ជាតិ
NGO Forum នឹងបង្ហាញបញ្ហាប្រឈមនៃទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី២០
×
ភ្នំពេញ៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) នឹងរៀបចំសិក្ខាសាលា ផ្សព្វផ្សាយវីដេអូឯកសារស្តីពី ទំនប់វារីអគ្គិសនីនៅកម្ពុជា និងបញ្ហាប្រឈមរបស់ប្រជា សហគមន៍ ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ ២០១៥ ។ នេះបើតាមលោក តឹក សុវណ្ណារ៉ា នាយកវេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា។
ខ្សែវីដេអូឯកសារមានរយៈពេលជាង ២០នាទី នឹងចាក់បង្ហាញដើម្បីពង្រីកចំណេះដឹង ទាក់ទងនឹងផលប៉ះពាល់នៃទំនប់វារីអគ្គីសនីសេសាន ២ ក្នុងវេទិកានៃអង្គការមិនមែន រដ្ឋាភិបាលស្តីពីកម្ពុជា នៅព្រឹកថ្ងៃទី២០ ស្អែក។ នេះបើតាមប្រសាសន៍របស់ លោក តឹក សុវណ្ណរ៉ា នាយកប្រតិបត្តិនៃ អង្គការមិនមែនរដ្ឋាភិបាល។
នាយកប្រតិបត្តិរូបនេះ បានឲ្យដឹងថា វីដេអូនេះ បានផ្តិតយកនូវទិដ្ឋភាពពិតទាំងស្រុង ទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរស់នៅផ្ទាល់ក្នុងសហគមន៍។ ជាមួយគ្នា នេះដែរ លោកបញ្ជាក់ថា វីដេអូនេះក៏អាចចាត់ទុកថា ជាទស្សនៈផ្នែកច្បាប់ជាតិ និងអន្តរជាតិដែលទាក់ទងទៅនឹងការសាងសង់ទំនប់វារីអគ្គីសនីផងដែរ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលនឹងមានតំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អ្នកស្រាវជ្រាវ អាជ្ញាធរជាតិ សមាជិកសហគមន៍រងគ្រោះអ្នកចូលរួមជាង ៥០ នាក់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។
បើតាមលោក តឹក សុវណ្ណារ៉ា អនុសាសន៍ដែលទទួលបានពីការពិភាក្សារបស់ សហគមន៍ អង្គការជាតិ និងអន្តរជាតិធ្វើការទៅលើបញ្ហានេះ នឹងត្រូវដាក់ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីពិចារណាលើការ សាងសង់ទំនប់អគ្គិសនីនេះឡើងវិញ។ លោកថា៖«ពលរដ្ឋរង ផលប៉ះពាល់ជាង ៥០ភាគរយមិនទាន់ទទួលបានដំណោះស្រាយពីគម្រោងនោះឡើយ ដូច្នេះ រដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់គួរចុះទៅសិក្សាឡើងវិញ ជាមួយប្រជាជនក្នុងសហគមន៍នោះ»។
គួររម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៤កន្លងមក រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឡើងបំភ្លឺជូនតំណាងរាស្ត្រនៅរដ្ឋសភា ជុំវិញគម្រោងសាងសង់ទំនប់ វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងអាងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង។ លោកថា គម្រោងនេះ ត្រូវបានសិក្សាតាំងពីឆ្នាំ២០០៤មកម្លេះ ហើយលោកបន្តថា ប្រជាជនជាង ៧០០ គ្រួសារដែលរងប៉ះពាល់នោះ រដ្ឋបានរកដំណោះស្រាយជាបន្តបន្ទាប់។
គម្រោងសាងសង់នេះ នឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ ដោយចំណាយថវិកាជាង ៨០០លានអាមេរិក ហើយគម្រោងនេះមានអនុភាពអគ្គិសនីជាង ៤០០មេហ្គាវ៉ាត់ និងបរិមាណថាមពលជាង ២ពាន់លានគីឡូវ៉ាត់ម៉ោង។ នេះបើតាមប្រសាសន៍របស់ លោក ស៊ុយ សែម៕
© រក្សាសិទ្ធិដោយ thmeythmey.com