោក​ថា ក្នុងនោះ​អាជ្ញាធរ​អប្សរា បាន​បន្ថែម​ធុង​សម្រាប​នៅ​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ហើយក៏​មានការ​ផ្សព្វផ្សាយ​ការយល់ដឹង​ដល់​អ្នកចូលរួម​ជាដើម។ ទាក់ទង​នឹង​បញ្ហា​ចរាចរណ៍​វិញ​ដូចគ្នា លោក សោម រតនា ក៏បាន​អះអាង​ស្រដៀង​គ្នា​នឹង​បញ្ហា​អនាម័យ​ដែរ ដែល​បញ្ហា​នេះ កន្លងមក​ត្រូវបាន​មើលឃើញ មាន​បញ្ហា​ស្មុគស្មាញ​ក្រោយ​អង្គរ​សង្ក្រាន្ត​បានបញ្ចប់៕


© រក្សាសិទ្ធិដោយ thmeythmey.com