ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​គ្រប់គ្រង​បរិស្ថាន​លើក​ទី៤ពី​ប្រទេស​ជប៉ុន
20, Mar 2015 , 3:08 pm        
រូបភាព
សៀមរាប៖ ស្ថាប័ន JQA ជា​ស្ថាប័ន​ធានា​គុណភាព​របស់​ជប៉ុន បានប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ISO 14001 ឲ្យ​ស្ថាប័ន​អាជ្ញាធរ​អប្សរា ក្នុងការ​គ្រប់គ្រង​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។



នេះ​ជា​លើក​ទី៤ ហើយ បើ​រាប់​ចាប់ពី​អាជ្ញាធរ​អប្សរា បាន​ចុះឈ្មោះ និង​បំពេញ​លក្ខខណ្ឌ​ក្នុង​ស្ថាប័ន JQA ក្នុងអំឡុង​ឆ្នាំ២០០៥ មក។ ក្នុងនោះ ស្ថាប័ន JQA បាន​ចុះ​វាយតម្លៃ និង​ប្រគល់ជូន​វិ​ញ្ញាប​ន​ប័ត្រ​ដល់​អាជ្ញាធរ​អប្សរា លើក​ទី១ ក្នុង​ឆ្នាំ២០០៦-២០០៩ ទី២ ឆ្នាំ ២០០៩-២០១២ ទី៣ ឆ្នាំ២០១២-២០១៥ និង​លើក​ទី៤ សម្រាប់​ឆ្នាំ២០១៥-២០១៨ ។

យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី២០ ខែមីនា ឆ្នាំ២០១៥ ផលប្រយោជន៍​ជាច្រើន ដែល​កម្ពុជា​ទទួលបាន​ពី​ការទទួល​វិ​ញ្ញាប​ន​ប័ត្រ ISO 14001 ពី​ប្រទេស​ជប៉ុន ក្នុងនោះ​រួមមាន ការផ្តល់​តម្លៃ លើកកម្ពស់​រមណីយដ្ឋាន​អង្គរ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ការពារ និង​គ្រប់គ្រង​បរិស្ថាន​នៅ​តំបន់​អង្គរ ឲ្យ​មាន​ភាពស្រស់ស្អាត កាត់បន្ថយ​បរិមាណ​សំរាម រក្សា​គុណភាព​ទឹក អាកាសធាតុ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ឆាក​អន្តរជាតិ ចំពោះ​ការគ្រប់គ្រង​របស់​អប្សរា លើ​ការគ្រប់គ្រង​បរិស្ថាន ដែលមាន​ការកែលម្អ​ជាប្រចាំ។ល។

គួរ​បញ្ជាក់ថា មុនពេល​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ស្ថាប័ន JQA បាន​ចុះ​ធ្វើ​សវនកម្ម និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង។ ការប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​លើក​ទី៤នេះ ធ្វើឡើង​ក្រោយពេល​ចុះ​ធ្វើ​សវនកម្ម កាលពី​ចុងខែ​មករា ឆ្នាំ២០១៥កន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com