ជាតិ
សង្គមជាតិ
Trip Advisor ប្រគល់​រង្វាន់​ដល់​សៀមរាប​ដែលជា​ប់​ជា​គោលដៅ​ទេសចរណ៍​ល្អនៅអាស៊ីនិងពិភពលោក
08, Apr 2015 , 8:57 am        
រូបភាព
សៀមរាប៖ តំណាង​ទីភ្នាក់ងារ Trip Advisor ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានប្រគល់​រង្វាន់​ដល់​ខេត្តសៀមរាប ដែល​ជាប់​ជា​ជម្រើស​គោលដៅ​ទេសចរណ៍​លេខ១នៅ​អាស៊ី និង​លេខ២នៅលើ​ពិភពលោក។



ពានរង្វាន់​គោលដៅ​ទេសចរណ៍​ដ៏​ប្រឌិត​ចំណាត់ថ្នាក់​លេខ១នៅ​អាស៊ី និង​លេខ២នៅលើ​ពិភពលោក ត្រូវបាន​តំណាង​ទីភ្នាក់ងារ Trip Advisor ប្រគល់ជូន​រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៍ហើយ​កាលពី​យប់​ថ្ងៃទី៧ មេសា​ម្សិលមិញ។ ភ្នាមៗនោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ប្រគល់​រង្វាន់​នោះ ដល់​អភិបាល​ខេត្តសៀមរាប ដែលមាន​ស្នាដៃ​ក្នុងការ​បាន​ពានរង្វាន់​នោះ។
 
Trip Advisor គឺជា​ទីភ្នាក់ងារ​ទេសចរណ៍​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក ដែល​ផ្តល់​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ​ទេសចរណ៍​ដ៏​មាន​ឥទ្ធិពល និង​មានការ​ជឿទុកចិត្ត​ពី​ភ្ញៀវទេសចរ។ កាលពី​ថ្ងៃទី២៤ ខែ​មិនា​កន្លងទៅ Trip Advisor ដែលមាន​អ្នកទស្សនា​តាម​វេ​ប​សាយ​ក្នុង​មួយថ្ងៃ ៣១៥លាន​នាក់​នោះ បានដាក់​គោលដៅ​ទេសចរណ៍ប្រណិតៗចំនួន២៥លើ​ពិភពលោក ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត។ ជា​លទ្ធផល​ខេត្តសៀមរាប អង្គរ ទទួលបាន​ចំណាត់​គួរ​ជាទី​មោទនភាព។


ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់​ដែល​រៀបចំឡើង​នៅ​ផ្លូវ​ផាប់​ស្ទ្រី​ត លោក ថោង ខុន ថ្លែងថា នេះ​ជា​មោទនភាព​សម្រាប់​ខេត្តសៀមរាប ក៏ដូចជា​ពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល​ដែរ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ធ្វើយ៉ាងណា ថែរក្សា​រង្វាន់​នេះ​នៅឆ្នាំក្រោយៗទៀត រួម​និង​ចំណាត់ថ្នាក់​ផ្ការំដួល៣ទង សម្រាប់​ទីក្រុង​ស្អាត ដែល​ទើប​ទទួលបាន​ពី​រាជរដ្ឋាភិបាល​កាលពីពេលថ្មីៗជាដើម។

តាម​ការបញ្ជាក់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច​ន្លោះ​ពី ៧ពាន់ ទៅ១ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ហើយ​ប្រមាណ ២លាន​នាក់​ក្នុងមួយឆ្នាំៗ ។ វិស័យ​ទេសចរណ៍ បានរួម​ចំណែក​ខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ជារួម​នៅក្នុង​ខេត្តសៀមរាប មាន​ពលរដ្ឋ​ប្រមាណ ៧៥ពាន់​នាក់ កំពុង​បម្រើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ក្នុងនោះ​មាន​ពលរដ្ឋ​សៀមរាប​ផ្ទាល់​ចំនួន ៧០ភាគរយ៕





© រក្សាសិទ្ធិដោយ thmeythmey.com