អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ធនាគារ​ចិន​ទាក់ទាញ​សម្ព​ន្ធ័​មិត្ត​អាមេរិក​ម្តងមួយៗ
31, Mar 2015 , 12:02 pm        
រូបភាព
ដោយ:

ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អាស៊ី (AIIB)ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ទាក់ទាញ​មេដឹកនាំកំពូលៗដែលជា​សម្ព​ន្ធ័​មិត្ត​របស់​សហរដ្ឋអាមេរិក​ចូល​ជា​ស្ថាបនិក​ជា​បន្តបន្ទាប់​ខណៈ​ពេលដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន​នៅ​ស្ទាក់ស្ទើរ​នៅឡើយ​ក្នុងការ​ចូលរួម​ជាមួយ​ធនាគារ​នេះ។



ក្រោយពី​សម្ព​ន្ធ័​មិត្ត​របស់​សហរដ្ឋអាមេរិក​រួមមាន​អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​អង់គ្លេស​បានប្រកាស​ចូល​ជា​ស្ថាបនិក​របស់​ធនាគា​រវិ​និ​យោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អាស៊ី​ម្សិលមិញ​នេះ​រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​សម្រេច​ថា​នឹង​ចូល​ជា​សមាជិក​របស់​AIIB ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន​ផងដែរ។

ដោយសារតែ​ដំណើរការ​នៃ​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អាស៊ី មានការ​វិវត្តន៍​យ៉ាង​រលូន ក្រោម​ការដឹកនាំ​ដោយ​ចិន និង​បណ្តា​ប្រទេស ២៦ នៅ​អាស៊ី និង​មជ្ឈិមបូព៌ា​ផ្សេងទៀត បានធ្វើអោយ​សម្ព​ន្ធ័​មិត្តធំៗរបស់​សហរដ្ឋអាមេរិក​បានសម្រេច​ប្រកាស​ចូល​ជា​សមាជិក​ជា​បន្តបន្ទាប់​ក្នុងនោះ​រួមមាន​អាល្លឺម៉ង បារាំង អង់គ្លេស អ៊ីតាលី លុច​ហ្សាំ​បួរ និង​ស្វ៊ី​ស ផងដែរ។

បន្ថែម​ពីនេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​តូ​នី​អា​បូត​និង​លោក Joe Hockey មន្ត្រី​រតនាគារ​អូស្ត្រាលី​កំពុង​ចរចា​លើ​តួនាទី​មួយចំនួន​ជាមួយ​ចិន​មុននឹង​ចូល​ជា​សមាជិក​ស្ថាបនិក​នៃ​AIIB។ក្នុងនោះ​រដ្ឋាភិបាល​អូស្ត្រាលី​បានស្នើ​ចំណុច​ពីរធំៗរួមមាន​អូស្ត្រាលី​ត្រូវមាន​តំណែង​ជា​អគ្គនាយក​ដែលមាន​សិទ្ធិ​សម្រេច​នៅក្នុង​ធនាគារ​និង​ត្រូវ​បញ្ចូល​គោល​កាណ៍​របស់​ធនាគារ​ដោយ​មិន​ត្រូវមាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​គ្រប់គ្រង​ទាំងអស់​ទៅលើ​ធនាគារ​នោះទេ។

លើសពីនេះទៅទៀត​លោក​តូ​នី​អា​បូត​ក៏បាន​លើកទឹកចិត្ត​ឲ្យ​AIIB គួរតែ​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក(World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ជប៉ុន​ផងដែរ។

ជុំវិញ​នៃ​ការកើនឡើង​នៃ​ការចូល​ជា​សមាជិក​របស់​ធនាគា​រ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អាស៊ី​ដោយ​ប្រទេស​សម្ព​ន្ធ័​មិត្តធំៗរបស់​អាមេរិក​បានធ្វើ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ប្រតិកម្ម​យ៉ាងខ្លាំង ព្រោះ​ការវិវត្តន៍​នៃ​AIIB នឹងធ្វើ​ឲ្យ​តួនាទី​របស់​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាត់បង់​ឥទ្ធិពល​ខ្លួន​នៅក្នុង​ឆាក​អន្តរជាតិ។ បន្ថែម​ពីនេះ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ទ​ទួ​ច​ឲ្យ រដ្ឋាភិបាល​ទាំងអស់ ត្រូវ​ពិនិត្យឡើងវិញ ឲ្យ​បាន​ម៉ត់ចត់​លើ​គោលការណ៍​សំខាន់​របស់ AIIB មុនពេល​ក្លាយជា សមាជិក​ពេញអង្គ​នៃ​ធនាគារ​នេះ​ផងដែរ។

គួរ​រម្លឹក​ផងដែរ ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​អាស៊ី(AIIB) ជា​ស្ថាប័ន​ហិរញ្ញ​មួយ ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ ២០១៤ មក។ ធនាគារ​នេះដែរ បង្កើត​ក្នុង​គោលបំណង ដើម្បី​បង្កើន​ការវិនិយោគ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផ្តោតលើ​លើ​វិស័យ​មួយចំនួន​ដូចជា ការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត៕






© រក្សាសិទ្ធិដោយ thmeythmey.com