ជាតិ
សង្គមជាតិ
បាត់ដំបង៖ សិស្ស​ខ្លះ​លែង​ហ៊ាន​ជូន​កាដូ​គ្រូបង្រៀន ព្រោះ​ខ្លាច​ពាក់ព័ន្ធ​ទង្វើ​ពុករលួយ
07, Apr 2015 , 6:16 pm        
រូបភាព
ដោយ:
រដូវ​កាល​ចូលឆ្នាំ​ប្រពៃណី​បាន​ចូល​មកដល់។ សិស្ស និស្សិត​មួយចំនួន​មាន​ទម្លាប់​ជូនសគុណ ឬ​ជំនូន​ជូន​លោកគ្រូ​អ្នកគ្រូ​របស់​ពួកគេ។ ក្នុងពេល​កន្លងមក ទង្វើ​នេះ​គឺជា​ទិដ្ឋភាព​ធម្មតា។ ប៉ុន្តែ​បច្ចុប្បន្ននេះ ទង្វើ​នេះ​បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិចារណា​ទៅលើ​សកម្មភាព​ពុករលួយ។


ឧ​ត្ត​ម ជា​គរុ​សិស្ស​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តបាត់ដំបង បាន​សារភាពថា លោក​ធ្លាប់​ជូន​ជំនូន​ញឹកញាប់​ទៅ​ឲ្យ​គ្រូបង្រៀន​នាពេល​រដូវ​បុណ្យទាន​ម្តង។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​ផ្លាស់ប្តូរ​ទម្លាប់​នេះហើយ។ អនាគត​គ្រូបង្រៀន​រូបនេះ​បាន​ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់ ដោយសារតែ​រូបគេ​យល់ឃើញថា គេ​មិន​ចង់​ឲ្យ​អ្នកដទៃ​គិត​អាក្រក់​មកលើ​រូបគេ។ «ប្រសិនបើ​អ្នកដទៃ​ឃើញ​ខ្ញុំ​ជូន​ជំនូន​ឲ្យ​លោកគ្រូ​អ្នកគ្រូ គេ​អាច​គិតថា​ខ្ញុំ​ចង់បាន​ពិន្ទុ​ល្អ ឬ​ចង់​ឲ្យ​គ្រូ​ជួយ​ខ្ញុំ​ពេល​ខ្ញុំ​ប្រឡង​ជាដើម»។ នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម។

ពិសី ដែលជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស​និយាយថា នាង​មិនដែល​ចូលចិត្ត​ទង្វើ​ជូន​ជំនូន​ទៅ​គ្រូបង្រៀន​ឡើយ។ សម្រាប់​ពិសី ការទិញ​អំណោយ​ជូន​គ្រូបង្រៀន វា​នឹងធ្វើ​ឲ្យ​មានការ​ជំពាក់ចិត្ត​ទៅវិញទៅមក ដែល​អាច​នាំ​ដល់​មាន​អំពើពុករលួយ។ ពិសី ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«អ្នកខ្លះ​និយាយថា ការជូន​ជំនូន​លោកគ្រូ​អ្នកគ្រូ វា​គឺជា​ផ្តល់​សគុណ ឬ​ការដឹងគុណ​ដល់​ពួកគាត់។ តែ​សម្រាប់​ខ្ញុំ គ្រាន់តែ​យើង​ខិតខំ​រៀន ខំ​ស្ដាប់ យកចិត្តទុកដាក់​ពេល​គ្រូ​ពន្យល់ និង​ប្រឡង​ជាប់​ឲ្យ​ជាប់​ទៅ វា​គឺជា​ការដឹង​គុណគ្រូ​ហើយ»។

ជាការ​ពិត សិស្សានុសិស្ស​ខ្លះ​បាន​ជូន​ជំនូន​គ្រូបង្រៀន​ដោយ​ភ្ជាប់​នឹង​គោលបំណង​ចង់បាន​ពិន្ទុ​ល្អ​មែន នេះ​បើតាម​ការអះអាង​របស់​លោក គិត ប៊ុនថន ដែលជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ថ្មគោល។ លោកគ្រូ ប៊ុន​ថង ក៏​មិនបាន​រារែក​ក្នុងការ​វាយតម្លៃថា ការជូន​កាដូ​បែបនេះ​ពី​សំណាក់​សិស្ស វា​គឺជា​ការប្រព្រឹត្តិ​អំពើពុករលួយ។ លោកគ្រូ​បញ្ជាក់​អំពី​គំនិត​របស់​លោកគ្រូ​ផ្ទាល់​យា់ង​ដូច្នេះ​ថា៖«សម្រាប់​ខ្ញុំ សិស្ស​ណា​ដែល​យក​ជំនូន​របៀប​សំណូក​បែបនេះ​មក​ឲ្យ​ខ្ញុំ គឺ​ខ្ញុំ​មិន​ទទួល​ទេ។ ខ្ញុំ​មិន​ចង់អោយ​មានគុណ​ស្រ័យ​ជាមួយ​សិស្ស​បែបនេះ។ អ្នក​ដែល​ជូន​ជំនូន​បែបនេះ តែងតែ​សង្ឃឹមថា ខ្ញុំ​នឹង​សម្រួល​ដល់​ពួកគេ ពេល​ប្រឡង។ ខ្ញុំ​ស្រលាញ់​កិត្តិយស​ខ្ញុំ ខ្ញុំ​មិនដែល​គិតថា​ត្រូវយក​ជំនូន​អ្វី​ពិ​សិស្ស​ឡើយ»៕




© រក្សាសិទ្ធិដោយ thmeythmey.com