ជាតិ
សង្គមជាតិ
ក្រសួង​រ៉ែ​ផ្ទេរ​សិទ្ធិ​ឲ្យ​មន្ទីរ​ចេញ​អាជ្ញា​បណ្ណ​សប្បិ​កម្ម​ធនធាន​រ៉ែ
07, Apr 2015 , 3:41 pm        
រូបភាព
ដោយ:

 ភ្នំពេញ៖ ក្រសួង​រ៉ែ​បានសម្រេច​ប្រគល់​សិទ្ធិ​ដល់​មន្ទីរ​រ៉ែ និង​ថាមពល​ទូទាំងប្រទេស​ក្នុងការ ពិនិត្យ​សម្រេច​ផ្តល់​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ដល់​ប្រជាជន​ដែលមាន​បំណង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​លក្ខណៈ​ជា​សិប្បកម្ម មិន​លើសពី​ទំហំ​ផ្ទៃដី​មួយ​ហិច​តា។ ការសម្រេច​ត្រូវបាន​ចាប់​អនុវត្ត ពី​ខែមេសា ឆ្នាំ២០១៥ នេះ​តទៅ។



លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ថា មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី ខេត្ត ត្រូវ​ចុះបញ្ជី​ទទួល​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ នៅពេល​ពិនិត្យឃើញថា លិខិតស្នើ​សុំ​នោះ​ត្រឹមត្រូវ​តាម​នីតិវិធី។

កិច្ចប្រជុំ​ក្រសួង​រ៉ែ​បាន​ប្រព្រឹត្ត​ទៅក្នុង​សណ្ឋាគារ​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែមេសា​នេះ ក្រោម​វត្ត មាន​មន្ត្រី​ក្រសួង​រ៉ែ គណៈ​អភិបាល​រាជធានី ខេត្ត ព្រមទាំង​មន្ត្រី​តាម​មន្ទីរ​ជាង ២០០រយ​នាក់។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​បាន​បន្ថែមថា ការផ្ទេរ​សិទ្ធិ​នេះ មាន​គោលបំណង​ជំរុញ​ការទប់ស្កាត់ ការធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ថ្នាក់មូលដ្ឋាន ពិសេស​គឺ​ដើម្បី​បញ្ចៀស​ការរិះគន់ ពី​សាធារណៈជន បន្ទាប់ពី​មន្ត្រី​ក្រសួង​រ៉ែ​បាន​ចុះ​ធ្វើ​អធិការកិច្ច​នាពេល​កន្លងមក។

លោក​ថា៖«យើង​ពិនិត្យឃើញថា មាន​បញ្ហា​មួយចំនួន​ទាក់ទង​ការធ្វើ​សិប្បកម្ម​ខ្នាតតូច ដូច្នេះ យើង​បានចេញ​វិធាន​ថ្មី ដើម្បី​ចែករំលែក​ការទទួលខុសត្រូវ​ទៅ​ថ្នាក់​ខេត្ត​ចេញ​អាជ្ញា​បណ្ណ ត្រឹមត្រូវ​តាម​បច្ចេកទេស​កាន់តែ​ល្អប្រសើរ កុំ​ឲ្យ​មានការ​រិៈ​គន់ និង​ការវាយប្រហារផ្សេង»។

បើតាម​លោក ឌិ​ត ទីណា មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី ខេត្ត ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ​ជូន ក្រសួង​រ៉ែ​ស្តីពី​ការផ្តល់​អាជ្ញា​បណ្ណ​សិប្បកម្ម ហើយ​រាល់​ការបំពេញ​នីតិវិធី​ស្នើសុំ​ត្រូវ​កំណត់ ដោយ​ក្រសួង​រ៉ែ។ ជាង​នេះ ក្នុងករណី​ទីតាំង​ស្នើសុំ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​មាន​លក្ខណៈ​ជា​សិប្ប កម្ម​ត្រូវមាន​ការបញ្ជាក់​ឯកភាព​ពី​អាជ្ញាធរ​ស្រុក ឬ​ខណ្ឌ​តាម​ដែនដី។

យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួង​រ៉ែ ស្ដីពី​នីតិវិធី បែបបទ និង​លក្ខខណ្ឌ​នៃ​ការផ្ដល់​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ និង​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម សម្រាប់​គោលបំណង​អាជីវកម្ម​ក្រួស ខ្សាច់ ដីឥដ្ឋ និង​ដី​ល្បប់ សិប្បកម្ម​រ៉ែ​ខ្នាតតូច​សំដៅលើ​អាជីវកម្ម​ធនធាន​រ៉ែ​ដែល​ធ្វើ​ដោយ​ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​មូលដ្ឋាន​លើ​ផ្ទៃដី​មិន​លើសពី១ហិកតា ជម្រៅ​ដី​មិន​លើស៥ម៉ែត្រ។ ដោយឡែក ប្រភេទ​អណ្ដូងរ៉ែ​បើក​វិញ គឺមាន​ជម្រៅ​មិន​លើសពី២០ម៉ែត្រ​ទៅ​ក្រោម​ដី។ អាជីវ​កម្មនេះ ប្រើប្រាស់​កម្លាំង​ពលកម្ម​មិន​លើសពី ៧នាក់ និង​ប្រើប្រាស់​ឧបករណ៍​សម្ភារៈ​សាមញ្ញ​ដែលមាន​នៅក្នុង​មូលដ្ឋាន៕


© រក្សាសិទ្ធិដោយ thmeythmey.com