ពីនេះ ពីនោះ
មាគ៌ា​ឆ្ពោះទៅរក​ភាពជោគជ័យ និង​អាច​សម្រេច​គោលដៅ​យ៉ាង​ឆាប់រហ័ស
31, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
មាគ៌ា​ឆ្ពោះទៅរក​ភាពជោគជ័យ និង​អាច​សម្រេច​គោលដៅ​យ៉ាង​ឆាប់រហ័ស



ទី១ លើកទឹកចិត្ត​ខ្លួនឯង៖ ធ្វើ​អ្វី​ក៏ដោយ​មិន​ប្រាកដថា​ទទួលជោគជ័យភ្លាមៗនោះទេ អ្វីដែល​សំខាន់​ត្រូវតែ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ហើយ​ត្រូវ​តាំងចិត្ត​ថា៖ «ខ្ញុំ​ប្រាកដជា​អាចធ្វើ​បាន​ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ពីមួយ​ជំហាន​ទៅមួយ​ជំហាន​កាន់តែ​ប្រសើរឡើង»។

ទី២ គ្រប់គ្រង​អារម្មណ៍៖ គ្រប់គ្រង​អារម្មណ៍​ឲ្យ​បានល្អ គឺ​ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​ប្រតិកម្ម​ឬ​ឆ្លើយតប​ទៅនឹង​គេ​វិញ។ ម្យ៉ាងទៀត ត្រូវ​ទប់​អារម្មណ៍​ដោយ​មិន​ខឹងច្រឡោត​ឬ​ប្រកាន់​នឹង​ពាក្យសំដី​របស់គេ​នោះទេ។ អ្នក​ត្រូវ​គិតថា បើទោះជា​ខឹង​ឬ​ប្រកាន់​នឹង​គេ ក៏​គ្មាន​ប្រ​យោ​ជ​ន៏​អ្វី​ដល់​អ្នក​វិញ​ដែរ គឺ​កាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​អារ​ម្ម​ណ៏​មិនល្អ ហើយ​ធ្វើ​ឲ្យ​អ្នក​ខឹង​ខ្លាំង​និង​ស្មុគស្មាញ​ជាង​មុន។

ទី៣ គ្រប់គ្រង​ពេលវេលា៖ ត្រូវ​រៀបចំ​ពេលវេលា ដោយ​ចាប់ផ្តើម​កំណត់​ម៉ោង​ក្នុង​ការធ្វើ​អ្វីមួយ​ឲ្យ​បាន​ច្បាស់ ត្រូវធ្វើ​ការងារ​ណា​ដែលមាន​ប្រយោជន៍​ដល់​ខ្លួនឯង ទើប​ចំណេញ​ពេលវេលា ត្រូវ​ដឹងថា​ការងារ​ណា​ត្រូវធ្វើ​មុន ការងារ​ណា​ត្រូវ​ទុក​ធ្វើ​ក្រោយ។ ជាពិសេស អ្នក​ត្រូវ​គិតថា​ពេលវេលា​ដែល​សំខាន់បំផុត គឺ​នៅពេល​ឥឡូវនេះ ដូច្នេះ​អ្នក​មិនត្រូវ​ទុកពេល​ឥឡូវនេះ​ឲ្យ​ទំនេរ ឬ​ធ្វើ​អ្វីដែល​គ្មាន​ប្រយោជន៍​នោះទេ។

ទី៤ ដើរ​តាម​គោលដៅ​ដែល​បានកំណត់៖ ធ្វើការ​ងារ​ឬ​សកម្មភាព​ណាមួយ ត្រូវតែ​ផ្សាភ្ជាប់​ទៅនឹង​គោលដៅ ចំណង់​ចំណូលចិត្ត និង​ទេ​ព្យ​កោសល្យ​របស់​អ្នក។ ហើយ​សកម្មភាព​របស់​អ្នក​ត្រូវតែដើរ​តាម​ជំហាន​នៃ​គោលដៅ​ឬ​ផែនការ​ដែល​អ្នក​បានកំណត់។

ទី៥ ភាពជា​អ្នកដឹកនាំ៖ ចេះ​បទ​បែន​តាម​កាលៈទេសៈ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ចេះ​ទទួលយកគំនិតល្អៗពី​អ្នកដទៃ អនុវត្តន៍​ច្រើនជាង​និយាយ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​សកម្មភាព​របស់ខ្លួន។ ជាពិសេស ត្រូវមាន​ក្រមសីលធម៌ និង​ឥរិយាបថ​ល្អ។

ទី៦ ថែទាំ​សុខភាព៖ ត្រូវ​បរិភោគ​អាហារ​ឲ្យ​ទៀងពេល ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ថ្ងៃ និង​ដើរ​កម្សាន្ត​នៅ​កន្លែង​ដែលមាន​ខ្យល់​និង​បរិយាកាស​ល្អ។ ការធ្វើ​របៀបនេះ អាចជួយ​អ្នក​ឲ្យ​មាន​កម្លាំង​មាំមួន មាន​ប្រាជ្ញា​ឈ្លាសវៃ និង​សុខ​ភាពល្អ។ 



© រក្សាសិទ្ធិដោយ thmeythmey.com