ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​គ្រោង​ផ្តល់​រង្វាន់​ប្រចាំឆ្នាំ​ដល់​នាយក​សាលា​ឆ្នើម៣នាក់ និង​គ្រូ​ឆ្នើម៥នាក់
19, Mar 2015 , 10:50 am        
រូបភាព
ដោយ: រួបរួម
 រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​ផ្តល់​តម្លៃ​ជាពិសេស​ដល់​គ្រូបង្រៀន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​គម្រោង​ក្នុង​ការរៀបចំ​រង្វាន់​ប្រចាំឆ្នាំ​ដល់​នាយក​សាលា​ឆ្នើម៣នាក់ និង​គ្រូបង្រៀន​ឆ្នើម៥នាក់។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នា​ពិធីចែក​បណ្ណអាហារូបករណ៍​ដល់និស្សិតនៃ​សាកលវិទ្យាល័យ​កម្ពុជានៅវិទ្យាស្ថាន​ជាតិ​អប់រំ។



ការផ្តល់​តម្លៃ​ជាពិសេស​ដល់​គ្រូបង្រៀន​នៅក្នុង​ប្រទេស បន្ទាប់ពី​អ្នកស្រី នាង ផល្លា នៃ​អង្គការ​គ្រួសារ​ថ្មី បាន​ក្លាយជា​គ្រូបង្រៀន​ម្នាក់​ដែល​នាំ​ឲ្យ​កម្ពុជា​មានឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក តាមរយៈ​ការឈាន​ទៅដល់​បេក្ខជន១០នាក់​ចុងក្រោយ​សម្រាប់​រង្វាន់ Global Teacher Prize របស់​មូលនិធិ Varkey Foundation ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត។

លោក ហ៊ុន សែន បាន​លើកឡើងថា៖ «ករណី​អ្នកគ្រូ នាង ផល្លា បើទោះបីជា​មិនបាន​ជាប់​ចំណាត់ថ្នាក់​លេខ១ក៏ដោយ ប៉ុន្តែ​ការជាប់​ក្នុងចំណោម២០០ប្រទេស ហើយ​ឡើងទៅ​កាន់១០នាក់​កំពូល​មិនមែនជា​រឿង​ធម្មតា​ទេ […] យើង​ចង់​មាន​គ្រូបង្រៀន​បែបនេះ​ច្រើន​ទៀត»។

ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ថា លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជួន ណា​រ៉ុ​ន បានស្នើ​សុំ​ឲ្យ​មានការ​ជ្រើសរើស​នាយក​សាលា​ល្អ៣នាក់ និង​គ្រូបង្រៀន​ឆ្នើម៥នាក់ ក្នុង​មួយឆ្នាំ។



© រក្សាសិទ្ធិដោយ thmeythmey.com