ជាតិ
សង្គមជាតិ
កម្មវិធី​ទាំង៣របស់លោក​ស្រី Michelle OBAMA នៅ​សៀមរាប​នៅ​ថ្ងៃ​សៅរ៍​នេះ
21, Mar 2015 , 6:23 am        
រូបភាព
រូបថត៖ ដោយ​ស្ថានទូត​អាមេរិក
រូបថត៖ ដោយ​ស្ថានទូត​អាមេរិក
សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ កងកម្លាំង​ចម្រុះ​របស់​ខេត្តសៀមរាប និង​កង​អង្គរក្ស​ត្រូវ​ពង្រាយ​នៅលើ​ផ្លូវជាតិ​លេខ៦ ឆ្ពោះទៅ​វិទ្យាល័យ​ហ៊ុន សែន​បាគង ជាទី​ដែល ស្ត្រី​ទីមួយ​នៃ​សហរដ្ឋអាមេរិក លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា (Michelle OBAMA) ត្រូវធ្វើ​ទស្សនកិច្ច​មុខ​ដំបូង​គេ។


នៅ​បរិវេណ និង​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន បាគង សន្តិសុខ​ក៏ត្រូវ​បាន​រឹតបន្តឹង​យ៉ាងខ្លាំង។ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន នឹង​អមដំណើរ​ទស្សនកិច្ច​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា នៅក្នុង​វិទ្យាល័យ​នោះ។ នៅ​ទីនោះ មានតែ​អ្នកកាសែត​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​សកម្មភាព​របស់​ស្ត្រី​ទីមួយ។ លោកស្រី​នឹង​ជួប​ជាមួយ​តំណាង​សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ងារ​លើ​ការជំរុញ​ការអប់រំ​ដល់​សិស្សស្រី។

បន្ទាប់ពី​ទស្សនកិច្ច​វិទ្យាល័យ​នោះ​ហើយ លោកស្រី​នឹង​វិល​ត្រឡប់មក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ក្នុង​ក្រុង​សៀមរាប ដើម្បី​ថ្លែង​សុន្ទរកថា​ទៅកាន់​ក្រុម Peace Corps ដែលជា​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​អាមេរិក​ដែល​ធ្វើ​ការងារ​មនុស្សធម៌ ពិសេស​ក្នុង​វិស័យ​អប់រំ​នេះឯង។

នៅពេល​រសៀល លោកស្រី Michelle OBAMA គ្រោង​ធ្វើ​ទស្សនកិច្ច​ជា​លក្ខណៈ​ឯកជន​នៅ​ប្រាសាទអង្គរវត្ត ឬ​អាច​នៅ​ប្រាសាទ​នានា​ផ្សេងទៀត។ នេះ​បើតាម​ការ​មន្ត្រី​សន្តិសុខ​មួយចំនួន​ដែល​និយាយប្រាប់​អ្នកកាសែត។ ប៉ុន្តែ​ពួកគេ​បាន​អះអាង មិនមាន​អ្នកណា​ដឹង​ពេលវេលា​ជាក់លាក់​នៃ​ទស្សនកិច្ច​របស់លោក​ស្រី​នៅតាម​ប្រាសាទ​នោះទេ។

មិនមាន​កម្មវិធី​ផ្សេងទៀត ដែល​ត្រូវគេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ក្រៅពី​កាល​វិលត្រឡប់​ចាកចេញ​ពី​ទីក្រុង​សៀមរាប​វិញ​របស់​លោកស្រី Michelle OBAMA នៅ​ព្រឹក​ម៉ោង១០ ថ្ងៃអាទិត្យ​នោះទេ។

សូមរម្លឹកថា ស្ត្រីទីមួយ​នៃ​សហរដ្ឋ​អាមេរិក​ដែល​បានមក​ដល់​ប្រទេស​កម្ពុជា ក្នុង​ទឹកដី​វប្បធម៌​សៀមរាប​នា​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ កំពុង​បំពេញ​ទស្សនកិច្ច​ជំរុញ​វិស័យ​អប់រំ​ដល់ក្មេង​ស្រី​នៅ​កម្ពុជា តាម​រយៈ​ការ​សម្ពោធន៍​គំនិត​ផ្តួចផ្តើម​ជំរុញ​ការ​ អប់រំ​របស់​យុវតី ដែល​គោលនយោបាយ​របស់​លោកស្រី និង​ស្វាមី​របស់​លោកស្រី ដែលជា​​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា៕



© រក្សាសិទ្ធិដោយ thmeythmey.com