ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កោះហៅ លោក កឹម សុខា​ឲ្យ​ចូល​បំភ្លឺ​ក្រោយពី​ការព្រមាន​របស់លោក ហ៊ុន សែន
31, Mar 2015 , 11:29 am        
រូបភាព

 
តុលាការ​ដំបូង​រាជធានី​ភ្នំពេញ កោះហៅ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី ៨ មេសា​ខាងមុខ ពីបទ ពាក់ព័ន្ធ​នឹង​ករណី​បាតុកម្មហិង្សា​នៅ​ម្តុំ​ផ្លូវ​វ៉េងស្រេង​កាលពី​ឆ្នាំ២០១៤កន្លងទៅ។



លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​នេះ ឲ្យ​ដឹងថា លោក​បានទទួល​ដីការ​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា ដើម្បី​កោះហៅ​លោក កឹម សុខា អនុប្រធាន​ទី១សភាជាតិ​ទៅ​បំភ្លឺ​នៅ​តុលាការ ពីបទ បាតុកម្មហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពីដើមឆ្នាំ២០១៤កន្លងទៅ ។ ប៉ុន្ដែ​ការហៅ​លោក កឹម សុខា នេះ ត្រូវបាន​លោក ចាន់ ចេ​ន យល់ឃើញថា ហាក់ដូចជា​មិន​ត្រឹមត្រូវ​តាមច្បាប់​នោះឡើយ ។

មេធាវី​ការពារ​ក្ដី​រូបនេះ​ព​ន្ល​យ់​យ៉ាង​ដូច្នេះ​ថា ៖« លោក​កឹម សុខា​គឺ​គាត់​មាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា ដូចនេះ​បើ​តុលា​ការចង់​កោះហៅ​សាកសួរ ទាល់តែ​ស្នើ​លិខិតបញ្ជាក់​ពី​ក្រសួង យុត្តិធម៌ និង​ស្នើ​ទៅ​ប្រធានរដ្ឋសភា​ជាមុនសិន មុននឹង​បញ្ជូនមក​លោក កឹម សុខា ។ លោក ចាន់ ចេ​ន បន្ថែម​ដោយ​ការងឿងឆ្ងល់​ថា៖«តើ​តុលាការ​មាន​សិទ្ធិ​សួរ​លោក កឹម សុខា ដែរឬទេ ? ទាំង​លោក កឹម សុខា មាន​អភ័យឯកសិទ្ធិ​ដូច្នេះ»។

បើតាម​លោក ចាន់ ចេ​ន នៅពេលនេះ​លោក​មិនទាន់បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា ពី​ដីការ​កោះអញ្ជើញ​នេះ​នៅឡើយ​ទេ ។ ប៉ុន្ដែ​លោក​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា រូបនេះ គ្រាន់តែ​អះអាងថា លោក កឹម សុខា គឺជា​មនុស្ស​មិនចេះ​គិត​វេស​នោះទេ ។

ការកោះហៅ​លោក កឹម សុខា​នេះ​កើតឡើង ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​តុលាការ​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំពោះ​ពាក្យសំដី​របស់លោក កឹម សុខា ដែល​បាន​ថ្លែងថា លោក​ចង់​ផ្តួល​រលំ​គណបក្សកាន់អំណាច តែ​មិនបាន​សម្រេច ៕




© រក្សាសិទ្ធិដោយ thmeythmey.com