ជាតិ
សង្គមជាតិ
តើ​និយាយ​រឿង​នយោបាយ​ក្នុង​សាលារៀន​ខុស​ដែរ​ឬ?
13, Apr 2015 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​មិនសូវ​ចង់​ស្តាប់ ចង់​និយាយ​ឡើយ​ពី​រឿងរ៉ាវ​នយោបាយ។ អ្នកខ្លះ​លើកឡើងថា អ្នក​ដែល​យក​ខ្លួន​ទៅ​បៀត​នយោបាយ ឬ​និយាយ​រឿង​នយោបាយ ជា​មនុស្ស​មិនសូវ​ល្អ​នោះទេ ដោយ​ពួកគេ​យល់ឃើញថា អ្នក​ត្រឹមត្រូវ​មិនគួរ​យក​ខ្លួន​ទៅ​ប្រឡាក់ប្រឡូស​ជាមួយ​នយោបាយ​ឡើយ។ នាពេល​បច្ចុប្បន្ននេះ មាន​ពលរដ្ឋ​ខ្លះ មិន​ចង់ឃើញ​និស្សិត​យក​នយោបាយ​ទៅ​និយាយ​ក្នុង​សាលារៀន​នោះទេ ព្រោះ​គេ​យល់ថា វា​ជា​ការមិន​ត្រឹមត្រូវ​ឡើយ។  

  


«នយោបាយ​គឺជា​ន​យោ​បោក» ។ នេះ​គឺជា​ពាក្យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន តែងតែ​និយាយ​ចំអក​ឲ្យ​អ្នកធ្វើនយោបាយ ឬ​អ្នក​ដែល​ចង់​ប្រឡូក​ក្នុង​នយោបាយ។នាពេល​កន្លងមក ពលរដ្ឋ​ខ្លះ​មាន​ទាំង​កសិករ និង​អ្នក​ភ្នំពេញ​ផង ក៏​មិន​ចូលចិត្ត​នោះទេ អ្នក​ដែល​និយាយ​ពី​បញ្ហានយោបាយ មិន​ថា នៅផ្ទះ នៅ​កន្លែងធ្វើការ​ឬ​នៅ​សាលារៀនឡើយ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​មានការ​លើកឡើងថា នៅផ្ទះ កន្លែងធ្វើការ មិន​ឲ្យ​និយាយ​ពី​រឿង​វា​គ្មានអ្វី​ចម្លែក​ប៉ុន្មាន​ទេ តែ​សូម្បីតែ​នៅក្នុង​ទីកន្លែង​សិក្សា មិន​ឲ្យ​ជជែក​គ្នា​ពី​រឿងនេះ​ទៀត​នោះ វា​ជា​រឿង​ចម្លែក​ខ្លាំងណាស់។      

តើ​គ្រាន់តែ​និយាយ​រឿង​នយោបាយ​ក្នុង​សាលា​ខុស​ដែរឬទេ បានជា​ចាំបាច់​ត្រូវ​ហាមឃាត់ ឬ​មិន​ហ៊ាន​និយាយ​នោះ?     

អង្គុយ​នៅលើ​កៅអី​ជាមួយនឹង​មិត្ត​រួម​ថ្នាក់ ជជែក​គ្នាតិចៗពី​បញ្ហា​ស្រុកទេស ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច យុវជន រតនា ជា​និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ច្បាប់​នៃ​សកល​វិទ្យាល័យ​នេះ បាន​និយាយថា ការជជែក​គ្នា​អំពី​បញ្ហានយោបាយ​នៅក្នុង​សាលារៀន ឬ​នៅក្នុង​ថ្នាក់រៀន​ដែល​លោកគ្រូ​បង្រៀន​មេរៀន​ទាក់ទង​នឹង​នយោបាយ គឺជា​ការល្អ​ត្រឹមត្រូវ​និង​មិនអាច​ខ្វះ​បាន​នោះទេ ពីព្រោះថា សាលារៀន​គឺជា​កន្លែង​បណ្តុះបណ្តាល និង​ហ្វឹកហាត់​មនុស្ស​ឲ្យ​ចេះ​គិតគូ​ពី​ដំណើរ​ការវិវត្ត​របស់​ប្រទេសជាតិ ឬ​ស្ថានការណ៍​នយោបាយ។      រតនា បាន​បញ្ជាក់ថា ខ្លួន​ចូលចិត្ត​តាមដាន​បញ្ហានយោបាយ និង​ប្រមូល​មិត្តភក្តិ​ជជែក​គ្នា​លេង​អំពី​អ្នកនយោបាយ​ស្រុក​ខ្មែរ​ផងដែរ។ តែ​យុវជន​រូបនេះ បន្ថែមថា ថ្វីត្បិតតែ​ខ្លួន​និង​មិត្ត​រួម​ថ្នាក់​មួយចំនួនទៀត​ចូលចិត្ត​និយាយ​ពី​រឿង​នយោបាយ​ពិតមែន តែ​មិន​ហ៊ាន​និយាយ​ដោយ​បើកចំហរ​នោះទេ គឺ​បានតែ​និយាយស្ងាត់ៗជាមួយ​មិត្ត​ជិតដិត​ប៉ុណ្ណោះ ពីព្រោះថា រឿង​នយោបាយ​គេ​មិនសូវ​ចង់​ស្តាប់ និង​មិន​ចង់​ឮ​និស្សិត​និយាយ​ប៉ុន្មាន​ទេ។      

«តាមពិតទៅ​ចំពោះ​ខ្ញុំ​គិតថា និយាយ​រឿង​នយោបាយ​ក្នុង​សាលា​គឺជា​ការត្រឹមត្រូវ​បំផុត» ។ នេះ​ជាការ​លើកឡើង​របស់​និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សកល​វិទ្យាល័យ​ឯកជន​មួយ​នៅ​ភ្នំពេញ គឺ​យុវជន រស្មី។ រស្មី បាន​និយាយ​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​សាលា​របស់ខ្លួន​ថា ខ្លួន​សប្បាយចិត្ត​ណាស់​នៅពេល​ដែលមាន​មិត្ត​រួម​ថ្នាក់ ឬ​លោក​សាស្ត្រាចារ្យ​បង្រៀន ហើយ​ប្រៀបធៀប ឬ​លោក​ឧទាហរណ៍​រឿង​នយោបាយ​មក​និយាយ​នៅក្នុង​សាលា ។       រស្មី​បន្តថា សាលា​របស់​គេ មានការ​រឹតបន្តឹង​មិន​ឲ្យ​និស្សិត ឬ​សាស្ត្រាចារ្យ​និយាយ​នោះទេ ចំពោះ​រឿងរ៉ាវ​នយោបាយ ឬ​រិះគន់​រដ្ឋាភិបាល។ តែ​សាលា​ហាក់​អនុញ្ញាត​ឲ្យ​និស្សិត​និយាយ​រឿង​នយោបាយ​បាន បើ​និយាយ​សរសើរ​ការដឹកនាំរ​បស់​រដ្ឋាភិបាល មិន​រិះគន់​រដ្ឋាភិបាលនោះ។

ចំណែក ចន្ថា ជា​និស្សិត​ឆ្នាំ​ទី ២ ផ្នែក​សេដ្ឋកិច្ចក្នុងសកលវិទ្យាល័យមួយនៅភ្នំពេញ បាន​យល់ឃើញ​ផ្ទុយ​ពី​ការលើកឡើង​ខាងលើ​ថា នៅក្នុង​សាលារៀន​គេ​មិនគួរ​នាំគ្នា​និយាយ​ពីរ​រឿង​នយោបាយ​នោះទេ ពីព្រោះ​វា​ធ្វើ​ឲ្យ​មានការ​ប្រកាន់​បក្សពួក និង​អាច​ប៉ះពាល់​ដល់​ការសិក្សា​ទៀតផង ។ ចន្ថា បន្តថា ខ្លួន​មិន​ពេញ​ចិត្តនឹង​អ្នកណា​ដែល​យក​នយោបាយ​មក​និយាយ​ក្នុង​សាលារៀន​នោះទេ។     
 

ជុំវិញ​បញ្ហា​នេះ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា បាន​មើលឃើញថា រឿង​នយោបាយ​គឺជា​រឿង​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នា ជាពិសេស​គឺ​យុវជន និស្សិត​បញ្ញវន្ត​តែម្តង ដែល​ត្រូវតែ​តាមដាន​ឲ្យ​បាន​ដិតដល់។  ម្យ៉ាងទៀត​ការចេះ​លើកយក​ពី​បញ្ហានយោបាយ​មក​ជជែក​គ្នា​នៅក្នុង​ថា្នក់ ឬ​សាលារៀន​នោះ គឺជា​ការប្រសើរ​ខ្លាំងណាស់​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា ដើម្បី​បង្កើត​ចំណេះដឹង និង​ការចេះ​គិតគូរ​ពី​បញ្ហា​ប្រទេសជាតិ ពីព្រោះថា នយោបាយ គឺជា​រឿង​ដ៏​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ប្រទេសជាតិនីមួយៗ ហើយក៏​ទាមទារ​ឲ្យ​យុវជន និស្សិត បញ្ញវន្ត ចូលរួម​យ៉ាងសកម្ម​ផងដែរ។      

នៅក្នុង​ប្រទេសមួយ ប្រសិនណាបើ​នយោបាយ​ជាប់គាំង មិន​ដំណើរការ​ហើយ​នោះ គេ​កុំ​បាច់​និយាយ​ដល់​ការអភិវឌ្ឍ​នោះទេ ពោលគឺ​វិស័យផ្សេងៗទៀត ដូចជា​សេដ្ឋកិច្ច​ជាដើម​មិនអាច​រីកចម្រើន​បានឡើយ ហើយ​ប្រជាជន និង​រដ្ឋាភិបាល នឹង​ធ្លាក់​ដុនដាប​ជាក់​ជាមិនខាន ។ ម្លោះ​ហើយ​តើ​គេ​គួរ​ស្អប់​នយោបាយ គួរ​ឈប់​និយាយ​ពី​រឿង​នយោបាយ ជា​ជម្រើស​ត្រឹមត្រូវ​ឬ?    

© រក្សាសិទ្ធិដោយ thmeythmey.com