ជាតិ
សង្គមជាតិ
ខ្មែរឥស្លាម​ក៏​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែរ
14, Apr 2015 , 8:00 am        
រូបភាព
សៀមរាប៖ មិនមែន​មានតែ​ជនជាតិខ្មែរ ឫ​បរទេស​នោះទេ ដែល​ចាប់អារម្មណ៍​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ស្ទើរ​ក្លាយជា​ប្រពៃណី​ទៅហើយនោះ។ ខ្មែរឥស្លាម​ដែលមាន​វប្បធម៌​ផ្សេងគ្នា​ពី​ប្រជាជន​កម្ពុជា ក៏​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចូលរួម​សប្បាយ អបអរ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹងធ្វើ​នៅ​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នាពេល​ខាងមុខនេះ។



ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​ខ្មែរ និង​ភ្ញៀវទេសចរ​ជាច្រើន​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប។ ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ដែលមាន​តាំងពី​បុរាណកាល​មក និង​មាន​កម្មវិធី​លេង​កម្សាន្ត​ជាច្រើន​ទៀត។ ចាប់ពី​ឆ្នាំ២០១៣ នៃ​ការបង្កើត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត មាន​ប្រជាជន​ជាច្រើន បានធ្វើ​ដំណើរ​មក​ចូលរួម​យ៉ាង​ផុស​ផុង អំឡុងពេល​នៃ​ការឈប់​សម្រាក​របស់​ពួកគេ។

យ៉ាងណាមិញ ក្រៅពី​វត្តមាន​ប្រជាជន​ខ្មែរ ក្នុងនោះ​ខ្មែរឥស្លាម​មួយចំនួនធំ ក៏បាន​បង្ហាញ​វត្តមាន ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះដែរ។ ពួកគេ​ចង់​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ខ្មែរ ក្នុងនាម​ប្រជាជន​រស់នៅក្នុង​ទឹកដី​តែមួយ បើទោះជា​មាន​ប្រពៃណី និង​វប្បធម៌​ផ្សេងគ្នា​យ៉ាងណាក្តី។

លោក សុះ រ៉ូ​ហ្សា​លី ខ្មែរឥស្លាម​មួយរូប បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ លោក រ៉ូ​ហ្សា​លី ដែល​រស់នៅ​ខេត្ត​បន្ទាយ​ជ័យ​នោះ គ្រោង​នឹងធ្វើ​ដំណើរ​មក​ខេត្តសៀមរាប ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ លោក​ថា ព្រឹត្តិការណ៍​នេះ បានគាស់​កកាយ​សម័យ​កាល​បុរាណ មក​បច្ចុប្បន្នកាល ដើម្បី​ឲ្យ​កូន​ខ្មែរ និង​ជាតិ​សាសន៍​ដទៃ បានដឹង និង​បាន​ស្គាល់​កាន់តែច្បាស់ ថា​អ្វី​ជា​ខ្មែរ​ពិតប្រាកដ។ លោក រ៉ូ​ហ្សា​លី បាន​បន្ថែមថា៖« ខ្ញុំ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កម្មវិធី​អង្គរ​សង្ក្រាន្ត។ វា​បាន​ដាស់​អារម្មណ៍​ប្រជាជន​ខ្មែរ ដឹង​ពី​វប្បធម៌ អរិយធម៌ ដែល​បាត់​ទៅហើយនោះ ឲ្យ​រស់​ឡើងវិញ»។

ងាក​ទៅ​ចាប់អារម្មណ៍​នឹង​កញ្ញា លី អា​មី វិញ។ ស្ត្រី​ខ្មែរឥស្លាម​រូបនេះ ក៏មាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី៣នេះដែរ។ អា​មី ជា​អ្នក​ខេត្តពោធិ៍សាត់ និង​បច្ចុប្បន្នកំពុង​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​នោះ បាន​ឲ្យ​ដឹងថា នាង​ឮ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​យូរហើយ តែ​មិនទាន់មាន​ឳ​កាស​ចូលរួម។ យ៉ាងណា នាង​ថា​ឆ្នាំនេះ នឹង​បបួល​ក្រុមគ្រួសារ មក​ដើរ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នាង​យល់ថា ធ្វើ​ឲ្យ​នាង​អាច​យល់ដឹង​ច្រើន​ពី​ព្រឹត្តិការណ៍​នេះ។

មិនមែន​មានតែ លោក រ៉ូ​ហ្សា​លី កញ្ញា អា​មី ទេ ដែល​ពេញចិត្ត​ពេញ​ថ្លើម​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ លោក នាក់ សើ​គី​រី​ន ពី​ភ្នំពេញ​នោះ​វិញ ក៏​ត្រៀម​រួចរាល់​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​លើក​ទី៣នេះដែរ។ លោក សើ​គី​រី​ន ដែលជា​យុវជន​ស្ម័គ្រចិត្ត​សហភាព​យុវជន​មួយរូប បាន​រម្លឹក​ពី​អនុស្សាវរីយ៍​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​លោក​បាន​ចូលរួម​នាពេល​កន្លងមក​ថា៖« ព្រឹត្តិការណ៍​នេះ បាន​រិត​ចំណងមិត្តភាព​ក្រុមយុវជន ដែល​មកពី​បណ្តា​ខេត្តផ្សេងៗ ឲ្យ​ចេះ​សាមគ្គី​គ្នា​ក្នុង​ការធ្វើការងារ​ជា​ក្រុម»។ កម្មវិធី​ដែល​លោក សើ​គី​រី​ន​ចាប់អារម្មណ៍​មាន​របាំ​កន្សែង​ស្នេហ៍  ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ល្បែង​កម្សាន្ត​ដែល​បង្ហាញ​ពី​អរិយធម៌​អ​រូបិយ​របស់​ខ្មែរ​ជាដើម។

មានកម្ម​វិធី​ប្រពៃណី​ជាច្រើន នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ ក្នុងនោះ របាំ​ជនជាតិ​ចាម ក៏មាន​លើក​មក​សម្តែង​ផងដែរ ដែល​គេ​ឲ្យ​ឈ្មោះថា របាំ​កន្សែង​ស្នេហ៍ នោះ។ របាំ​នេះ​បើ​ត្បិត​ជា​របាំ​ជនជាតិ​ចាម ឫ​ខ្មែរឥស្លាម​យ៉ាងណាក្តី ប៉ុន្តែ​សម្តែងឡើង​ដោយ​យុវជន​ខ្មែរ ដែល​បាន​រៀនសូត្រ​ពីរ​បាំ​នេះ។  យុវជន​ខ្មែរឥស្លាម ចង់​ឲ្យ​មានការ​បង្ហាញ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សហ​គម​ន៍​ខ្មែរឥស្លាម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ ពួកគេ​យល់ថា វា​នឹង​បង្ហាញ​ពី​ការចូលរួម​គ្រប់​ជាតិ​សាសន៍​ក្នុងប្រទេស​កម្ពុជា។

លោក រ៉ូ​ហ្សា​លី យល់ថា៖« ក្នុងនាម​ខ្មែរឥស្លាម​រស់នៅក្នុង​ប្រទេស​កម្ពុជា​តែមួយ ខ្ញុំ​គិតថា គួរតែ​បញ្ជ្រាប​វប្បធម៌ ប្រពៃណី​ឥស្លាម​ចូលរួម។ ឧទាហរណ៍​ដូច​ការ «ពាង» ដែល​មានន័យថា ដល់ពេល​ថ្វាយបង្គំ​ក្នុង​សាសនា​ឥស្លាម ប៉ុន្តែ​បងប្អូន​ខ្មែរ គាត់​យល់ថា ចាម​លូ​ទៅវិញ។ប្រសិនបើ​យើង​ធ្វើបាន ខ្ញុំ​គិតថា​ថ្នាក់ដឹកនាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក៏​សប្បាយចិត្ត ហើយ​សហគមន៍​ខ្មែរឥស្លាម​ក៏​សប្បាយចិត្ត ព្រោះ​វា​បង្ហាញ​ពី​ការចូលរួម​គ្រប់​ជាតិ​សាសន៍»។ ចំណែក​លោក សើ​គី​រី​ន៖« វា​ជា​ការល្អ​មួយ។ ព្រោះថា ខ្មែរឥស្លាម​យើង​មាន​វប្បធម៌ និង​ប្រពៃណី​ល្អ​ម្យ៉ាងដែរ។ វា​នឹង​រិត​តែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​វប្បធម៌ និង​អរិយធម៌​ចម្រុះ​ជាតិ​សាសន៍ មិន​ប្រកាន់​និន្នាការ​ជាតិ​សាសន៍​ណាមួយ​ឡើយ។ល»។

អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​គាំទ្រ​ចំពោះ​ការ​ឲ្យ​មាន​កម្មវិធី​ទាក់ទង​នឹង​សហគមន៍​ខ្មែរឥស្លាម។ លោក សោម រតនា មានប្រសាសន៍ថា វា​ជា​ការល្អ​បំផុត ដែល​របាំ​ប្រពៃណី​ខ្មែរឥស្លាម សម្តែង និង​រៀបចំឡើង​ដោយ​សហគមន៍​ខ្មែរឥស្លាម។ លោក សោម រតនា៖« ខ្ញុំ​គិតថា វា​ល្អ។ នៅ​ឆ្នាំក្រោយ ខ្ញុំ​នឹង​លើកយក​ចំណុច​នេះ​មក​និយាយ ដើម្បី​ឲ្យ​មានកម្ម​វិធី​ប្រពៃណី​ខ្មែរឥស្លាម​ចូលរួម​ឲ្យ​បាន​ច្រើន»។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រៅពី​ធ្វើឡើង​ក្នុង​បំណង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ហើយ​នោះ ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​មហា​គ្រួសារ​ខ្មែរ​តែមួយ ការ​រិត​ចំណងមិត្តភាព និង​ជាពិសេស បាន​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប បាន​ទូលំទូលាយ​ផងដែរ។ កាលពី​ឆ្នាំ២០១៣ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ១៨ម៉ឺន​នាក់ ឆ្នាំ២០១៤ មាន​ចំនួន​ជាង ៣៨ម៉ឺន​នាក់ និង​លើក​ទី៣ ឆ្នាំ២០១៥ នេះ អ្នករៀបចំ រំពឹងថា នឹងមាន​អ្នកចូលរួម​កន្លះ​លាន​នាក់។ ព្រោះថា​នៅ​ឆ្នាំនេះ មាន​ព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា​ការតាំង​បង្ហាញ​នំអន្សម​យក្ស ដែលមាន​ទំហំ​ជាង​ឆ្នាំទៅ មួក​ត្នោត​យក្ស អង្រុត​យក្ស ព័​ត្រ​យក្ស និង​ការបង្ហាញ​ផ្ទាំងទស្សនីយភាព​ជាច្រើន​ទៀត ដូចជា​ការប្រណាំង​រទេះ​គោ ល្បែង​ប្រជាប្រិយ។ល៕


© រក្សាសិទ្ធិដោយ thmeythmey.com