ជាតិ
សង្គមជាតិ
កម្មវិធីនាំចាស់ៗទស្សនាអង្គរឥតគិតថ្លៃពីក្រុមអ្នកជិះកង់នៅរៀបចំនៅថ្ងៃអាទិត្យស្អែក
× សៀមរាប៖ ក្រុមមនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលមិនធ្លាប់ឃើញប្រាសាទអង្គរវត្ត នឹងមានឳកាសបានស្គាល់ហើយនៅពេលនេះ។ ក្រុមយុវជនជិះកង់ដើម្បីសហគមន៍ បានរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីនាំក្រុមមនុស្សចាស់ និងមានជីវភាពទីទាល់ក្រ មកដើរកម្សាន្តប្រាសាទអង្គរវត្ត នៅនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែមិនា ស្អែក។
មានប្រជាពលរដ្ឋខ្មែរជាច្រើន ដែលពុំធ្លាប់បានស្គាល់ និងឃើញប្រាសាទអង្គរវត្ត។ យើងមិននិយាយពីអ្នកដែលរស់នៅខេត្តឆ្ងាយៗនោះទេ ក្រុមមនុស្សចាស់ ដែលនឹងធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តនាពេលខាងមុខនេះ គឺរស់នៅក្នុងភូមិឃុំ ក្នុងខេត្តសៀមរាប ដែលពួកគាត់មិនមានលទ្ធភាពនឹងមកកម្សាន្ត។
«ពេលនេះស្គាល់ហើយអង្គរវត្ត» គឺជាប្រធានបទ ដែលក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ ហៅកាត់ថា (CCC)រៀបចំឡើង ដើម្បីនាំមនុស្សចាស់អាយុចន្លោះពី៦០ ទៅ៧០ឆ្នាំនៅទីជនបទ ដែលមិនធ្លាប់បានឃើញអង្គរវត្តសោះ ក្នុងមួយឆាកជីវិតរបស់គាត់។ កម្មវិធីនេះ មានគោលបំណងឲ្យពលរដ្ឋខ្មែរ រស់នៅមិនឆ្ងាយពីអង្គរវត្ត ប៉ុន្តែគ្មានលទ្ធភាពនឹងស្គាល់ប្រាសាទអង្គរវត្ត ដែលជាមរតកមានតម្លៃរបស់ប្រទេសកម្ពុជា។
«ពេលនេះស្គាល់ហើយអង្គរវត្ត» ជាកម្មវិធីដំណើរកម្សាន្តរបស់មនុស្សចាស់ សម្រាប់មើលប្រាសាទអង្គរវត្ត ចូលសារមន្ទីរ ហូបអាហារ ថតរូប មានមគ្គុទ្ទេសក៍ជួនដើរ និងមានអ្នកថែរក្សា ដូចទៅនឹងភ្ញៀវទេសចរ យ៉ាងដូច្នោះដែរ។ នេះបើតាមការឲ្យដឹងពីលោក គឹម ប៊ុនថាន់។ លោក ប៊ុនថាន់ ដែលជាប្រធានក្រុមអ្នកជិះកង់ដើម្បីសហគមន៍ ពន្យល់ថា៖« យើងតាមជ្រើសរើសចាស់ៗ ១០០នាក់ នៅភូមិឃុំនៅស្រុកពួក មានក្បាលក្រពើ សំបួរ និងអំពិល ដែលពួកគាត់នៅចំងាយប្រមាណ ៣០គីឡូប៉ុណ្ណោះពីអង្គរវត្ត»។ លោក ប៊ុនថាន់ បន្តថា ចាស់ៗទាំង ១០០នាក់នោះ សុទ្ធសឹងមានជីវភាពក្រីក្រ និងជ្រើសរើសតាមរយៈការចុះសម្ភាសន៍ ទិន្នន័យពីមេភូមិ និងការឃើញផ្ទាល់ពីស្ថានភាពគ្រួសារជាដើម។
មានមគ្គុទ្ទេសក៍ម្នាក់ និងជាងថតរូបម្នាក់។ ក្រោយមកយើងនាំគាត់ទៅហូបបាយនៅភោជនីយដ្ឋាន ចូលសារមន្ទីរអង្គរ ញុំាការ៉េម និងល្ងាចម៉ោង៤ យើងជួនគាត់ត្រឡប់ទៅផ្ទះវិញ»។
កន្លងមក ក្រុមអ្នកជិះកង់ដើម្បីសហគមន៍ ដែលបង្កើតឡើងដោយក្រុមយុវជនដែលចូលចិត្តជិះកង់ និងស្រលាញ់បរិស្ថាន ធ្លាប់បានរៃអង្គាសថវិកាសាងសង់ផ្ទះដល់ពលរដ្ឋក្រីក្រ រស់នៅដាច់ស្រយាលនៅភ្នំគូលេន រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាកាលពីឆ្នាំទៅ ហើយគម្រោងឆ្នាំទី២ នឹងធ្វើឡើងនៅចុងខែឧសភា ឆ្នាំ២០១៥នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com