អន្តរជាតិ
ពលរដ្ឋ​ចិន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​អគារ ៥៧ ជាន់​ដែល​សាងសង់​រួច​ក្នុង​រយៈពេល ១៩ ថ្ងៃ
23, Mar 2015 , 9:25 am        
រូបភាព
ដោយ:
 
ការកសាង​អគារ​កម្ពស់​បី​ជាន់​ក្នុង​រយៈពេល​មួយថ្ងៃ​មិនមែនជា​ល្បែង​សម្រាប់​ក្មេង​លេង​រៀបផ្ទះ​នៅក្នុង​កុំព្យូទ័រ​នោះទេ​ប៉ុន្តែ​នេះ​ការសាងសង់​ពិតប្រាកដ​មួយ ដែលជា​គម្រោង​មួយ​របស់​ក្រុមហ៊ុន​សំណង់​មួយ​នៅក្នុង​កណ្ដាល​ទីក្រុង​របស់​ខេត្ត​ហ៊ូ​ណាន​ប្រទេស​ចិន។



យោងតាម​ការផ្សាយ​រប​ស់ CCTV អគារ​កម្ពស់៥៧ ជាន់​ស្ថិតនៅក្នុង​ទីក្រុង​ឆាង​សា​ជាទី​ក្រុង​ធំ​របស់​ខេត្ត​ហ៊ូ​ណាន​ត្រូវបាន​គេ​ចែករំលែក​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា អគារ​ដ៏​ខ្ពស់​នេះ​ត្រូវបាន​បញ្ចប់​ការសាងសង់ ក្នុង​រយៈពេល​តែ ១៩ ថ្ងៃ​តែប៉ុណ្ណោះ។
ប៉ុន្តែ​ក្នុងខណៈ​ពេលដែល​មានកា​រ​សរសើរ ពី​សមត្ថភាព​ក្នុងការ​សាងសង់​ដោយ​ប្រើពេល​យ៉ាង​ឆាប់រហ័ស​នេះ ក៏មាន​ប្រជាជន​ចិន​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​លើកឡើង​ពី​ការព្រួយបារម្ភ​ពីលើ​សុវត្ថិភាព​របស់​អគារ​មួយ​នេះ​ផងដែរ។

លោក Zhang Junសាស្ត្រាចារ្យ​ពី​សាកលវិទ្យាល័យ​Tsinghua Universityបាន​ប្រាប់​បណ្តាញ​វិទ្យុ​ចិន​ថា អគារ​នេះ​ត្រូវបាន​គេ​សាងសង់ឡើង ដោយមាន​ការរៀបចំរ​ច​នា​សម្ព័ន្ធ​ដែកថែប​យ៉ាង​ត្រឹមត្រូវ ដូច្នេះ​គឺ​វា​មាន​សុវត្ថិភាព​ប៉ុន្តែ​វា​ក៏​អាច​នឹង​ប្រឈម​ជាមួយនឹង​បញ្ហា ក្នុង​រយៈពេល​វែង​ដូច​ជាការ​ប្រេះស្រាំ​ដោយសារ​កម្ដៅថ្ងៃ​និង​ការ​ជ្រាប​ទឹក។

ជាមួយគ្នានេះដែរ ក្រុមការងារ​សាងសង់​អគារ​ខាងលើនេះ ក៏បាន​ពន្យល់​ផងដែរ​ថា​ពួកគេ​បាន​ប្រើ​បច្ចេកវិទ្យា​ផ្គុំ​ដ៏​ទំនើប​ដែល​ក្នុងនោះ ៩៥ភាគរយ​នៃ​ផ្នែក​របស់​អគារ​ត្រូវបាន​គេ​សាងសង់​នៅក្នុង​រោងចក្រ​មួយ​ដាច់ដោយឡែក​ផ្សេង​មួយទៀត បន្ទាប់មក​គេ​យក​វា​មក​ផ្គុំ ដូច្នេះ​វា​មិនមែនជា​ការសាងសង់​មួយ​តាមរបៀប​ធម្មតា​នោះទេ។

ដោយឡែក​អ្នកជំនាញ​ម្នាក់ទៀត​បាន​និយាយថា អគារ​នេះ​ត្រូវបាន​គេ​សាងសង់ឡើង​ពី​គ្រោង​អគារ​ធ្វើ​ពី​ដែកថែប​សុទ្ធ ដូច្នេះហើយ​បើទោះបីជា​វា​ត្រូវគេ​សាងសង់​រួច​ក្នុង​រយៈពេល ១៩ ថ្ងៃ​ក៏ដោយ​ក៏​គេ​ត្រូវការ​ពេល​ដ៏​យូរ​ដើម្បី​សាងសង់​គ្រឹះ​ខាងក្រោម​អគារ​ឲ្យ​រឹងមាំ​ផងដែរ។អគារ​នេះ​មាន​ទំហំ ១៨ ម៉ឺន ម៉ែត្រការ៉េ ហើយ​វា​នឹង​ត្រូវគេ​រៀបចំ​ជា​សា​លាម​ត្តេ​យ្យ កន្លែង​តែ​ទាំ​កុមារ មន្ទីរពេទ្យ មជ្ឈមណ្ឌល​ហាត់ប្រាណ​និង​កន្លែង​ផ្សេង​ជាច្រើន​ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com