ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី គ្រោង​ជួប​លោក ហ៊ុន សែន ក្រោយ​ចូលឆ្នាំ​ដើម្បី​ដោះស្រាយ​រឿង​លោក មា​ជ សុវណ្ណារ៉ា
16, Mar 2015 , 3:14 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គ្រោង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយ​ពិធី​ចូលឆ្នាំ​ខ្មែរ ដើម្បី​ជជែក​ពិភាក្សា​ដោះស្រាយ​លើ​បញ្ហា​លោក មា​ជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ។ នេះ​បើតាម​លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្សប្រឆាំង ។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​ចន្ទ​នេះ លោក យ៉ែម បុញ្ញា​ឫទ្ធិ បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានគិត​គូរ​ពី​បញ្ហា​លោក មា​ជ សុវណ្ណារ៉ា​ជា​យូរណាស់​មកហើយ ។ ប៉ុន្ដែ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិច្ចការ​មួយចំនួន​ដែល​ត្រូវ​បញ្ចប់​ជាមុនសិន ទើប​ថ្នាក់ដឹកនាំ​គណបក្ស​សម្រេចយក​ពេលវេលា ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ លោក យ៉ែម បុញ្ញា​ឫទ្ធិ បាន​លើកឡើងថា៖« គណបក្ស​សង្គ្រោះ​ជាតិ​មាន​កិច្ចការងារ​ជាច្រើន​ដែល​ត្រូវធ្វើ យើង​ជំរុញ​ឲ្យ​កិច្ចការ​កំណែទម្រង់​គជ​ប​ចប់សព្វគ្រប់​សិន ។ ថ្នាក់ដឹកនាំ​គណបក្ស​តែងតែ​គិតពី​បញ្ហា​នានា​ក្នុង​បក្ស ហើយ​លោក​នឹង​សុំ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នៅក្រោយ​ចូលឆ្នាំថ្មី​ហើយ » ។

អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​មិនទាន់​អាច​បញ្ជាក់​ពី​ក្តី​ស​ង្ឈឹ​ម​ថា ការជជែក​ពិភាក្សា​ដោះស្រាយ​លើ​បញ្ហា​លោក មា​ជ សុវណ្ណារ៉ា ដែល​ប្រធាន​គណបក្ស​គ្រោង​នឹង​ពិភាក្សា​ជាមួយ​គណបក្សកាន់អំណាច​នោះ និង​មាន​លទ្ធផល​វិជ្ជមាន ឬ​យ៉ាងណាដែរ​ទេ ? ។ ប៉ុន្ដែ​លោក​គ្រាន់តែ​បញ្ជាក់ថា តាម​ការត្រួតពិនិត្យ និង​តាមដាន​ជាក់ស្ដែង គឺ​លោក មា​ជ សុវណ្ណ មិនបាន​ប្រព្រឹត្តិ​ខុស ហើយក៏​ពុំមាន​ភស្ដុតាង​អ្វី​ចោទប្រកាន់​រូបលោក​នោះដែរ ។

កន្លងមក​លោក មា​ជ សុវណ្ណារ៉ា បាន​ទទូច​ស្នើ​ម្ដង ជា​ពីរដង​ឲ្យ​មាន​ជំនួប​ថ្នាក់​កំពូល​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ក្នុងការ​អន្តរាគមន៍​ដោះលែង​រូបលោក ។ លោ​កថា​មានតែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ជួប​ជាមួយ​លោក ហ៊ុន សែន​ទេ ដែល​អាច​អន្តរាគមន៍​ជួយ​ឲ្យ​រូបលោក​នៅក្រៅ​ឃុំ​បាន  «រឿង​នយោបាយ​គឺមាន​អ្នកនយោបាយ​ទេ ដែល​អាច​ដោះស្រាយបាន ។ បើ​លោក​សម រង្ស៊ី មិន​ជួប​ជាមួយ​លោក ហ៊ុន សែន​ទេ រូបលោក​គឺ​មិនអាច​បានចេញ​ឡើយ » ។ នេះ​ជាការ​ទទូច​របស់លោក មា​ជ សុវណ្ណារ៉ា នាពេល​កន្លងមក ។

មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា​បណ្ដាល​ឲ្យ សន្ដិសុខ​ក្រុងភ្នំពេញ​របួស​ជាង៤០នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤ ក្រោម​បទចោទប្រកាន់​រូបលោក ដឹកនាំ​តវ៉ា ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​កុប្បកម្ម ៕



© រក្សាសិទ្ធិដោយ thmeythmey.com