ពីនេះ ពីនោះ
វិធី​ធ្វើឱ្យ​ជីវិត​គ្រួសារ កាន់​តែមាន​ភាពស្និទ្ធស្នាល
31, Mar 2015 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
 

នៅពេលដែល​ជីវិត​គូ​ស្វាមីភរិយា នៅ​ឆ្ងាយ​ពីគ្នា​នោះ មិន​មានន័យថា កង្វះ​នៃ​ក្ដី​ស្រឡាញ់ នឹង​កើតមាន​នោះទេប្រសិនបើ​គូ​ស្វាមីភរិយា ចេះ​បង្កើតឱ្យមាន​ភាព​រំជួល​ចិត្ត ជា​ទម្លាប់​ប្រចាំថ្ងៃ ហើយ​មាន​ភាព​យល់ចិត្ត​គ្នា​ទៅវិញទៅមក​នោះ។



ខាងក្រោម​នេះ គឺជា​គន្លឹះ ដើម្បីឱ្យ​ជីវិត​ប្តី​ប្រពន្ធ មាន​ភាពស្និទ្ធស្នាល ៖

1.    ការស្វែងយល់​ពី​ដៃគូ
នៅពេលដែល​អ្នកមើល​ឃើញ​ថា ដៃគូ​របស់​អ្នក​មិន​សប្បាយចិត្ត អ្នក​មិនត្រូវ​រង់ចាំ​រហូតដល់​ដៃគូ​របស់​អ្នក ប្រាប់​ពីអ្វី​ដែល​បាន​កើតឡើង​នោះទេ។ អ្នក​ត្រូវ​ចេះ​សាកសួរ ពី​កំហុសឆ្គង និង​អ្វីដែល​អ្នក​អាចធ្វើ​បាន​នោះ។

2.    ការបង្ហាញ​ពី​ក្ដី​ស្រលាញ់
ប្រសិនបើ​ក្នុង​គ្រួសារ​របស់​អ្នក មិនសូវមាន​ពេលទំនេរ​នោះទេ អ្នក​អាច​នឹង​ភ្លេច​ថើប​ដៃគូ​របស់​អ្នក​មុន​ពេលចេញ​ទៅធ្វើ​ការងារ ឬ​មុនពេល​ចូល​គេង។ អ្នក​អាច​ភ្លេច​កាន់​ដៃ​ដៃគូ​របស់​អ្នក ខណៈពេល​កំពុង​រត់​ជាមួយគ្នា។ អ្នក​អាច​ភ្លេច​ប្រាប់​ដៃគូ​របស់​អ្នក​ថា គេ​មាន​ភាពស្រស់ស្អាត ឬ​សង្ហារ​នៅក្នុង​ថ្ងៃនេះ។ អ្នក​ត្រូវ​ចំណាយពេល ដោយ​ការ​កាន់​ស្មារ ឬ​អោប​ដៃគូ​របស់​អ្នក ហើយ​និយាយ និង​ធ្វើ​រឿង​ទាំងអស់នេះ​ចេញមក  ។

3.    ការបង្កើតឱ្យមាន​ភាព​សប្បាយរីករាយ
អ្នក​អាច​នាំ​ដៃគូ​របស់​អ្នក ចេញទៅ​ខាងក្រៅ ដូចជា ញ៉ាំ​អាហារ​ថ្ងៃត្រង់ នៅ​កន្លែង​សំណព្វចិត្ត​របស់​អ្នក​ឬ​ការមើល​ខ្សែរ​ភាពយន្ដ​ដែល​អ្នក​ចូលចិត្ត។ អ្នក​អាច​ស្វែងរក​សកម្មភាព​ផ្សេងទៀត ដែល​ធ្វើឱ្យ​ប្តី ឬ​ប្រពន្ធ​របស់​អ្នក មាន​ភាព​រីករាយ​ជាមួយគ្នា។

4.    ការធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ
វា​ជាការ​ចាំបាច់​ណាស់ ដែល​អ្នក និង​គូរ​បស់​អ្នក​ត្រូវ​ស្តាប់​គ្នា​ទៅវិញទៅមក ដូចជា ការបង្ហាញ​ពី​អារម្មណ៍​ណាមួយ​ជាដើម។ ក្រៅពី​ជីវិត​ជា​ប្តី​ប្រពន្ធ អ្នក​ត្រូវ​ធ្វើជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​ផងដែរ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com