កីឡាជាតិ
AFC U23៖ កម្ពុជា​ប៉ះកូរ៉េខាង​ជើង​ដែលជា​ក្រុម​ខ្លាំងមួយ​ប្រចាំ​តំបន់​អាស៊ី នា​វេលាម៉ោង​៤​រសៀល​នេះ​
29, Mar 2015 , 1:28 pm        
រូបភាព
Jo Kwang និង ហូយ ផល្លីន ធ្លាប់ជួបគ្នា​ក្នុងការ​ប្រកួត U16។ Kwang រកបាន​២គ្រាប់ឲ្យកូរ៉េខាង​ជើង។ រូប Goal និង Ishikawa
Jo Kwang និង ហូយ ផល្លីន ធ្លាប់ជួបគ្នា​ក្នុងការ​ប្រកួត U16។ Kwang រកបាន​២គ្រាប់ឲ្យកូរ៉េខាង​ជើង។ រូប Goal និង Ishikawa
ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម២២ឆ្នាំ កម្ពុជា ត្រូវ​ប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល G នៃ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC U-23 Championship ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​កូរ៉េខាងជើង​នា​វេលា​ម៉ោង៤រសៀល​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ នៅ​កីឡដ្ឋាន Rajamangala ក្រុង​បាងកក ប្រទេស​ថៃ។ កម្ពុជា បាន​ឆាក​ជាមួយនឹង​បរាជ័យ​ដ៏​គួរ​ឲ្យ​សោកស្តាយ​ក្នុង​លទ្ធផល ២-១ ដោយសារ​ម្ចាស់ផ្ទះ​ថៃ ខណៈដែល​កូរ៉េខាងជើង បាន​យកឈ្នះ​ហ្វីលីពីន ៤-០ នៅ​ថ្ងៃ​ដដែល។



បើទោះបីជា​យុវជន​កម្ពុជា បាន​ចាញ់​ម្ចាស់ផ្ទះ​ថៃ ២-១ នៅតែ​ប៉ុន្មាន​វិនាទី​ចុងក្រោយ​នៃ​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ​កន្លងមក ក៏ដោយ ក៏​កីឡាករ​កម្ពុជា​នៅតែ​ទទួលបាន​នូវ​សារ​លើកទឹកចិត្ត​ពី​សំណាក់​ អ្នកគាំទ្រ។  អ្នកចាំទី អ៊ុំ សិរី​រ័ត្ន ដែល​សង្គ្រោះ​បាល់​ជាច្រើនលើក ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត ខណៈ​ការ​ស៊ុត​បាល់​ហ្វ្រី​ឃី​ក​ដ៏​អស្ចារ្យ​របស់​ប្រធាន​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម ទទួល​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង។

នៅក្នុង​តំបន់ កម្ពុជា​គឺ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ការទូត​យូរ​ជាងគេ​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ជំនួប​បាល់ទាត់​រវាង​ក្រុម​ទាំងពីរ​គឺជា​រឿង​ដ៏​កម្រ។ សម្រាប់​ជម្រើសជាតិ​ឈុត​ធំ កម្ពុជា និង​កូរ៉េខាងជើង បាន​ជួបគ្នា​តែ​ម្តងគត់ ដោយ​ការប្រកួត​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នា​ជំនួប​នៃ​ព្រឹត្តិការណ៍​អាស៊ី​ហ្គា​ណេ​ហ្វូ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កូរ៉េខាងជើង​បាន​យកឈ្នះ​កម្ពុជា ២-០ ។


ជំនួប​ចុងក្រោយ​រវាង​ ក្រុម​នៃ​ប្រជាជាតិ​ជា​មិត្ត​ទាំងពីរ គឺ​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ AFC U-16 Championship នៅក្នុង​ទីក្រុង​បាងកក​ដូចគ្នា។ នៅក្នុង​ការប្រកួត​កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៩ កូរ៉េខាងជើង​បាន​យកឈ្នះ​កម្ពុជារ​ហួត​ដល់​ទៅ ៥-០ ។

អ្នកចាំទី ប្រាក់ មុន្នី​ភា​រុន ខ្សែបម្រើ ចាន់ វឌ្ឍនាកា និង ហូ​យ ផល្លី​ន គឺជា​សមាជិក​នៃ​ក្រុមយុវជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Daisuke Yoshioka  នា​ព្រឹត្តិការណ៍ AFC U-16 Championship ខណៈ​ក្រុម U-22 កូរ៉េខាងជើង មាន​សមាជិក​ជាច្រើន​ដែល​បាន​នាំ​ឲ្យ​កូរ៉េខាងជើង​លើក​ពាន AFC U-16 Championship ជា​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ២០១០ និង​មានឈ្មោះ​បន្ត​ទៅកាន់​ព្រឹត្តិការណ៍ World Cup អាយុ​ក្រោម១៧ឆ្នាំ។

កាលពី​ឆ្នាំ​២០១២ នាការ​ប្រកួត​ជម្រុះក្នុងព្រឹត្តិការណ៍ AFC U-22 Championship ដូចគ្នានៅ​ក្នុងទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ កូរ៉េខាងជើង​បានយក​ឈ្នះ​កម្ពុជា ៣-០ បន្ថែមទៀត។ ខ្សែការពារ នេន សុធារ័ត្ន គឺ​ជាកីឡាករ​តែម្នាក់គត់​ក្នុងជម្រើស​បច្ចុប្បន្ន​ដែល​បាន​បង្ហាញ​ខ្លួននាការប្រកួតពេលនោះ។

សម្រាប់ U-22 កូរ៉េខាងជើង ខ្សែប្រយុទ្ធ Jang Ok-chol និង Jo Kwang ធ្លាប់មាន​ប្រវត្តិ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រុម​កម្ពុ​ជានា​ជ័យជម្នះ ៥-០ នា​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC U-16 Championship។ កីឡាករ U-22 ឆ្នើម​ផ្សេងទៀត​ដែល​នាំ​ឲ្យ​កូរ៉េខាងជើង​លើក​ពាន U-16 កាលពី​ឆ្នាំ២០១០ រួមមាន ខ្សែការពារ Jong Kwang Sok និង​ខ្សែបម្រើ Ju Jong Chol ជាដើម។
លោកគ្រូ ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង របស់​កម្ពុជា Lee Tae Hoon ធ្លាប់បាន​បង្ហាញ​សាច់ដុំ លើ​ឆាក​អន្តរជាតិ ប៉ុន្មាន​ប្រកួតជាប់ៗគ្នា​មកហើយ ប៉ុន្ដែ​លើក​នេះ​ត្រូវ​រក​វិធីសាស្ត្រ​ថ្មី ព្រោះ​ជួប​ជាមួយ​ក្រុម​បងប្អូន​បង្កើត​កូរ៉េខាងជើង ម្ដង។

បើ​និយាយ​ ពី​ក្រុម​កូរ៉េខាងជើង វិញ​បាន​យកឈ្នះ​ក្រុម ហ្វីលីពីន ដោយ​លទ្ធផល ៤ – ០ កាលពី​ថ្ងៃ​បើក​វគ្គ​ពូ​ល G លើ​ទីលាន​ប្រកួត​នៅ​ប្រទេស​ថៃ ដូចគ្នា។ កីឡាករ Ri Hyong Jin, So Kyong Jin, Jang Ok-chol និង Pak Hyong-il សុទ្ធតែជា​អ្នក​នាំ​សំណាង​ឱ្យ​ក្រុម ក្នុង​ប្រកួត​លើក​ទី១ ។

ចំណាត់ថ្នាក់ ​បណ្ដោះអាសន្ន នៅ​ពូ​ល G មាន កូរ៉េខាងជើង និង ថៃ ឈរ​កំពូល​តារាង ក្រោយ​មាន ៣ ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា ហើយ​កម្ពុជា និង ហ្វីលីពីន នៅ​បាត​តារាង ព្រោះ​មិនទាន់មាន​ពិន្ទុ​កាន់​នៅឡើយ។

វគ្គ​ជម្រុះ 2016 AFC U-23 Championship មាន​ក្រុម​ចូលរួម​ចំនួន ៤៣ ប្រទេស ដែលជា​សមាជិក​ក្នុង​ទ្វីបអាស៊ី ដោយ​ចែកជា ១០ ពូ​ល។ ក្រុម​ខ្លាំងជាងគេ​ចំនួន ១៦ មាន​កៅអី​ឡើងទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​ប្រទេស​កាតារ ចាប់ពី​ថ្ងៃទី ១២ ដល់ ៣០ ខែ មករា ឆ្នាំ ២០១៦។ ម្យ៉ាងទៀត​ការប្រកួត​នេះ​ក៏​ជាការ​ប្រកួត​ជម្រុះ ស្វែងរក​ក្រុម​ចំនួន ៤ តំណាងឱ្យ​ទ្វីប ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ អូឡាំពិក រដូវក្ដៅ ឆ្នាំ ២០១៦ នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ផងដែរ៕

សម្រាប់​ប្រកួត​នៅថ្ងៃនេះ ១៨ គូ​មាន៖
ហុងកុង Vs មី​យ៉ាន់​ម៉ា
ប្រ៊ុយណេ Vs ឥណ្ឌូណេស៊ី
ម៉ា​កាវ Vs ម៉ាឡេស៊ី
ឥណ្ឌា Vs ស៊ី​រី
កម្ពុជា Vs កូរ៉េខាងជើង
សិង្ហ​បុរី Vs ចិន
នេ​ប៉ាល់ Vs អារ៉ាប៊ីសាអ៊ូឌីត
ចិនតៃវ៉ាន Vs អូស្ត្រាលី
បង់​ក្លា​ដេ​ស Vs អ៊ូ​បេ​គី​ស្ថាន
ហ្វីលីពីន Vs ថៃ
ទី​ម័​រ​ខាងកើត Vs កូរ៉េខាងជើង
ម៉ុង​ហ្គោ​លី Vs ឡាវ
វៀតណាម Vs ជប៉ុន
អ៊ីរ៉ង់ Vs អា​ហ្វ​ហ្គា​នី​ស្ថាន
ស្រីលង្កា Vs យេ​មែន
អូ​ម៉​ង់ Vs ម៉ា​ល់​ឌី​វ
តា​ហ្ស៊ី​គី​ស្ថាន Vs អារ៉ាប់​រួម
បា​រ៉ែ​ន Vs អ៊ីរ៉ាក់





© រក្សាសិទ្ធិដោយ thmeythmey.com