ជាតិ
សង្គមជាតិ
យុទ្ធនា​ការ «Say NO to Dog Meat» ​នៅ​ភ្នំពេញ​បរាជ័យ
06, Apr 2015 , 12:45 pm        
រូបភាព
ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម ម្ចាស់​សត្វ​ចិញ្ចឹម និង​សកម្មជន​ការពារ​សត្វ មិនបាន​ដើរ​ដង្ហែ​ក្បួន​សត្វ​ចិញ្ចឹម​របស់ខ្លួន​ឡើយ​កាលពី​ម្សិលមិញ ដោយសារតែ​អាជ្ញាធរ​ហាមឃាត់ ដោយសារ​បញ្ហា​អនាម័យ និង​សណ្តាប់ធ្នាប់។



ការហាមឃាត់​នេះ បានធ្វើ​ឲ្យ​អ្នក​ចូល​មិន​ពេញចិត្ត​នោះឡើយ។ លោក បញ្ញា ដែល​បាន​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ដើម្បី​ចូលរួម​យុទ្ធនាការ​នេះ បាន​លើកឡើងថា៖«សត្វ​ចិញ្ចឹម គឺ​ប្រៀបដូចជា​មិត្តភក្តិ​របស់​យើង​ដូច្នេះ​ដែរ ហើយ​គ្រាន់តែ​យើង​មកជួប​ជុំគ្នា​ដើម្បី​បង្ហាញ​ការស្រឡាញ់​ទៅកាន់​មិត្តភក្តិ ក៏​អត់​បានដែរ ពួកយើង​ទាំងអស់ អត់​សប្បាយចិត្ត​ទេ»។ បញ្ញា បន្ថែមទៀតថា ការ​បណ្តើរ​សត្វ​ចិញ្ចឹម​នៅលើ​សួន​សាធារណៈ ធ្វើ​ឲ្យ​ប៉ះពាល់​អនាម័យ និង​សណ្តាប់ធ្នាប់ គ្រាន់តែ​លេស​របស់​អាជ្ញាធរ​តែប៉ុណ្ណោះ។

កាលពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម ម្ចាស់​សត្វ​ចិញ្ចឹម និង​សកម្មជន​ការពារ​សត្វ បានរៀបចំ​កម្មវិធី​ដើរ​ដង្ហែ​ក្បួន​សត្វ​ចិញ្ចឹម​របស់ខ្លួន​ជា​លើកដំបូង នៅ​សួនច្បារ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ។

យុ​ទ្ធនា​ការដើរ​ដង្ហែ​ក្បួន​សត្វ​ចិញ្ចឹម​នេះ រៀបចំ​កម្មវិធី​នេះ​ឡើង បញ្ឈប់​ការបរិភោគ​សាច់​ឆ្កែ និង​ឆ្មា​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការមិនសប្បាយចិត្ត​រប​ស់​អ្នក​ដែល​បាត់​សត្វ​ឆ្កែ​របស់​ពួកគេ​ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ផលប៉ះពាល់​នៃ​ការបរិភោគ​សាច់សត្វ​ចិញ្ចឹម​ទាំងនេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រមាស់ និង​រាករូស​ជាដើម។

សូមបញ្ជាក់ថា ការដើរ​ហែ​ក្បួន​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ការហូប​សាច់ ឆ្កែ និង​ឆ្មា​ទូទាំង​ពិភពលោក​មួយ ដែល​ឲ្យ​ឈ្មោះថា «Say NO to Dog Meat» មានន័យថា «បដិសេធ​សាច់​ឆ្ក‍ែ» ដើម្បី​ប្រមូល​ការគាំទ្រ​ឲ្យ​មានការ​បង្កើត​ច្បាប់​មួយ និង​ផ្សាយ​ពី​ផលវិបាក​នៃ​ការបរិភោគ​សាច់​ទាំងនោះ ជាពិសេស​សាច់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ និង​សាច់​ឆ្កែ​អនាថា៕



© រក្សាសិទ្ធិដោយ thmeythmey.com