ជាតិ
បទវិភាគ
សារៈសំខាន់​នៃ​ភាពសមហេតុ​ផល
22, Mar 2015 , 1:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បញ្ញត្តិ «ភាពសមហេតុ​ផល»ត្រូវបាន​គេ​លើក​យកមកប្រើ​នៅពេលដែល​គេ​ចង់​វាយតម្លៃ វិនិច្ឆ័យ និង​វិភាគ​អំពី​សភា​ពនៃ​អំពើ​របស់​មនុស្ស ការដឹកនាំ ការគ្រប់គ្រង ការសម្រេចចិត្ត​អំពី​អ្វីមួយ ហេតុការណ៍ បាតុភូត សង្គម និង​បាតុភូតធម្មជាតិ។ បុគ្គល ឬ​ស្ថាប័ន​មួយ​ដែល​ប្រព្រឹត្ត​ចាត់វិធានការ និង ធ្វើការ​សម្រេចចិត្ត​ដោយ​សម​ហេតុផល នាំឱ្យ​បុគ្គល ឬ​ស្ថាប័ន​នោះ​ត្រូវបាន​គេ​គោរព។ ផ្ទុយទៅវិញ ប្រសិនបើ​បុគ្គល ឬ​ស្ថាប័ន​ណា​មិន​បានធ្វើអ្វីៗដោយ​សម​ហេតុផល​ទេ បុគ្គល ឬ​ស្ថាប័ន​នោះ​មិន​ទទួលបាន​ការគោរព​ឡើយ។ 



ភាពសមហេតុ​ផល មាន​អត្ថន័យ​មួយចំនួន​ដូចខាងក្រោម៖
1.    ការពន្យល់ ឬ​ការបង្ហាញ​ពី​ភាពត្រឹមត្រូវ​ចំពោះ​អ្វីមួយ
2.    ហេតុផល​ជំរុញ ឬ​បុព្វហេតុ​ចំពោះ​ការធ្វើ ឬ​ការគិត​តាម​វិធី​ជាក់លាក់​មួយ
3.    បុព្វហេតុ​ដែល​គេ​បកស្រាយ​អំពី​បាតុភូត​ជាក់លាក់​មួយ
4.    អំណាច​ដែល​គេ​អាច​គិត​តាម​លក្ខណៈ​ប្រកបដោយ​វិចារណញ្ញាណ​និង​ត្រឹមត្រូវ
5.    សមត្ថភាព​នៃ​ការគិត​យ៉ាងច្បាស់​លាស់​និង​ប្រទាក់ក្រឡា​គ្នា
6.    សមត្ថភាព​នៃ​ការគិត​យ៉ាង​ត្រឹមត្រូវ ដែល​គេ​ចាត់ទុកថា​ជា​មូលដ្ឋាន​ចំពោះ​ពុទ្ធិ ហើយ​វា​ខុសពី បទពិសោធ និង​វេទនារម្មណ៍។

ក្នុងការ​អនុវត្ត​ជាក់ស្ដែង នៅពេលដែល​គំនិត​មួយ​ត្រូវ បាន​គេ​បកស្រាយ​ឱ្យ ឃើញថា សម​ហេតុផល គំនិត នោះ​ត្រូវបាន​គេ​ឱ្យ​តម្លៃ​និង​អនុវត្តតាម។ របៀប​នៃ​ការបកស្រាយ ឬ​ទឡ្ហីករណ៍ មួយ ដែលមាន​លំដាប់លំដោយ ច្បាស់លាស់ និង​សម​ហេតុផល នាំឱ្យ​វា​ត្រូវបាន​គេ​កោតសរសើរ និង​យក​គំរូ​តាម។ សវនាការ​មួយ​ដែល​គោរព​តាម​នីតិវិធី​ច្បាប់ ផ្អែកលើ​សក្ខីកម្ម អង្គហេតុ និង​អង្គច្បាប់ នាំឱ្យ​សវនាការ​នោះ​ឈានទៅរក​ការស្និដ្ឋាន​មួយ​ដែល​ត្រឹមត្រូវ​ត្រូវបាន​គេ​វាយតម្លៃ​ខ្ពស់ និង អាច​ស្វែង​រកឃើញ​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី។

ដូចគ្នា​ដែរ ភាពសមហេតុ​ផល​ខាង​ការវាយតម្លៃ វិនិច្ឆ័យ ការសន្និដ្ឋាន និង​ការសម្រេច ក្ដី​ក្នុង​វិវាទ​រដ្ឋបាល ពាណិជ្ជកម្ម នយោបាយ និង​វិវាទ​សង្គមផ្សេងៗទៀត អាចធ្វើឱ្យ​គូភាគី​ចាញ់ ឬ​ឈ្នះ ដោយ​អស់ចិត្ត។

ក្នុងសង្គម​ខ្មែរ មាន​ឧទាហរណ៍​ជាច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយ​ភាពសមហេតុ ដូចជា៖
ចេះ​មកពី​រៀន មានមក​ពី​រក, មាន​ភ្លើង ទើប​មាន​ផ្សែង, អ្នក​សាបព្រោះ​ខ្យល់ តែងតែ​ទទួលផល​នូវ​ព្យុះសង្ឃរា, ធ្វើបុណ្យ​បាន​បុណ្យ ធ្វើបាប​បាន​បាប,...។ ផ្ទុយទៅវិញ យើង​ក៏បាន​សង្កេតឃើញ ករណីខ្លះ​បាន​ប្រព្រឹត្ត​ទៅដោយ​មិន​សហេតុ​ផល​ដែរ ដូចជា មន្ត្រី​ខ្លះ​ខិតខំ​ធ្វើការ​យូរហើយ តែ​ពុំ​ទទួលបាន​តំណែង​អ្វី​សោះ ឯ​មន្ត្រី​ខ្លះទៀត​ទើបតែ​ចូលធ្វើការ​ភ្លាម​ក៏មាន​តំណែង​ខ្ពស់, មនុស្ស​ខ្លះ​មិនឱ្យ​រកស៊ី​អ្វី​ធំដុំ​ទេ ប៉ុន្តែ ក្លាយជា​អ្នកមាន​ដោយសារ​អំពើ​ខុសច្បាប់ផ្សេង, អ្នក​មានទោស​ធ្ងន់​រួចខ្លួន ឯ​អ្នក​មានទោស​តិចតួច​ជាប់គុក ជាដើម។
ហេតុនេះ បើ​បុគ្គល ឬ​ស្ថាប័ន​នានា​ចង់​ឱ្យគេ​គោរព​និង​ឱ្យ​តម្លៃ លុះត្រាតែ​បុគ្គល ឬ​ស្ថាប័ន​ទាំងនោះ បំពេញការងារ​តាមរបៀប​ត្រឹមត្រូវ​តាម​សីលធម៌​និង​ច្បាប់ មាន​តម្លាភាព យុត្តិធម៌ សមធម៌ គណនេយ្យភាព និង​សម​ហេតុផល។ បើ​មិន​ដូច្នោះ​ទេ បុគ្គល ឬ​ស្ថាប័ន​ទាំងនោះ មិនត្រូវ​បាន​គេ​គោរព​និង​ឱ្យ​តម្លៃ​ឡើយ លើសពីនេះ​ទៀត បុគ្គល ឬ​ស្ថាប័ន​ទាំងនោះ​ថែមទាំង​ត្រូវគេ​ប្រឆាំង​និង​ស្អប់ខ្ពើម​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com