ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​នឹងចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៥ ជា​លើកដំបូង
09, Apr 2015 , 7:00 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ នេះ​ជា​លើកដំបូង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោក​នឹង​ទៅ ចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៥ ដែល​នឹង​ប្រារព្ធ​ឡើង​រយៈ​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី១៤ ដល់ទី១៦ ខែមេសា លើ​ទឹកដី​អង្គរ ខេត្តសៀមរាប។



អង្គរ​សង្ក្រាន្ត​ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​លោក ហ៊ុន ម៉ា​នី នោះ នឹង​ប្រារព្ធ​ជា​លើក​ទី ៣ ក្នុង​ឆ្នាំ ២០១៥នេះ។ ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុង​ឆ្នាំ ២០១៣ និង២០១៤ កន្លង ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ លោក សុខ អាន ដែល​តំណាង​ឲ្យ​ប្រមុខ​រដ្ឋាភិបាល។ ដោយឡែក ពិធី​បើក​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​ឆ្នាំ ២០១៥នេះ ដែល​គ្រោង​ប្រារព្ធ​កាន់តែ​ធំ និង​ប្លែក​ជាង​មុន​នោះ នឹងមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់ ពី​សំណាក់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នា​ព្រឹក​ថ្ងៃទី១៨ ខែមីនា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា៖«អង្គរ​សង្ក្រាន្ត​ឆ្នាំ​ទី៣ ខ្ញុំព្រះករុណាខ្ញុំ​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ការបើក អង្គរ​សង្ក្រាន្ត​នៅ​សៀមរាប។ ឆ្នាំ​ទី១ ឯកឧត្តម សុខ អាន ឆ្នាំ​ទី២ ឯកឧត្តម សុខ អាន ឆ្នាំ​ទី៣ នាយករដ្ឋមន្ត្រី​តែម្តង ដើម្បី​លើកទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម»។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី៣ គ្រោង​នឹង​ផលិត​នំអន្សម​យក្ស​ទម្ងន់​រហូតដល់​ជាង ៣តោន ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក(Guinness World Record)។ នំអន្សមជ្រូក​យក្ស​ដែល​នឹង​ផលិតឡើង​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ចាប់អារម្មណ៍​ផងដែរ។ លោក​ថ្លែង​អះអាងថា៖«កម្ពុជា​ឆ្នាំ ទៅធ្វើ​ប្រមាណ ២តោន៨ ឥឡូវ​ឆ្នាំនេះ​គ្រោង​ធ្វើ ៣តោន២ អន្សម​យក្ស។ ប្រហែល​ត្រូវ​អញ្ជើញ ពួក​កំណត់ត្រា​ពិភពលោក​មក​ពិនិត្យមើល ហើយ​ឲ្យ​គាត់​ទៅពិនិត្យ​នៅ​កម្ពុជា នៅ​ថៃ នៅ​ឡាវ នៅ​វៀតណាម នៅ​ចិន គឺ​ពួកគេ​ស៊ី​អន្សមជ្រូក។ តើ​អន្សម​ណា​ដែល​ធំជាងគេ? តើ​អាច​ចូល​Guinnessបាន​អត់?»។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការរៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ថ្ងៃទី១២ មីនា​កន្លងមក អ្នកនាំពាក្យ​ព្រឹត្តិការណ៍ លោក សោម រតនា បាន​ឲ្យ​សារព័ត៌មានថ្មីៗដឹងថា យុវជន​ជាង ៣ពាន់​នាក់​ទូទាំង បាន​ស្ម័គ្រចិត្ត​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​ឆ្នាំ ២០១៥ ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com