ជាតិ
ពី​ខែមេសា ដល់​ដើមខែ​មិថុនា រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់​នឹង​កើតមាន​ច្រើន​នៅពេល​ភ្លៀង
05, Apr 2015 , 7:00 pm        
រូបភាព
បាតុភូត​រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់ នៅពេល​មាន​ភ្លៀង​ធ្លាក់ នឹង​កើតមាន​ច្រើន នៅក្នុង​ខែមេសា ឧសភា និង​ដើមខែ​មិថុនា ឆ្នាំ២០១៥ ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។



បើតាម​សេចក្តីជូនដំណឹង បាតុភូត​នេះ គឺ​កើតឡើង​ដោយសារ បច្ចុប្បន្ន​ឥទ្ធិពល​មូសុង​ឦសាន បាន​ថយចុះ​ជា​បន្តបន្ទាប់ ទន្ទឹមនឹងនេះ​កម្រិត​សម្ពាធ​ទាប​បាន និង​កំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ទាំងមូល។ ទិដ្ឋភាព​ទាំង២ខាងលើនេះ នឹង​ជំរុញ​ឲ្យ​សីតុណ្ហភាព​កើនឡើង។

សេចក្តីជូនដំណឹង​ដដែល បាន​បន្តថា សីតុណ្ហភាព​កើនឡើង​នេះ បាន​បង្ក​ឲ្យ​មាន​គំនួ​ច​ខ្យល់​ទាំង​នៅលើ​ផ្ទៃដី និង​ក្នុង​បរិយាកាស(Convect) ហើយ​គំនួ​ច​ខ្យល់​បាន​ប្រមូលផ្តុំ​សំណើម​ទៅក្នុង​បរិយាកាស បង្កើតជា​ពពក​ដែលមាន​ផ្ទុក​ចរន្តអគ្គិសនី ដែល​នឹង​បង្ក​ឲ្យ​មាន​រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ នៅក្នុង​ខែមេសា ឧសភា និង​ដើមខែ​មិថុនា ឆ្នាំ២០១៥ ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល។

តាមរយៈ​សេចក្តី ជូនដំណឹង​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម សំណូមពរ​ទៅ​សាធារណជន ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​គ្រោះថ្នាក់ផ្សេងៗដែល​អាច​កើតមាន​ជាយថាហេតុ៕



© រក្សាសិទ្ធិដោយ thmeythmey.com