ជាតិ
សង្គមជាតិ
លោក ជា ចន្ទ​បរិបូរណ៍ និង​លោក ពុ​យ គា គាំទ្រ​គំនិត​លុបបំបាត់​វប្បធម៌​លួច​ចម្លង​ព័ត៌មាន
07, Apr 2015 , 2:31 pm        
រូបភាព
លោក ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន (ឆ្វេង) និង​លោក ពុ​យ គា ប្រធានការិយាល័យ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ប្រចាំ​នៅ​កម្ពុជា។ រូបថត Cam Photo Agency
លោក ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន (ឆ្វេង) និង​លោក ពុ​យ គា ប្រធានការិយាល័យ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ប្រចាំ​នៅ​កម្ពុជា។ រូបថត Cam Photo Agency
ភ្នំពេញ៖ កម្រិត​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ខ្មែរ​មានការ​អភិវឌ្ឍន៍​ទៅមុខ​ប្រកបដោយ​មោទនភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ប៉ុន្តែ ទង្វើ​លួច​ចម្លង​ព័ត៌មាន​ពី​សំណាក់​ស្ថាប័ន​ព័ត៌មាន ឬ​អ្នកសារព័ត៌មាន​មួយចំនួន​នៅតែ​ជា​ក្តីកង្វល់​របស់​ក្រុម​អ្នកសារព័ត៌មាន​អាជីព និង​ក្រសួង​ព័ត៌មាន។



លោក ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​អត្ថាធិប្បាយ​ថា ការលួចចម្លង​ស្នាដៃ​និពន្ធ​ព័ត៌មាន គឺជា​ការ​លួច​ទ្រព្យសម្បត្តិ ពីព្រោះ មុននឹង​អាច​ផលិត​ដំណឹង​បាន​មួយ សា្ថ​ប័នកា​សែត​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន។

ការអត្ថាធិប្បាយ​របស់​លោក​រដ្ឋលេខាធិកា​ក្រសួង​ព័ត៌មាន​បានធ្វើ​ឡើង​ស្រប​ពេលដែល​ស្ថាប័ន​សារព័ត៌មាន​អាជីព​ជាច្រើន​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ការលួចចម្លង​ពី​សំណាក់​អ្នក កាសែត និង​ស្ថាប័ន​កាសែត​មិន​អាជីព​មួយចំនួន។ មជ្ឈមណ្ឌល​ដើម​អំពិល, សារព័ត៌មាន​អេ​ឡិច​ត្រូវ​និកថ្មីៗ, គេហទំព័រ​ព័ត៌មាន CEN, កាសែត​ភ្នំពេញ​ប៉ុស្តិ៍, គេហទំព័រ Fresh news, កាសែត​កោះសន្តិភាព, កាសែត​កម្ពុ​ជាថ្មី។ល។ គ្រោង​នឹងដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រឆាំងនឹង​ការលួចចម្លង​ខុសច្បាប់។

លោក ជា ចន្ទ​បរិបូរណ៍ អត្ថាធិប្បាយ​បន្តទៀតថា ការលួចចម្លង​ពី​សំណាក់​អ្នកសារព័ត៌មាន​គ្នាឯង​នឹង​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​វិស័យ​សារព័ត៌មាន​ទាំងមូល។ លោក​ថា៖«អ្នកសារព័ត៌មាន មាន​តួនាទី​រិះគន់​ស្ថាបនា​ស្ថាប័ន​ផ្សេងទៀត​ដើម្បីអោយ​ពួកគេ​ដើរ​ទៅរក​ផ្លូវ​ល្អ។ ចុះបើ​អ្នកកាសែត​ខ្លួនឯង​មួយចំនួន​លួច​ចម្លង​ព័ត៌មាន​ពី​គេ ខុស​ក្រមសីលធម៌​ខ្លួនឯង​ទៅហើយនោះ តើ​ពួកគេ​ទៅ​រិះគន់​អ្នកដទៃ​យ៉ាងដូច​ម្តេចទៅ?»។

លោក ពុ​យ គា ប្រធានការិយាល័យ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ប្រចាំ​នៅ​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិកា​នាយក​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​ប្រឆាំងនឹង​ការលួចចម្លង​ស្នាដៃ​ព័ត៌មាន។ លោក គា បញ្ជាក់ថា៖«ខ្ញុំ​គាំទ្រ​គំនិត​ប្រឆាំងនឹង​ការលួចចម្លង។ នេះ​គឺជា​គំនិត​ជួយ​លើកកម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា»។

ដើម្បី​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន​ខ្មែរ​អោយមាន​ការរីកចម្រើន​បន្ថែមទៀត​នោះ លោក ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន សំណូមពរ​អោយ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​ធ្លាប់​លួច​ចម្លង​ពី​គេ ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ បន្ទាប់មក ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ត្រូវតែ​បណ្តុះបណ្តាល​ចំណេះដឹង​ជំនាញ​បន្ថែមទៀត​ជូន​ដល់​បុគ្គលិក​របស់ខ្លួន និង​ទី៣ លោក ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ស្នើរ​ដល់​អ្នកសារព័ត៌មាន​ទាំងឡាយ​កុំ​សរសេរ​ព័ត៌មាន​ទៅតាម​អារម្មណ៍​បេះដូង​របស់ខ្លួននីមួយៗ៕




© រក្សាសិទ្ធិដោយ thmeythmey.com