ជាតិ
សង្គមជាតិ
លិខិតឆ្លងដែន​ជាង ១០ម៉ឺន​ក្បាល​ត្រូវបាន​បោះពុម្ព​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ
04, Apr 2015 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​បោះពុម្ព​លិខិតឆ្លងដែន​ជាង ១៥ម៉ឺន​ក្បាល សម្រាប់​ផ្តល់ជូន​ពលករ​កំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ។



យោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ គិត​ត្រឹម​ដើមខែ​មេសា ឆ្នាំ២០១៤ នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មបាន​បោះពុម្ព​លិខិតឆ្លងដែន​ចំនួន ១៥ម៉ឺន​ក្បាល សម្រាប់​ផ្តល់ជូន​ពលករ​ខ្មែរកំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ។

គេហទំព័រ​ប៉ូលីស​បាន​ផ្សាយ​បញ្ជាក់ថា លិខិតឆ្លងដែន​ចំនួន ១៥ម៉ឺន​ក្បាល នឹង​ប្រគល់ជូន​ពលករ​ចាប់ពី​ថ្ងៃនេះ​តទៅ។

បើតាម​ប្រភព​ខាងលើ នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៥កន្លងមក គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​នូវ​លិខិតឆ្លងដែន និង​ការអនុញ្ញាតឲ្យ​មាន​សិទ្ធិ​ស្នាក់នៅប្រទេស​ថៃ បាន​​មក​ខេត្ត​សាមុត​បាកាន ដើម្បី​​ផ្តល់ជូន​លិខិតឆ្លងដែន​ស្នាក់​នៅ​ស្រប​​ច្បាប់​​​នៅ​ក្នុង​​ទឹកដី​​ថៃ។

ការ​មក​ពិនិត្យ​ដំណើរការ ទទួល​ពាក្យស្នើសុំ​ធ្វើ លិខិតឆ្លងដែន​របស់​ពលករ នាឱកាស​នោះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង និង​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​លោកស្រី អ៊ា​ត សោភា អគ្គរាជទូត​កម្ពុជា​ប្រចាំ​បាងកក ព្រមទាំង​មន្ត្រី​មួយចំនួនទៀត។

គួរ​បញ្ជាក់ថា កន្លងមក ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ តែងតែ​រង​ការរំលោភ​កម្លាំង​ពលកម្ម​ពី​ថៅ​កៃ​ថៃ ហើយ​ពួកគេ​ត្រូវបាន​អាជ្ញាធរ​ចាប់បញ្ជូន មក​កម្ពុជា​វិញរឿយ។ ពេលនោះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ចុះមក​ធ្វើលិខិត ឆ្លងដែន​ដល់​ពលករ​ខ្មែរ នៅតាម​បណ្តា​ខេត្ត និង​ក្នុងប្រទេស​ថៃ​ផ្ទាល់​តែម្តង ដើម្បី​សម្រួល​ដល់​ការស្នើសុំ​លិខិតឆ្លងដែន។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​អនុគ្រោះ ថ្លៃ​ធ្វើលិខិត​ឆ្លងដែន​ក្នុងតម្លៃ​ជាង ៤០ដុល្លារ​អាមេរិក ស្រប​ពេលដែល​តម្លៃ លិខិតឆ្លងដែន​ធម្មតា​សម្រាប់​ពលរដ្ឋ​ទូទៅ​តម្លៃ​ជាង ១០០ដុល្លារ​អាមេរិក។ រយៈ​ពេល​ត្រឹម​ជាង​មួយខែ​កាលពី​ចុងឆ្នាំ២០១៤ អាជ្ញាធរ​បាន​បំពេញ​សំណុំបែបបទ និង ធ្វើលិខិត​ឆ្លងដែន​ជូន​ពលករ​ខ្មែរ​បាន​ជាង ៦ម៉ឺន​នាក់ ក្នុងចំណោម​ពលករ​ខ្មែរ​ធ្វើ​ការងារ​ដោយ ខុសច្បាប់​ជាង ៧០ម៉ឺន​នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com