ជាតិ
ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​មួយ​ជំនាន់​រស់នៅ​របស់​មនុស្ស
24, Mar 2015 , 8:30 am        
រូបភាព

 

«បម្រែបម្រួល​អាកាសធាតុ​មិនមែន​ត្រឹមតែ​ជា​បញ្ហា​រយៈពេល​មួយ​ម៉ោង​នោះទេ តែ​វា​ជា​បញ្ហា​សម្រាប់​ជំនាន់​រស់នៅ​របស់​យើង»។នេះ​បើតាម​ប្រសាសន៍​របស់លោក ឈិ​ត សំអាត នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធានធម្មជាតិ​WWF ប្រចាំ​នៅ​កម្ពុជា។ លោក​ឈិ​ត សំអាត បន្តថា៖«ភ្លើងអគ្គិសនី​នឹង​អាច​ត្រូវបាន​បិទ​រយៈពេល​តែមួយ​ម៉ោង ប៉ុន្តែ​សកម្មភាព​របស់​មនុស្ស​រាប់លាន​នាក់​នឹង​នៅតែ​បន្ត​ពេញ​មួយឆ្នាំ ដើម្បី​បង្ហាញ​ពី​ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ» ។



អង្គការ WWF នឹង​រៀបចំ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី (Earth Hour) នៅ​ថ្ងៃ​សៅរ៍ ទី២៨ ខែមីនា ចុង​សប្តាហ៍​នេះ។ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី គឺជា​ចលនា​បរិស្ថាន​ដែល​ធំជាងគេ​នៅលើ​ពិភពលោក​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។ នេះ​បើ​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​អង្គការ​WWF។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល នៅ​ឆ្នាំនេះ ពិភពលោក​នឹង​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ក្រោម​ប្រធានបទ «ប្រើប្រាស់​ឥទ្ធិពល​របស់​អ្នក ដើម្បី​ផ្លាស់ប្តូរ​បម្រែបម្រួល​អាកាសធាតុ»។

នៅ​កម្ពុជា​ទិវា​នេះ នឹង​រៀបចំ​នៅ​ក្រុងភ្នំពេញ សហគមន៍ និង​ស្ថាប័ន​ជំនួញផ្សេងៗ ដោយ​នឹងមាន​ការបិទ​ភ្លើង​រយៈពេល១ម៉ោង នៅ​ម៉ោង៨កន្លះ​ដល់​ម៉ោង៩កន្លះ​យប់ ដើម្បី​បង្ហាញ​ឆន្ទៈ​ក្នុងការ​ចូលរួម​ការពា​រ​បរិស្ថាន។ កម្មវិធី​បិទ​ភ្លើង​ជាស​ញ្ញា នឹងធ្វើ​ឡើង​នៅ​តារាង​បាល់​ទាល់ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ(RUPP) ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​WWF បានបញ្ជាក់​ទៀតថា ក្រៅពី​ការបិទ​ភ្លើង​ជា​និមិត្តសញ្ញា ក៏មាន​ការសម្តែង​កំសាន្ត​ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​បរិស្ថាន និង​បញ្ជាក់ថា​តើ​ពួកគេ​អាច​ប្រើប្រាស់​ឥទ្ធិពល​របស់គេ​បែបណា​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​ភពផែនដី​ទាំងមូល។

សូមបញ្ជាក់ថា ទិវា​នេះ បានចាប់ផ្តើម​ឡើង​ដំបូង​គេ​នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ២០០៧ ។ នេះ​គឺ​ឆ្នាំ​ទី៧សម្រាប់​ពិភពលោក និង​ជា​ឆ្នាំ​ទី៤នៅ​កម្ពុជា ដែល​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី។មិន​ត្រឹមតែ​កម្ពុជា​នោះទេ​ដែល​ប្រារព្ធ​ទិវា​នេះ ប្រទេស​ចំនួន១៦២ និង​ក្រុង​ជាង៧ពាន់​ផ្សេងទៀត​នៅលើ​ពិភពលោក ក៏​ចូលរួម​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​នេះដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com