អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល៖កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​ជា​កំហុស​ប្រវត្តិសាស្ត្រ
03, Apr 2015 , 8:15 pm        
រូបភាព
ដោយ:


រដ្ឋាភិបាល​អ៊ីស្រាអែល បាន​តិះ​តៀន​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​មហាអំណាច ៦ ដោយ​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​កំហុស​ប្រវត្តិសាស្ត្រ​មួយ។ អ៊ីស្រាអែល​បានបញ្ជាក់​ថា​កិច្ចព្រមព្រៀង​លោកខាងលិច​និង​អ៊ីរ៉ង់​ជា​គ្រោះថ្នាក់​ចំពោះ​រដ្ឋ​អ៊ីស្រាអែល​បច្ចុប្បន្ន។ ការលើកឡើង​នេះ​កើតឡើង​ក្រោយ​មហាអំណាច​ទាំង៦និង​អ៊ីរ៉ង់​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​គោល ដោយ​បើកផ្លូវ​អោយ​ភាគី​ពាក់ព័ន្ធ​អាច​បន្ត​ចរចា​គ្នា​ទៅ​ថ្ងៃមុខ​ទៀត។



ក្រោយ​បណ្តា​ភាគី​មហាអំណាច ៦ និង​អ៊ីរ៉ង់​បានសម្រេច​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​គោល​មួយ​ស្ត​ពី​កម្មវិធី​នុយក្លេអ៊ែ​រ៉ង់។ កិច្ចព្រមព្រៀង​គោល​មានចែង​ពី​ចំណុចសំខាន់ៗដែល​នឹង​ជួយ​អោយ​ភាគី​ទាំងអស់​បន្ត​ចរចា​និង​ពិភាក្សាគ្នា​ទៅមុខទៀត​ដើម្បី​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​មួយ​ផងដែរ។ រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​លោកស្រី Federica Mogherini បាន​ថ្លែង​សាទរ​ពី​ការសម្រេចបាន​លទ្ធផល​ផ្លែផ្កា​ក្រោយ​ចរចា​គ្នា​រហូតដល់៨ថ្ងៃ​កន្លងមក​យ៉ាង​តឹងតែង ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​អោយ​មហាអំណាច ទាំង ៦អាច​ជជែក​បន្ត​ជាមួយ​អ៊ីរ៉ង់​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មុន​ថ្ងៃ ៣០មិថុនា។ លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប​ខាងលើ​ក៏បាន​បញ្ជាក់​ផងដែរ​ថា អាមេរិក និង​អឺរ៉ុប​នឹង​ដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ក្រោយ​ភាគី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្ងៃ ៣០មិថុនា និង​ក្រោយពេល​មានការ​ត្រួតពិនិត្យ​និង​តាមដាន​ពី​សកម្មភាព​និង​ការប្រឹងប្រែង​របស់​អ៊ីរ៉ង់​ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ដោយ​ស្ថាប័ន​ថាមពលបរមាណូ​អន្តរជាតិ​ថែមទៀត។

ផ្ទុយ​ពី​មហាអំណាច​ទាំង ៦ ដែល​ថ្លែង​សាទរ​ការសម្រេច​កិច្ចព្រមព្រៀង អ៊ីស្រាអែល បានចេញ​មុខ​តិះ​តៀន​កិច្ចព្រមព្រៀង​គោល​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​ហៅ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មហាអំណាច​ទាំង ៦និង​អ៊ីរ៉ង់​ថា​ជា​កំហុស​ប្រវត្តិសាស្ត្រ​មួយ​របស់​ពិភពលោក។ យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល​របស់លោក បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ បាន​ព្រមាន​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីស្រាអែល​ផ្តល់​សិទ្ធិ​ស្របច្បាប់​អោយ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ទង្វើ​នេះ​ពិតជា​គំរាមកំហែង​ដល់​សុវត្ថិភាព​និង​អាយុជីវិត​របស់​រដ្ឋ​អ៊ីស្រាអែល​ផង។

ប៉ុន្តែ​ជានិច្ច​ជា​កាល​រដ្ឋាភិបាល​អ៊ីស្រាអែល និង​លោកខាងលិច​ចោទប្រកាន់ថា ក្រុង​តេ​អ៊ីរ៉ង់​កំពុង​សម្ងំ​ផលិត​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​អ៊ីរ៉ង់​ទាត់ចោល​ការចោទប្រកាន់​នេះ​ដោយ​អះអាងថា​ខ្លួន​ប្រើប្រាស់​កម្មវិធី​នុយក្លេអ៊ែរ​ក្នុង​គោលដៅ​ស៊ីវិល​ប៉ុណ្ណោះ ។ ក្រោយ​មាន​កិច្ចព្រមព្រៀង​នេះហើយ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជាក់ថា ខ្លួន​នឹង​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ពី​បញ្ហា​នេះ​ដើម្បី​បញ្ជាក់ថា អាមេរិក​នៅ​ជួយ​គាំទ្រ​និង​ការពារ​សន្តិសុខ​អ៊ីស្រាអែល៕ 



© រក្សាសិទ្ធិដោយ thmeythmey.com