ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី Michelle OBAMA ចង់ឃើញ​ស្ត្រី​ក្នុង​ពិភពលោក​មាន​សំឡេង​ក្នុងប្រទេស​របស់​ពួកគេ
21, Mar 2015 , 4:14 pm        
រូបភាព
រូបថត៖ ដោយ​ថ្មីៗ
រូបថត៖ ដោយ​ថ្មីៗ
សៀមរាប៖ «សារ​របស់ខ្ញុំ ទៅកាន់​នារី​វ័យក្មេង​ទាំងអស់​នៅទីនេះ គឺថា គម្រោង Let Girls Learn មានបំណង​ផ្តល់​ឲ្យ​កុមារី​ដូច​អ្នក​នូវ​សំឡេង​មួយ​នៅក្នុង​សហគមន៍​និង​ប្រទេស​របស់​អ្នក»។ លោកស្រី Michelle OBAMA កំពុងនិយាយ​ទៅកាន់​កុមារី​ជំទង់​ជា​សិស្សសាលា និង​ស្ត្រី​ខ្មែរ​ជាច្រើន​ទៀត​ដែលជា​អ្នកស្ម័គ្រចិត្ត និង​ជា​ដៃគូ​ចូលរួម​ធ្វើ​ការងារ​ជាមួយ​ក្រុម Peace Corps អាមេរិក ដែល​កំពុង​ស្ថិតនៅក្នុង​បន្ទប់​ប្រជុំ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប។



ស្ត្រី​ទីមួយ​នៃ​សហរដ្ឋអាមេរិក​កំពុងតែ​ផ្តល់​ដំបូន្មាន និង​អនុសាសន៍​ឲ្យ​ក្រុម​ភ្នាក់ងារ Peace Corps ខិតខំ​ជួយ​កុមារី​ខ្មែរ​នៅក្នុង​ភូមិ និង​រៀនសូត្រ​ពី​ជីវិត​នៅក្នុង​សហគមន៍​កម្ពុជា។ ប៉ុន្តែ​ទន្ទឹមគ្នានេះ លោកស្រី Michelle OBAMA ក៏​កំពុង​ពន្យល់​នារី​កម្ពុជា​អំពី​គោលបំណង​នៃ​គំនិត​ផ្តួចផ្តើម ឲ្យ​កុមារី​បាន​រៀនសូត្រ​នេះ ដែរ។

ពីលើ​វេទិកា​ដែលមាន​ស្លាក​សញ្ញា Peace Corps នឹង​អម​ជុំវិញ​ដោយ​ទង់ជាតិ​អាមេរិក​និង​ទង់ជាតិ​កម្ពុជា​នោះ លោកស្រី អូ​បា​ម៉ា បាន​ថ្លែង​យ៉ាង​ដូច្នេះ៖«លោកអ្នក​បានឃើញ​ហើយ​ថា នៅពេល​កុមារី​ទទួលបាន​ការសិក្សា នៅពេល​គេ​រៀន​អាន សរសេរ និង​គិត វា​បានផ្តល់​ឲ្យ​ពួកគេ​នូវ​មធ្យោបាយ​ក្នុង​ការឡើង​និយាយ​អំពី​ភាពអយុត្តិធម៌ ហើយ​ទាមទារ​លក្ខណៈ​ស្មើភាព​គ្នា។ វា​ជួយ​ឲ្យ​ពួកគេ​បាន​ចូលរួម​ក្នុង​ជីវិត​នយោបាយ​នៃ​ប្រទេស​របស់​ពួកគេ ចាប់​ឲ្យ​មេដឹកនាំ​របស់​ពួកគេ​ទទួលខុសត្រូវ ហើយ​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៀតផង នៅពេល​ពួកគេ​មិនទាន់​ទទួលបាន​អ្វី​ដែលជា​តម្រូវការ​រប​ស់​ពួកគេ​នោះ»។

ការទាមទារ​អោយមាន​គោលនយោបាយ​យកចិត្តទុកដាក់​លើ​កុមារី វា​ជា​រឿង​ចាំបាច់​មួយ​មែន ប៉ុន្តែ​ស្ត្រី​ទីមួយ​ដែលមាន​ស្វាមី​ជា​ប្រធានាធិបតី​ក៏​យល់​អំពី​ទុក្ខលំបាក​របស់​រដ្ឋាភិបាល​មួយ​ដែរ។ «វា​មិនមែន​ចេះតែ​ស្រួល​ទេ​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​ទាំងអស់​របស់ខ្លួន​នោះ។ ស្វាមី​ខ្ញុំ​ពិតជា​បាន​ទទួលរង​កា​រិះគន់ និង​ការមិនយល់ស្រប។ តែ​យើង​មិន​អាចមាន​ផ្លូវ​ណា​ផ្សេងទៀត​ទេ ពីព្រោះ​សំឡេង និង​មតិ​ប្រជាជន​របស់​យើង ទាំង​បុរស ទាំង​ស្ត្រី មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់។ នោះ​គឺជា​អ្វីដែល​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​មាន​ភាពរឹងមាំ​ល្អ»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោកស្រី អូ​បា​ម៉ា៕



© រក្សាសិទ្ធិដោយ thmeythmey.com