ជាតិ
សង្គមជាតិ
លោក បាន គី​មូ​ន សរសើរ​លោក ហ៊ុន សែន ដែល​ជំរុញ​វប្បធម៌​សន្ទនា​នយោបាយ
15, Mar 2015 , 10:30 pm        
រូបភាព
ដោយ:


ភ្នំពេញ៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​រសៀល​ថ្ងៃទី១៤ ម្សិលមិញ​នេះ លោក បាន គី​មូ​ន បាន​ថ្លែង កោតសរសើរ​លោក ហ៊ុន សែន ដែល​បាន​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា នយោបាយ ពិសេស​ជាមួយ​គណបក្សប្រឆាំង​នៅ​កម្ពុជា។ នេះ​បើតាម​ការសរសេរ​លើគ​ណ​នី ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ។



បើតាម​ការ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក លោក កឹម គុណ​វ​ឌ្ឍ នៅក្នុង​ជំនួប​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី១៤ មិនា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​ថ្លែងអំណរគុណ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​ចំណាយ ពេលវេលា​ចូលរួម​សន្និសីទ​ពិភពលោក​លើក​ទី៣ ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ មហន្តរាយ នៅ​ទីក្រុង​សេន​ដាយ ប្រទេស​ជប៉ុន។ ជាងនេះទៀត អគ្គនាយក​ទូរទស្សន៍ ជាតិ​កម្ពុជា (ទ​ទក) ដែល​បាន​ទៅយក​ផ្ទាល់​ព័ត៌មាន​ផ្ទាល់​នៅ​ទីក្រុង​សេន​ដាយ​រូបនេះ បាន​សរសេរ​បន្តថា លោក បាន គី​មូ​ន បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ជូន ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​នយោបាយ ជាពិសេស​ជាមួយ​គណបក្សប្រឆាំង​នៅ​កម្ពុជា។


បើតាម លោក គុណ​វ​ឌ្ឍ ព្រមជាមួយ​គ្នា​នោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចំរើន​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ពិសេស​ការសម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការអនុវត្ត​សេចក្តីប្រកាស សហស្ស​វត្ត​ន៍​របស់​អង្គការសហប្រជាជាតិ​លើ​ចំណុច​អាទិភាព ទាំង៩របស់ខ្លួន។

ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក បាន គី​មូ​ន បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ផងដែរ។  អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សរសេរ​បន្តថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួម​វិភាគទាន​របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​កិច្ចខិតខំ​ជួយផ្តល់​នូវ​ថវិកា​ដល់​ការបើកប្រាក់​បៀវត្ស​រ៍ដ​ល់​បុគ្គលិក​ជាតិ​របស់​កម្ពុជា ហើយ​ខាង​ផ្នែក​អន្តរជាតិ​ជា​បន្ទុក​របស់​អង្គការសហប្រជាជាតិ ក្នុងការ​ស្វែងរក​ថវិកា ដោយផ្ទាល់ ដើម្បី​ឲ្យ​មាន​និរន្តរភាព​នៅ​ថ្ងៃ​អនាគត។

ជាមួយគ្នា​នោះ បើតាម​ប្រភព​ដដែល លោក បាន គី​មូ​ន ក៏បាន​អញ្ជើញលោក​នាយករដ្ឋមន្ត្រី ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប ៧០ឆ្នាំ​របស់​អង្គការសហប្រជាជាតិ ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ខែកញ្ញា ឆ្នាំ ២០១៥ នោះ ដែលជា​កិច្ចពិភាក្សា​កំពូល​រវាង​បណ្តា​ប្រទេស​ក្នុង​ពិភព លោក​ផងដែរ។

ជាការ​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់លោក បាន គី​មូ​ន​នោះ លោក គុណ​វ​ឌ្ឍ បានសរសេរថា លោកនាយក​ដ្ឋ​មន្ត្រី​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ដំណាក់កាល​ក្រោយ​ឆ្នាំ២០១៥ ដែលជា​សេចក្តីប្រកាស​សហស្សវត្ស​រ៍រ​បស់​អង្គការសហប្រជាជាតិ​នោះឡើយ ។ លោក​សរសេរថា លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​ឆ្លើយតប​ថា លោក​មាន​កិច្ចការ ជាច្រើន​នៅក្នុង​ប្រទេស ដូចនេះ​លោក​នឹង​ចាត់តាំង​លោក គាត ឈន់ អញ្ជើញ​ទៅ​ចូលរួម​កិច្ច ប្រជុំ​នោះ​ជំនួស​វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com