ជាតិ
សង្គមជាតិ
នំអន្សម​យក្ស​ត្រៀម​រៀបចំ​ក្រុង​ពាលី​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ
07, Apr 2015 , 3:55 pm        
រូបភាព
រូបភាព ការដង្ហែនំអន្សមយក្ស កាលពីឆ្នាំ២០១៤។
រូបភាព ការដង្ហែនំអន្សមយក្ស កាលពីឆ្នាំ២០១៤។
សៀមរាប៖ សមាគម​ចុងភៅ​កម្ពុជា ដែលជា​អ្នករៀបចំ​វេច​នំអន្សម​យក្ស បានប្រកាសថា ខ្លួន​នឹង​រៀបចំ​ពិធី​ក្រុង​ពាលី​តាម​ប្រពៃណី​នៅ​ថ្ងៃទី១០ ខែមេសា នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ចំពោះ​ការចាប់ផ្តើម​នៃ​ការ​វេច​នំអន្សម​យក្ស ឆ្នាំ២០១៥ ។



នំអន្សម​យក្ស ដែល​សមាគម​ចុងភៅ​ប្រកាសថា មាន​ទម្ងន់​រហូតដល់ ៣,២១២គីឡូក្រាម នឹង​ចាប់ផ្តើម​ក្រុង​ពាលី​នៅ​ថ្ងៃទី១០ មេសា នៅ​សណ្ឋាគារ អង្គរ​ផា​លេស រី​ស៊​ត និង​ស្ប៉ា (Angkor Palace Resort & Spa) ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ទីក្រុង​សៀមរាប។

បើតាម​ការ​ឲ្យ​ដឹង​ពី​តំណាង​សមាគម​ចុងភៅ នៅ​ថ្ងៃទី៩ មេសា ចាប់ផ្តើម​ដំឡើង​រោង ថ្ងៃទី១០ បន្ទាប់ពី​ពិធី​ក្រុង​ពាលី​ហើយ ចុងភៅ​ដែលមាន​គ្នា​ចំនួន១០០នាក់ នឹង​ចាប់ផ្តើម​ការ​ចំអិន​នំអន្សម​យក្ស។ លោក ចាន់ សុភា បន្ថែមថា ក្រោយ​ចំអិន​បាន២យប់ ២ថ្ងៃ​ហើយ​នោះ នៅ​ថ្ងៃទី១៣ ម៉ោង២រសៀល ក្រុមការងារ​របស់លោក​នឹង​ចាប់​ផ្តើ​ដង្ហែ​នំអន្សម ខ្ពស់​ទៅ​ទីតាំង​បង្ហាញ នៅមុខ​លានជល់ដំរី។ លោក សុភា បញ្ជាក់ថា នៅ​ឆ្នាំនេះ ទាំង​ឧបករណ៍ និង​បច្ចេកទេស​វេច​អន្សម មានគុណ​ភាព​ជាង​ឆ្នាំទៅ ដោយ​ធានា​ទាំង​រសជាតិ​ផង។

ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៤ មេសា នឹង​ចាប់ផ្តើម​ពិធី​សម្ពោធ​នំអន្សម​យក្ស បន្ទាប់ពីនោះ គឺ​ការប្រកួត​ញុំ​ា​នំអន្សម នៅ​ទី​លានជល់ដំរី។ មិន​ថា​ពលរដ្ឋ​នៅ​ខេត្តសៀមរាប ឫ​បណ្តា​ខេត្តផ្សេងៗទេ លាន់មាត់ និង​ចង់ឃើញ​នំអន្សម​ដែលមាន​ទម្ងន់​ជាង៣តោន ដែល​ប្រើ​ថវិកា​ប្រមាណ​ជិត៣ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

គ្រឿងផ្សំ​សម្រាប់​វេច​នំអន្សម​យក្ស​ទម្ងន់​ជាង៣តោន គិត​ជា​គីឡូក្រាម​សរុប​ទាំងអស់ ៣២១២គីឡូក្រាម មាន​អង្ករដំណើប​សុទ្ធ ១០០០ ខ្ទិះដូង ៤៩៩ អំបិល ១៥ សណ្តែកសៀង ៤៥០ សាច់ជ្រូក​បី​ជាន់​ល្អ ៥០៧ ស្ក ៤ ម្រេច៣ ខ្ទឹម ១០ ដើម​ខ្ទឹម ១០ ស្លឹកចេក ៣៣៣ និង​ចំណង ៣៧៥គីឡូក្រាម ដែលមាន​មុខកាត់១ម៉ែត្រ និង​បណ្តោយ៥ ម៉ែត្រ។

គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​ដំបូង​សម្រាប់​នំអន្សម​យក្ស​កាលពី​ឆ្នាំ២០១៤កន្លងទៅ គឺមាន​ទម្ងន់​តែ២តោន​ប៉ុណ្ណោះ។ យ៉ាងណា មានមតិ​រិះគន់ខ្លះៗចំពោះ​ការ​វេច​នៅពេលនោះ ព្រោះ​នំអន្សម​ហាក់​មិនមាន​គុណភាព​ល្អ នៅពេលនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com