ជាតិ
សង្គមជាតិ
ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថ្មី​ខុសពី​ខ្លោងទ្វា​រចាស់
07, Apr 2015 , 3:44 pm        
រូបភាព

 
អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លោក សោម រតនា បាន​បញ្ជាក់ថា នៅពេលនេះ​ខាង​សហភាព​សហព័ន្ធ​យុវជន កំពុង​រៀបចំ​កែលំអ​រចនាប័ទ្ម​ខ្លោងទ្វា​អង្គ​រស​ង្ក្រា​ន​ថ្មី​ឡើងវិញ។ លោក​បន្ដថា​រចនាប័ទ្ម​ថ្មី​គឺ​នឹងមាន​លក្ខណៈ​បែប​ខ្មែរ​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ច្បាស់​ជាង​មុន​ក្រោយពី​មាន​ភាពចម្រូងចម្រាស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក សោម រតនា បាន​បន្ថែមថា ការកែលំអ​នេះ​គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត និង​ពេញចិត្ត​គ្រប់គ្នា​ចំពោះ​រចនាបទ​របស់​ខ្មែរ ។ «យើង​កែប្រែ​ឲ្យ​មាន​លក្ខណៈ​ខ្មែរ​ជាង​មុន នូវ​ទីតាំង​ទាំងពីរ​កន្លែង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ដើរ​កម្សាន្ដ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ។ យើង​ទទួលយក​ការរិះគន់​ដើម្បី​ស្ថាបនា​របស់​ពួកគាត់ ប៉ុន្ដែ​រចនាប័ទ្ម​មុន​ក៍​ជា​រចនាប័ទ្ម​ខ្មែរ​ដែរ តែបើ​ពួកគាត់​មិន​ពេញចិត្ត យើង​នឹងធ្វើ​ការកែលំអ​ឲ្យ​មាន​លក្ខណៈ​ខ្មែរ​ច្បាស់​ជាង​មុន ដើម្បី​សប្បាយចិត្ត​ទាំងអស់គ្នា»។ នេះ​ជាការ​បញ្ជាក់​របស់លោក សោម រតនា។

អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​រូបនេះ បន្ថែមថា ការកែលំអ​ឡើងវិញ​នេះ គឺ​នឹង​អាច​រៀបចំ​បាន​ទាន់ពេលវេលា មុន​ពិធីបុណ្យ​ចូលឆ្នាំ ដោយ​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​ភ្ញៀវ​មក​កម្សាន្ដ​ទេ។

ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​មួយ​ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ត្រូវបាន​ដុតបំផ្លាញ​កាលពី​យប់​អា​ធ្រា​ត្រ​ថ្ងៃ​អង្គារ ទី០៧ខែមេសា​បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រោម​មតិ​រិះគន់ថា​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នេះ​ជា​រចនាប័ទ្ម​បែប​វៀតណាម និង​ចិន៕




© រក្សាសិទ្ធិដោយ thmeythmey.com