ជាតិ
សិស្ស​វិទ្យាស្ថាន AII ជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី “ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ” ដល់​ជនក្រីក្រ
20, Mar 2015 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ

សិស្សានុសិស្ស​ជាង១១០នាក់ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែល​មកពី​ក្លឹប​ចំនួន១១ មានដូចជា ក្លឹប​រាំ ក្លឹប​ហ្គី​តា ក្លឹប​ដូរ​តន្ត្រី ក្លឹប​សម្តែង​រឿង ក្លឹប​សុន្ទរកថា ក្លឹប​សៀក​រហ័ស​កម្ម ក្លឹប​តស៊ូ​មតិ ក្លឹប​អាន​សៀវភៅ ក្លឹប​មិត្ត​ជួយ​មិត្ត ក្លឹប​និយាយ និង​ក្លឹប​សារពត៌មាន ព្រមទាំង​ក្រុម​យុវ​សិស្ស​ស្ម័គ្រចិត្តផ្សេងៗទៀត​បាន​រួបរួមគ្នា​រៀបចំ​កម្មវិធី​ដែលមាន​ឈ្មោះថា “ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ” លើក​ទី៥ (TALENTS FOR A CAUSE 5)។ កម្មវិធី​នេះ​រៀបចំឡើង​កាលពី​ថ្ងៃទី15 ខែមីនា ឆ្នាំ2015 កន្លងទៅនេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ ដែលមាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី សំណាក់​សិស្សានុសិស្ស និង​ភ្ញៀវកិត្តិយស​ប្រមាណ៦៩១នាក់។



លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ថា កម្មវិធី​នេះ​រៀ​ចំ​ឡើង ដោយ​ក្រុម​សិស្សានុសិស្ស សម្រាប់​កិច្ចការងារ​មនុស្សធម៌​ក្នុង​ការជួយ​ទ្រ​ទ្រ​ង​ដល់​ជនក្រីក្រ ប្រជាជន​ជួប​គ្រោះធម្មជាតិ កុមារ កំព្រា​កម្ពុជា​រាប់ពាន់នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​ភាពខ្វះខាត និង​ត្រូវការ​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ។

សកម្មភាព និង​ទឹកចិត្ត របស់​សប្បុរសជន​ទាំងអស់ ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​បេសកម្ម​មនុស្សធម៌ ដែល​បាន​ជួយ​កុមារ​កម្ពុជា ពិសេស​ធ្វើ​ឲ្យ​សកម្មភាព​សប្បុរសធម៌​នេះ​កាន់​តែមាន​សន្ទុះ​កាន់តែខ្លាំង។ តាមរយៈ​កម្មវិធី​នេះ​បាន​បណ្តុះ​ឲ្យ​យុវជន​ទាំងអស់ ក្លាយជា​ពលរដ្ឋ​ល្អ មាន​ស្មារតី​ចេះ​ជួយ​ទុក្ខ​ធុរៈ​ក្នុង​គ្រា​មាន​អាសន្ន ចេះ​ចែករំលែក ចេះ​ធ្វើ​ការងារ​ជា​ក្រុម ចេះ​ទំនាក់ទំនង​ល្អ ជាមួយ​សាធារណជន​ទូទៅ ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ជា​គំរូ​ល្អ​ដល់​យុវជន​ទូទៅ។

យុវ​សិស្ស ឆែ ចំរើន ប្រធាន​សម្របសម្រួល​ក​ម្ម​វិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ​បានឱ្យដឹងថា ដោយ​ទទួល បាន​អនុសាសន៍ និង​បានឃើញ​នូវ​សកម្មភាព​មនុស្សធម៌ ចុះ​ចែក​អំណោយ​ដោយផ្ទាល់​របស់ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន និង​ប្រធាន​ចាងហ្វាង នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង​កន្លងមក ទើប​ក្រុម​របស់គាត់ ទាំងអស់គ្នា​ជា​សិស្សានុសិស្ស នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង (Aii) បង្កើត​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ ដើម្បី​រៃអង្គាស​ថវិកា និង​សម្ភារៈ​សប្បុរសធម៌ផ្សេងៗ យកទៅជួយ​ឧបត្ថម្ភ​ដល់​ជនក្រីក្រ​កុមារកំព្រា ទុរភិក្ស​ជន និង​ជនរងគ្រោះ ដោយ​គ្រោះធម្មជាតិ។

កម្មវិធី​នេះ​ត្រូវបាន​ចាប់ផ្តើម​រៀបចំ​តាំងពី​ឆ្នាំ២០១០មកម្ល៉េះ។ នេះ​គឺជា​លើក​ទី៥ហើយ​ដែល​ក្រុម​របស់ សិស្សានុសិស្ស​បានរៀបចំ​ឡើង។ កម្មវិធី​នេះ​សម្តែង​ដោយផ្ទាល់​ដោយ​ក្រុម​សិស្សានុសិស្ស ដែលជា​សមាជិក​នៃ​ក្លឹប​សិក្សា​នៃ​វិទ្យាស្ថាន  អន្តរទ្វីប អាមេរិកាំង  ដែល​ពួកគេម្នាក់ៗមាន​ទេពកោសល្យ​ខាង​ការសម្តែង​ក្បាច់​រាំ ការ​ច្រៀង​ចម្រៀង​ជាមួយនឹង​ការលេង​ហ្គី​តា ការសម្តែង​រឿង​ខ្លី​ជា​លក្ខណៈ​កំប្លែង​បែប​អប់រំ ការសម្តែង​សៀក​រហ័ស​កម្ម រួម​ជាមួយនឹង​ទស្សនីយភាពប្លែកៗជាច្រើន​ទៀត។

គួរបញ្ជាក់​ផងដែរ​ថា ថវិកា​ដែល​ប្រមូលបាន​ពី​កម្មវិធី​សប្បុរសធម៌​នេះ​សរុប​ចំនួន $៤៣៧១ ហើយ​ក្រុម​សិ​ស្សា​នុ- សិស្ស​គ្រោង​នឹង​យក​ថវិកា​ទាំងនោះ​ទៅ​ទិញ​សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ និង​របស់របរ​ប្រើប្រាស់ ដើម្បី​ចែកជូន​ដល់ ប្អូនៗសិស្សានុសិស្ស​ដែល​កំពុងមាន​ការខ្វះខាត នៅ​សាលាបឋមសិក្សា​មួយចំនួន​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ៕

(អត្ថបទ​សាលា)


© រក្សាសិទ្ធិដោយ thmeythmey.com