អន្តរជាតិ
ចិនចាត់វិធានការប្រឆាំងភាពយន្តគំនូរជីវចលជប៉ុន
× នៅថ្ងៃអង្គារកន្លងទៅ អាជ្ញាធរចិនបានប្រកាសចាត់វិធានការធ្ងន់ចំពោះភាពយន្តគំនូរជីវចលជប៉ុន ដែលធ្លាប់ចាក់ផ្សាយតាមទូរទស្សន៍ ហើយត្រូវចុះផ្សាយឡើងវិញក្នុងអ៊ីនថឺនេត។ មូលហេតុគឺដោយសារគំនូរជីវចលទាំងនេះ មានខ្លឹមសារនិងរូបភាពដែលអាចជំរុញក្មេងៗអោយធ្លាក់ក្នុងអំពើហិង្សា ភាពពាលាអាវ៉ាសែ អាសអាភាស និងភេរវកម្ម។
មានភាពយន្តគំនូរជីវចលជប៉ុនចំនួន២៩ ដែលបានចាក់ផ្សាយតាមទូរទស្សន៍រួចហើយ តែត្រូវបានក្រសួងវប្បធម៌ចិនហាមឃាត់ចុះផ្សាយឡើងវិញតាមអ៊ីនថឺនេត។ គំនូរជីវចលទាំងនេះមានដូចជារឿង Blood-C រឿង Highschool of The Dead រឹក៏រឿងSamurai Champlooជាដើម។
ក្នុងរឿង Blood-C តួឯកស្រីដែលមានកាតព្វកិច្ចកំចាត់សត្វចម្លែក មានរូបរាងជាក្មេងស្រីមិនទាន់គ្រប់អាយុ១៨ឆ្នាំនៅឡើយ។ ក្មេងស្រីនេះបាន បញ្ចេញសកម្មភាពហិង្សាជ្រុលហួសហេតុ។ ក្នុងរឿងHighschool of The Dead វិញ គេឃើញតួអង្គសិស្សសាលាស្រីៗមានគល់ដោះធំៗ និងបង្ហាញខោទ្រនាប់ពួកគេទៀតផង។ គេមិនដឹងថា ក្នុងហេតុផលអ្វី ទើបបានជាជប៉ុនបង្កើតរូបភាពគំនូរជីវចលបែបអាសអាភាសដូច្នេះទេ។ បើគេមើលរឿងSamurai Champloo វិញ គេឃើញតួអង្គយុវវ័យ២នាក់បាននាំគ្នាធ្វើសកម្មភាពលួចធាតុអ៊ុយរ៉ានីញ៉ូម និងបំផ្ទុះគ្រាប់បែកនៅតាមសង្កាត់ជាច្រើនក្នុងទីក្រុងតូក្យូ។ ខណៈភាពយន្តគំនូរជីវចលប្រភេទនេះត្រូវបានគេនិយមច្រើននៅអឺរ៉ុប អាជ្ញាធរចិនមិនអាចទទួលយករូបភាពទាំងអស់នេះបានទេ ពិសេសរូបភាពបែបអាសអាភាសរបស់កុមារីដែលមិនទាន់ពេញវ័យ។
ដោយឡែក អាជ្ញាធរចិនមិនបានប្រាប់ថា តើចាត់វិធានការអ្វីខ្លះចំពោះគំនូរជីវចលជប៉ុនទេ។ បើយោងតាមទូរទស្សន៍ BBC វេបសាយដែលចង់ចុះផ្សាយគំនូរជីវចលទូរទស្សន៍ឡើងវិញ ត្រូវតែមានអាជ្ញាប័ណ្ណចេញដោយរដ្ឋអំណាចចិនជាមុនសិន។ នេះមិនមែនជាលើកដំបូងទេ ដែលចិនកំណត់ព្រំដែននៃការចុះផ្សាយវីដេអូបរទេសក្នុងអ៊ីនថឺនេត។ កាលពីខែមុន ក្រុងប៉េកាំងបានរឹតបន្តឹងវេបសាយដែលចែករំលែកវីដេអូនិយាយជាភាសាអង់គ្លេស ដោយទាមទារអោយអ្នកចុះផ្សាយក្នុងវេបសាយ បង្ហាញឈ្មោះរបស់ខ្លួនអោយបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com