ជាតិ
អ្នកស្រី នួន ភិ​មាន ជា​បេក្ខភាព​បី​រូប​ចុងក្រោយ​សម្រាប់​ពាន World’s Children’s Prize
20, Mar 2015 , 4:10 pm        
រូបភាព
ដោយ: រួបរួម

អ្នកស្រី នួន ភិ​មាន ប្រធាន​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ (PIO) បាន​ជាប់​ជា​បេក្ខភាព​បីនាក់​ចុងក្រោយ​ដើម្បី​ប្រជែង​យក​ពានរង្វាន់ World’s Children’s Prize ឆ្នាំ២០១៥ របស់​មូលនិធិ World’s Children’s Prize Foundation (WCPF) ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Mariefredប្រទេស​ស៊ុយអែត។



អ្នកស្រី នួន ភិ​មាន ជា​ស្ត្រី​ខ្មែរ​មួយរូប​ដែល​បាន​ចំណាយពេល​ជិត១៥ឆ្នាំ ក្នុង​លើកកម្ពស់​ជីវិត​កុមារ​ក្រីក្រ​ដែល​រស់​នៅលើ​គំនរ​សំរាម តាមរយៈ​ការផ្តល់​ឱកាស​ពួកគេ​ឲ្យ​បាន​រៀនសូត្រ។ អ្នកស្រី ក៏​ធ្លាប់ជា​បេក្ខភាព​ម្នាក់​ក្នុង​កម្មវិធី​ទូរទស្សន៍ CNN Heroes កាលពី​ឆ្នាំ២០០៨ ផងដែរ។

សម្រាប់​ពានរង្វាន់​ដែលមាន​ទឹក១០ម៉ឺន​ដុល្លារ​អាមេរិក​នេះ អ្នកស្រី នួន ភិ​មាន គឺជា​បេ​ក្ខ​នារី​តែ​ម្នាក់​គត់​ក្នុងចំណោម៣នាក់។ បេក្ខភាព​ពីររូប​ផ្សេងទៀត​រួមមាន​លោក KailashSatyarthiម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​ឆ្នាំ២០១៤ ដែលជា​សកម្មជន​ការពារ​កុមារ​នៅ​ប្រទេស​ឥណ្ឌា និង​លោក JavirStauringសកម្មជន​សិទ្ធិ​កុមារ​មកពី​សហរដ្ឋអាមេរិក។

បេក្ខជន​ទាំងបី​រូប​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រកាស​លទ្ធផល​នៅ​ប្រទេស​ស៊ុយអែត នា​ខែតុលា ខាងមុខ។ អ្នកស្រី នួន ភិ​មាន ត្រូវការ​ការគាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​តាម​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន ដោយ​ការបោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ខែមេសា តាមរយៈ www.worldchildrensprize.com។

បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០០មក សកម្មជន និង​អង្គការ​ចំនួន៤១ហើយ​ដែល​បានទទួល​ពានរង្វាន់ World’s Children’s Prize ក្នុង​មានដូចជា អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Kofi Annan អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Nelson Mandela និង​សកម្មជន​ប៉ា​គី​ស្ថាន កញ្ញា MalalaYousafzai ជាដើម។

អ្នកស្រី ម៉ម សូ​ម៉ាលី ដែលជា​អ្នក​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស និង​ការរំលោភ​ផ្លូវ គឺជា​សកម្មជន​ទីមួយ​របស់​កម្ពុជា​ដែល​ទទួល​ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព​នេះ កាលពី២០០៨ ៕


© រក្សាសិទ្ធិដោយ thmeythmey.com